ភ្នំពេញៈ លោក​ វេ​ង សាខុន​ រដ្ឋមន្ត្រីក្រសួង​កសិកម្ម ​រុក្ខា​ប្រ​ម៉ាញ់​និង​នេសាទ​ បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ និងអាជ្ញាធរ​​ពាក់ព័ន្ធ​ទាំងអស់ ចូលរួម​ទប់ស្កាត់​ឲ្យ​បាន ​នូវ​សកម្មភាព​កាប់បំផ្លាញ​ព្រៃ​លិច​ទឹក ដែលជា​ដែន​ជម្រក​របស់​មច្ឆជាតិ និងការយក​បឹង​ព្រែក​ប្រើប្រាស់​ខុស​គោលដៅ​នេសាទ​គ្រួសារ ដូចជា​ការដាំ​ឈូក ឬ​ចាក់ដី​ចូល​លុប​ដើម្បី​កសាង​សំណង់ផ្សេងៗ។

ការ​អំពាវ​នាវ​របស់​លោក ​វេ​ង សាខុន បាន​ធ្វើ​ឡើង​តាម​បណ្ដាញ​សង្គម​ផ្លូវការ​របស់លោក កាលពី​ថ្ងៃទី ៣០ ខែ មិថុនា ឆ្នាំ ២០២១ ​ក្នុង​គោលបំណង​បំផុស​ចលនា ប្រជាពលរដ្ឋ​ ឱ្យ​ចូលរួម​ការពារ​ធនធាន​មច្ឆជាតិ និងដើម្បី​អបអរ​សារ​ទរ «ទិវា​មច្ឆាជាតិ ១ កក្កដា» ឆ្នាំ២០២១។

នៅក្នុង​សារ​នោះ លោក សាខុន បាន​គូសបញ្ជាក់ថា៖«ចាប់តាំងពី​ឆ្នាំ២០០៣ មកទិវា​មច្ឆជាតិ​ ត្រូវបាន​ប្រារព្ធ​ជា​រៀងរាល់ឆ្នាំ ដោយមាន​ការលែង​មេ​ពូជ​ត្រី កូន​ត្រី និង​វា​រី​សត្វ ពូជ​ក្នុងស្រុក​ ប្រមាណ៥លាន​កូន​ក្នុង១ឆ្នាំៗ ចូលទៅក្នុង​ដែនទឹក​ធម្មជាតិ ដើម្បី​បង្កើន​ផល​ស្តុក​មច្ឆជាតិ ឱ្យ​កើនឡើង សម្រាប់​ជួយ​ទ្រទ្រង់​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន»។

លោក​​បន្តថា ប៉ុន្តែ​ក្រោយពី​កើតមាន​ហានិភ័យ​ នៃ​វិបត្តិ​ឆ្លង​រីក​រាលដាល​ជំងឺ​កូ​វីដ ១៩ នៅ​ឆ្នាំ ២០២០ និង ឆ្នាំ ២០២១ នេះ ត្រូវបាន​អាក់ខាន​រៀបចំ​ធ្វើជា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ ប៉ុន្តែ​ការលែង​កូន​ត្រី​ទៅក្នុង​ដែនទឹក​ធម្មជាតិ​នៅតែ​បន្តធ្វើ នៅតាម​មូលដ្ឋាន​សហគមន៍ ជា​លក្ខណៈ​ទ្រង់ទ្រាយ​តូច។

ជាមួយគ្នានេះ លោក​ សាខុន បានលើកឡើង​នូវ​អនុសាសន៍៧ចំណុច ​របស់​លោកនាយ​ក​រដ្ឋមន្ត្រី​ ហ៊ុន សែន ដែល​ក្នុង​នោះបាន​សង្កត់ធ្ងន់​ ទៅលើ​ការហាមឃាត់​ជាដាច់ខាត ​នូវ​ការប្រើប្រាស់​ឧបករណ៍​នេសាទ​ខុសច្បាប់ ការនេសាទ​ត្រី​ក្នុង​រដូវ​ពង​កូន ការកាប់បំផ្លាញ​ព្រៃ​លិច​ទឹក​ ដែលជា​ជម្រក​ត្រី​ពង​កូន និង​ការយក​បឹង​ព្រែក​ប្រើប្រាស់​ខុស​គោលដៅ​នេសាទ​គ្រួសារ ដូចជា​ការដាំ​ឈូក ឬ​ចាក់ដី​ចូល​លុប​ ដើម្បី​កសាង​សំណង់ផ្សេងៗ។

លោក​បាន​​ជំរុញ​ឲ្យ​ពលរដ្ឋ ពិសេស​ប្រជា​នេសាទ និងអាជ្ញាធរ​ពាក់ព័ន្ធ​គ្រប់លំដាប់​ថ្នាក់​ ចូលរួម​អនុវត្ត​ឲ្យ​មាន​ប្រសិទ្ធិភាព ដើម្បី​ជា​ប្រយោជន៍​ក្នុងការ​ធានាបាន​នូវ​នីរ​ន្ត​រ​ភាព​ធនធាន​មច្ឆជាតិ​នៅ​កម្ពុជា​ សម្រាប់​បំពេញ​សេចក្ដីត្រូវការ​ចាំបាច់រ​បស់​មនុស្សជាតិ​គ្រប់​ជំនាន់។

