បាត់ដំបងៈ នគរបាល​ព្រហ្មទណ្ឌ​ខេត្តបាត់ដំបង កាលពី​ម្សិលមិញ​បាន​បញ្ជូន​បុរស​ម្នាក់​ទៅ​សាលាដំបូង​ខេត្ត បន្ទាប់ពី​ឃាត់ខ្លួន​បាន​ ១ ​ថ្ងៃ​ពាក់ព័ន្ធ​ករណី​ប្រើ​ចបកាប់​ទៅលើ​នារី​ម្នាក់​បណ្ដាល​ឱ្យស្លាប់ ប្រព្រឹត្ត​នៅ​ភូមិ-ឃុំ​តាស្តា ស្រុក​សំពៅលូន ខេត្ត​បាត់ដំបង​។

លោក លឹម ពុទ្ធីឡា ស្នងការរង​ទទួល​ផែនការ​ងារ​នគរបាល​ព្រហ្មទណ្ឌ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​បានឱ្យ​ភ្នំពេញ​ប៉ុស្តិ៍​ដឹង​កាលពី​ម្សិលមិញ​ថា​ជនសង្ស័យ​ឈ្មោះ លឹម រ៉ុង អាយុ​ ៣០ ​ឆ្នាំ​ដែល​សង្ស័យថា​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​មនុស្សឃាត​នេះ​គឺ​សមត្ថកិច្ច​របស់លោក​បាន​បញ្ជូនទៅ​សាលាដំបូង​​ខេត្ត​បាត់ដំបង​នៅ​រសៀល​ថ្ងៃទី​ ៣០ ខែមិថុនា​។

លោក​ថា​៖ «​គាត់​ជាប់​សង្ស័យថា បានសម្លាប់​មនុស្ស​។ ​ដូច្នេះ​សមត្ថកិច្ច​របស់ខ្ញុំ​អនុវត្ត​ទៅតាម​នីតិវិធី​ច្បាប់​។ បើ​តុលាការ​រកឃើញ​ថា គាត់​ប្រព្រឹត្ត​បទល្មើស​នឹងត្រូវ​ប្រឈម​មុខ​ផ្លូវច្បាប់​»​។

ដោយឡែក លោក លី រ៉ុម អធិការរង​នគរបាល​ស្រុក​សំពៅលូន​ប្រាប់​កាលពី​ម្សិលមិញ​ដែរ​​ថា ជនសង្ស័យ​រូបនេះ​កាលពី​នៅ​ដំណាក់កាល​សាកសួរ​នៅ​នគរបាល​ប៉ុស្តិ៍​ឃុំ​តាស្តា គឺ​គាត់​មិនបាន​ប្រាប់​ឈ្មោះ​របស់គាត់​ទេ​។ ប៉ុន្តែ​លុះ​បញ្ជូន​មកដល់​អធិការដ្ឋាន​នគរបាល​ស្រុក​ទើប​​គាត់​ប្រាប់​សមត្ថកិច្ច​ថា ឈ្មោះ លឹម រ៉ុង អាយុ​ ៣០ ​ឆ្នាំ​រស់នៅ​ភូមិ​ដំណាក់ក្សាន្ត ឃុំ ប៊ួ ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង​។ ចំណែក​​ឯ​ភាគី​ខាង​ស្ត្រី​រងគ្រោះ​គ្មាន​នរណា​ស្គាល់ឈ្មោះ​គាត់​ទេ តែ​មាន​អាយុ​ប្រហែល​ជាង​ ៣០ ​ឆ្នាំ​ដែល​អ្នកខ្លះ​ថា​ស្ត្រី​រងគ្រោះ​ក៏​ជា​ជនអនាថា និង​មិនមែន​ជា​អ្នករស់នៅ​ក្នុងភូមិ​កើតហេតុ​ទេ​។

លោក​បាន​បន្តថា ចំពោះ​ជនសង្ស័យ​វិញ​នៅពេល​សមត្ថកិច្ច​​របស់លោក​សួរចម្លើយ​គឺ​ហាក់​មាន​សតិ​មិន​ប្រក្រតី ប៉ុន្តែ​គាត់​អាច​ចាំ​និង​ឆ្លើយ​ប្រាប់​ឈ្មោះ​របស់គាត់​បាន​។ ​ចំពោះ​មូលហេតុ​​នៃ​ការសម្លាប់​ស្ត្រី​រងគ្រោះ​វិញ​ គឺ​ជនសង្ស័យ​បាន​ប្រាប់​លោក​ថា​គាត់​បាន​ស្រឡាញ់​គ្នា​ជាមួយ​ស្ត្រី​រងគ្រោះ​ប្រមាណ​ ២ ​ទៅ​ ៣ ​ថ្ងៃមុន​ថ្ងៃ​កើតហេតុ​។ ​លុះ​នៅ​​វេលា​ម៉ោង​ប្រមាណ​ជាង​ ១ ​រំលង​​អធ្រាត្រ​ឈានចូល​ថ្ងៃទី​ ២៩ ​មិថុនា គាត់​បាន​ដើរមក​កន្លែង​រោងឈើ​ ១ ដែល​ស្ត្រី​រងគ្រោះ​កំពុង​ដេក​នៅ​ក្នុង​នោះ ហើយ​គាត់​ក៏បាន​យក​ចបកាប់​ទៅ​កាប់​ស្ត្រី​រងគ្រោះ​ស្លាប់​តែម្តង​ទៅ​។

