
លោក ស ខេង ក្នុងពិធីផ្ដេរតំណែងអភិបាលខេត្តកំពង់ឆ្នាំង នៅថ្ងៃទី ១ កក្កដានេះ។ រូបថត Sar Kheng page
កំពង់ឆ្នាំងៈ លោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីមហាផ្ទៃបានណែនាំអភិបាលខេត្តកំពង់ឆ្នាំងថ្មី ឱ្យយកចិត្តទុកដាក់ធ្វើការរួមគ្នាជាមួយមន្ទីរជំនាញនានាលើការលើកម្ពស់គុណភាពសេវាសាធារណៈ ដោះស្រាយបញ្ហាភូមិឃុំមានសុវត្ថិភាព គ្រឿងញៀន និងបន្តចូលរួមឱ្យបានសកម្ម ប្រកបដោយប្រសិទ្ធភាពក្នុងការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩។
ការថ្លែងរបស់លោក ស ខេង ដូចនេះបានធ្វើឡើងនៅខេត្តកំពង់ឆ្នាំងនាថ្ងៃទី ១ ខែកក្កដានេះ ក្នុងពិធីប្រកាសចូលកាន់តំណែងថ្មីរបស់លោក ស៊ុន សុវណ្ណារិទ្ធិ ជាអភិបាលខេត្តកំពង់ឆ្នាំង ជំនួសឯកឧត្តម ឈួរ ច័ន្ទឌឿន។
ក្រៅពីនោះលោកឧបនាយករដ្ឋមន្ត្រី ស ខេង បានជំរុញឱ្យរដ្ឋបាលខេត្តបន្តថែរក្សានិងពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈដើម្បីបង្កបរិយាកាសអំណោយផលដល់ការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ។អាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវពង្រឹងការគ្រប់គ្រងសភាពការណ៍តាមមូលដ្ឋាន ដើម្បីដាក់ចេញវិធានការទប់ស្កាត់ឱ្យបានទាន់ពេលវេលានូវសកម្មភាព ការផ្សព្វផ្សាយព័ត៌មានមិនពិត និងភាពចលាចល ពិសេសកម្មភាពប៉ុនប៉ងផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។
លោកបានបញ្ជាក់ថា៖ «ត្រូវយកចិត្តទុកដាក់អប់រំប្រជាពលរដ្ឋឱ្យចូលរួមគោរពច្បាប់ ការពារផលប្រយោជន៍សាធារណៈ ផលប្រយោជន៍សហគមន៍ និងចៀសវាងការចូលរួមក្នុងសកម្មភាពផ្ទុយពីច្បាប់ ដែលធ្វើឱ្យប៉ះពាល់សន្តិសភាព និងស្ថិរភាពនយោបាយព្រមទាំងយកចិត្តទុកដាក់ដោះស្រាយជម្លោះនៅមូលដ្ឋានឱ្យបានល្អ ដោយចៀសវាងឱ្យបាននូវការប្រើប្រាស់អំពើហិង្សាគ្រប់រូបភាព»។
ជាមួយគ្នានេះ លោក ស ខេង ក៏បានជំរុញការនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាពទាំង ៧ ចំណុច ពិសេសការជួញដូរ ការចែកចាយ ការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ព្រោះបញ្ហាគ្រឿងញៀនបាននិងកំពុងបង្កឱ្យមានបញ្ហាប្រឈមជាច្រើនក្នុងសង្គមដែលត្រូវដោះស្រាយក្នុងរយៈពេលចំពោះមុខ និងរយៈពេលយូរអង្វែង។
លោកបានថ្លែងថា៖ «ហេតុនេះត្រូវខិតខំពុះពារជម្នះប្រកបដោយឆន្ទៈនយោបាយ និងការប្ដេជ្ញាចិត្តឱ្យបានមុតមាំដើម្បីអនុវត្តវិធានការនានាក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ដោយចាត់ទុកយុទ្ធនាការនេះជាផ្នែកមួយនៃការលើកកម្ពស់យុត្តិធម៌សង្គម ជាផ្នែកមួយនៃការប្រយុទ្ធប្រឆាំងនឹងបទល្មើសសម្អាតប្រាក់ និងការរីកសាយអាវុធមហាប្រល័យជាដើម» ។
បើតាមលោក ស ខេង ការជម្នះបញ្ហាគ្រឿងញៀនក៏ជាផ្នែកមួយនៃការប្រយុទ្ធប្រឆាំងអំពើភេវរកម្ម និងឧក្រិដ្ឋកម្មគ្រប់ប្រភេទជាផ្នែកមួយនៃការកាត់ផ្ដាច់ទំនាក់ទំនងរបស់ក្រុមសង្គមងងឹតពីខាងក្រៅនិងមកខាងក្នុងប្រទេស និងទប់ស្កាត់ការកើតក្រុមសង្គមងងឹតក្នុងប្រទេស ដែលជាផ្នែកមួយនៃការធ្វើឱ្យមានបរិយាកាសសុខសន្តិភាព ស្ថិរភាព និងសណ្ដាប់សាធារណៈ ជាផ្នែកមួយនៃការបង្កើនភាពកក់ក្ដៅ និងភាពសុខដុមរមនានៅក្នុងក្រុមគ្រួសារ ប្រជាពលរដ្ឋក្នុងសង្គម និងជាផ្នែកមួយនៃការចូលរួមធនធានសង្គមដូចជាថវិកាជាតិ និងទ្រព្យសម្បត្តិប្រជាពលរដ្ឋ។
លោក ស្រ៊ន សំឫទ្ធី អភិបាលរង និងជាអ្នកនាំពាក្យរដ្ឋបាលខេត្តកំពង់ឆ្នាំងថ្លែងថា អភិបាលខេត្តកំពង់ឆ្នាំងថ្មីបានប្តេជ្ញា បន្តអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាលក្នុងការបន្តការងាររបស់រដ្ឋបាលខេត្ត ប៉ុន្តែលោកមិនបានបង្ហាញពីការងារអាទិភាពណាមួយដែលត្រូវធ្វើដំបូងនោះទេ។
លោកថ្លែងថា៖ «គាត់បន្តការងារដែលអភិបាលខេត្តចាស់បានរៀបចំកន្លងមក ធ្វើតាមការណែនាំរបស់សម្តេចក្រឡាហោម និងបូកជាមួយកិច្ចការផ្សេងៗដែលរាជរដ្ឋាភិបាលបានដាក់ចុះ»៕