វិស័យ​ជលផល​ជា​ប្រភព​ចម្បង និង​ចាំបាច់​សម្រាប់​អាហារូបត្ថម្ភ និង​ប្រាក់ចំណូល​សម្រាប់​ប្រជាជន​កម្ពុជា ព្រមទាំង​មាន​ឥទ្ធិពល​ទៅលើ​វិស័យ​វប្បធម៌​ផងដែរ។ នេះ​បើ​យោងតាម​ការសិក្សា​ស្រាវជ្រាវ​មួយ​របស់ អង្គការ Wonders of the Mekong ដែល​បាន​ផ្សាយ​កាលពី​ថ្ងៃទី ៣០ ខែ មិថុនា ​ឆ្នាំ ២០២១។

អង្គការ​នេះ​បាន​រកឃើញថា ​វិស័យ​ជលផល​បានផ្តល់​មុខរបរ​ដល់​ប្រជាជន​កម្ពុជា ជាង ៦ លាន​នាក់​ ដែល​រស់នៅ​តាម​ដង​ទន្លេ​នានា​ជុំវិញ​បឹង​ទន្លេសាប ទន្លេមេគង្គ និង​តាម​បណ្ដាញ​ទន្លេ​មួយចំនួនទៀត រួមទាំង​នៅតាម​តំបន់ឆ្នេរ ស្មើនឹង ៤៥,៥ ភាគរយ នៃ​ប្រជាជន​ទូទាំងប្រទេស។ ក្នុងនោះ​បានផ្តល់​មុខរបរ​នេសាទ​ជា​លក្ខណៈ​អាជីព ១០,៥ ភាគរយ និង​ជា​លក្ខណៈ​គ្រួសារ​ចិញ្ចឹមជីវិត ៣៥ ភាគរយ។

របាយការណ៍​ស្រាវជ្រាវ​របស់​អង្គការ​នេះ បាន​គូសបញ្ជាក់ថា៖ «ត្រី​ពិតជា​ចាំបាច់​ណាស់​សម្រាប់​ប្រជាជន​កម្ពុជា ទាំង​ការ​ផ្ដល់​​​អាហារ​រូប​ត្ថ​ម្ភ និង​សុខុមាលភាព​របស់​ពួកគេ»។

របាយការណ៍​បាន​លើកឡើងថា គិត​ចាប់តាំងពី​ឆ្នាំ ២០០០ មក ផល​នេសាទ​ត្រី​ទឹកសាប​ក្នុងប្រទេស​កម្ពុជា បាន​ជាប់​ចំណាត់ថ្នាក់​ទី៤ លើ​ពិភពលោក​ បន្ទាប់ពី​ប្រទេសធំៗ ចំនួន​បី​មានដូចជា៖ ប្រទេស​ចិន ឥណ្ឌា និងប្រទេស​បង់​ក្លា​ដែ​ស។ ប៉ុន្តែ បើ​គិតពី​ផល​នេសាទ​ត្រី​ទឹកសាប ដែល​ប្រជាជនម្នាក់ៗ ទទួលបាន​វិញ ប្រទេស​កម្ពុជា​បានជា​ប់​ចំណាត់ថ្នាក់​ទី១ នៅលើ​ពិភពលោក។

ជាប្រចាំ​ឆ្នាំ ប្រជាជន​កម្ពុជា​ម្នាក់ ហូប​ត្រី​អស់ ៣៧,៥ គីឡូក្រាម​ ក្នុង​មួយឆ្នាំ ដែល​ត្រូវបាន​ចាត់ទុកថា ជា​ជនជាតិ​មួយ ក្នុងចំណោម​ជនជាតិ​ជាច្រើន ដែល​ហូប​ត្រី​ច្រើនជាងគេ​ លើ​ពិភពលោក។ នៅតាម​តំបន់​វាលទំនាប​ជុំវិញ​បឹង​ទន្លេសាប និង​ទន្លេមេគង្គ ប្រជាជន​កម្ពុជាម្នាក់ៗ ហូប​ត្រី​អស់ ៦៧ គីឡូក្រាម ក្នុង​មួយឆ្នាំ ច្រើនជាង​ប្រជាជន​ក្នុងប្រទេស​ជាច្រើន​លើ​ពិភពលោក ដែល​ហូប​ត្រី​ជា​មធ្យម​អស់ ១៥ គីឡូក្រាម ក្នុង​ប្រជាជន​ម្នាក់​ប៉ុណ្ណោះ។ នេះ​បើ​យោងតាម​របាយការណ៍រ​បស់​ជលផល​កម្ពុជា ឆ្នាំ២០១៧៕

វីដេអូ៖