លោក​អធិការរង​បាន​បន្តថា​ ក្រោយពី​សម្លាប់​ស្ត្រី​រងគ្រោះ​រួច​គាត់​បាន​អូស​នាង​ចេញ​ក្រៅ​រោង ហើយ​ក៏​ដើរ​ចេញ​ពី​កន្លែង​​កើតហេតុ​រហូត​ដល់​ភ្លឺ​ទើប​គាត់​មកឈរ​មើល​សាកសព​វិញ​ហើយ​​ក៏ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​តែម្តង​។

ចំពោះ​មូលហេតុ​ដែល​នាំឱ្យ​សម្លាប់​ស្ត្រី​នោះ​គឺ​ជនសង្ស័យ​ឆ្លើយ​ថា​មកពី​ខឹង​នឹង​ជនរងគ្រោះ ហើយ​ម្យ៉ាង​កន្លែង​នោះ​មាន​សភាព​ស្ងាត់​ល្អ​ផង​គាត់​ក៏​សម្លាប់​តែម្ដងទៅ​។ ​ជនសង្ស័យ​ជា​មនុស្ស​អនាថា គ្មាន​កន្លែង​ស្នាក់នៅ​ពិតប្រាកដ​ទេ​ហើយ​បាន​មក​រស់នៅ​តាម​ផ្សារ​ដើរ​សុំទាន​គេ​នៅ​ស្រុក​សំពៅលូន​។

លោក​បញ្ជាក់ថា​៖ «​ករណីនេះ​បើ​ខ្ញុំ​មើល​សភាព​ខាងក្រៅ​ឃើញ​​សតិ​របស់គាត់​មិន​សូវ​ជា​ប្រក្រតី​ទេ​ តែ​យើង​ក៏​មិន​ហ៊ាន​សន្និដ្ឋាន​​ថា​គាត់​ជា​ជនវិកលចរិត​ដែរ​ព្រោះ​គ្មាន​ឯកសារ​ណា​សំអាង​ថា​គាត់​ជា​មនុស្ស​វិកលចរិត​ទេ​។ បើ​ទោះ​​ជា​យ៉ាងណា​ក៏​គាត់​បាន​ប្រព្រឹត្ត​អំពើ​សម្លាប់​មនុស្ស​ដែរ​»​។

ទាក់ទង​នឹង​ករណីនេះ លោក ខាន់ ភា នាយ​នគរបាល​ប៉ុស្តិ៍​ឃុំ តាស្តា កាលពី​ម្សិលមិញ​ក៏បាន​ឱ្យដឹង​តាមរយៈ​សាក្សី​នៅ​កន្លែងកើតហេតុ​ដែរ​ថា​ទាំង​ស្ត្រី​រងគ្រោះ​​ទាំង​ជនសង្ស័យ​សុទ្ធតែ​ជា​មនុស្ស​​វិកលចរិត​ដូចគ្នា ហើយ​ពួកគេ​បាន​ដេក​នៅ​ជាមួយ​គ្នា​ ២-៣ ​ថ្ងៃ​ហើយ​។ ​នៅ​ល្ងាច​ថ្ងៃទី​ ២៨ ​មិថុនា ​គេ​បានឃើញ​ជនសង្ស័យ​ និង​ស្ត្រី​រងគ្រោះ​ឈ្លោះប្រកែក​គ្នា​លុះ​​ដល់​រំលង​អធ្រាត្រ​ក៏​កើតមាន​អំពើ​កាប់សម្លាប់​គ្នា​តែម្តង​។

នៅត្រង់​ក្បាល​ស្ត្រី​រងគ្រោះ​ឃើញ​​មាន​ស្នាម​កាប់​នៅលើ​ចិញ្ចើម​ ១ ​កន្លែង នៅត្រង់​សៀតផ្កា​ ១ ​កន្លែង និង​នៅលើ​ក្បាល​ ១ ​កន្លែង​។

លោក​ថា​៖ «​សមត្ថកិច្ច​ចាប់​គាត់​បាន​ ដោយសារ​គាត់​មក​​ឈរ​មើល​សាកសព ហើយ​នៅ​ដៃ​មាន​ប្រឡាក់​ឈាម​ផង​។ ​ពេល​​នោះ​សមត្ថកិច្ច​ដែល​កំពុង​ធ្វើ​កោសល្យវិច័យ​សួរ​ទៅ​ជនសង្ស័យ​ថា មាន​បាន​សម្លាប់​ជនរងគ្រោះ​ទេ​? គាត់​ថា គាត់​ជា​អ្នក​សម្លាប់​។ ហេតុនេះ​សមត្ថកិច្ច​ក៏​ចាប់គាត់​ទៅ​»៕