សៀមរាបៈ ​លោក​ទេស​រដ្ឋមន្ត្រី ​លី ​ធុជ ​អនុ​ប្រធាន​ទី​១​ អាជ្ញាធរ​មីន ​បាន​អំពាវនាវ​ដល់​ប្រទេស​ម្ចាស់​ជំនួយ​ដៃគូ​អភិវឌ្ឍន៍​ និង​គ្រប់ភាគី​ពាក់ព័ន្ធ​សកម្មភាព​មីន ​ចាំបាច់​ត្រូវ​បន្ត​រួបរួមគ្នា ​និង​ប្តេជ្ញា​គាំទ្រ​គ្នា​ទៅវិញទៅមក​ ដើម្បី​បង្កើន​សមត្ថភាព​វិ ស័​យ​សកម្មភាព​មីន ​ដើម្បី​ធានា​ឲ្យ​បាន​សុខ​សន្តិភាព ​និង​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព​។​

លោក ​លី ​ធុជ ​បាន​ថ្លែង​ក្នុង​សុន្ទរកថា​បើក​សិក្ខាសាលា​ស្តីពី​ការ​សម្រេចបាន​នូវ​ការអភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព ​និង​ការអភិវឌ្ឍ​ប្រកប​ដោយ​បរិ​យា​ប័ន្ន​នៅក្នុង​ប្រទេស​ដែល​រង​ផល​ប៉ះពាល់​ដោយ​គ្រាប់មីន ​និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម ​កាល​ពី​ ថ្ងៃទី​ ១ ខែ កក្កដា ​ឆ្នាំ​ ២០២១ ​នៅ​ខេត្តសៀមរាប​។ ​សិក្ខា​សាលា​នេះ​ឧបត្ថម្ភ​គាំទ្រ​ដោយ​ស្ថានទូត​ឥណ្ឌូ​នេស៊ី​ប្រចាំ​នៅ​កម្ពុជា​។

លោក​បាន​ថ្លែងថា​៖ «​ខ្ញុំ​សូម​អំពាវនាវ​ឲ្យ​ប្រទេស​ម្ចាស់​ជំនួយ ​ដៃគូ​អភិវឌ្ឍន៍ ​និង​​គ្រប់ភាគី​ពាក់ព័ន្ធ​សកម្មភាព​មីន ​ចាំបាច់​ត្រូវ​បន្ត​រួបរួមគ្នា ​និង​ប្តេជ្ញា​គាំទ្រ​គ្នា​ទៅវិញ​ទៅមក​ ដើម្បី​បង្កើន​សមត្ថភាព​វិស័យ​សកម្មភាព​មីន​ ដើម្បី​ធានា​ឲ្យ​បាន​សុខ​សន្តិភាព​ និង​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព​»​។

លោក ​លី ​ធុជ ​បាន​ថ្លែង​ដោយ​សង្ឃឹម​ថា​ តាមរយៈ​សិក្ខាសាលា​នេះ នឹង​ផ្តល់នូវ​ទិសដៅ​ត្រឹមត្រូវ​ឆ្ពោះទៅរក​ការបង្កើន​ប្រសិទ្ធភាព​សកម្មភាព​មីន​ក្នុង​ការជួយ​សម្រេចបាន​នូវ​ចក្ខុវិស័យ​របៀបវារៈ​ឆ្នាំ​ ២០៣០​ នៃ​ការ​ធានាថា «​គ្មាន​នរណាម្នាក់​នៅ​សេសសល់​ក្លាយជា​ការពិត​ ដែល​រាល់​លទ្ធផល​នៃ​ការ​ពិភាក្សា ​នឹងត្រូវ​បាន​ប្រែក្លាយ​ទៅជា​សកម្មភាព​ប្រកប​ដោយ​អត្ថន័យ​នៅ​ថ្នាក់ជាតិ ​និង​ថ្នាក់​តំបន់​។​

លោក​ថ្លែ​ថា​៖ «​ខ្ញុំ​សូម​វាយ​តម្លៃ​ខ្ពស់​ចំពោះ​ទំនាក់​ទំនង ​និង​កិច្ច​សហ​ប្រតិបត្តិការ​ជា​ប្រវត្តិសាស្ត្រ​រវាង​កម្ពុជា​ និង​ឥណ្ឌូនេស៊ី​ក្នុងការ​ចូលរួម​គាំទ្រ​ដល់​ការ​អភិវឌ្ឍ ​និង​ការ​ធានាបាន​នូវ​ស្ថេរភាព​នយោបាយ​»​។​

លោក​បាន​លើក​ឡើង​ថា​ ​សកម្មភាព​មីន​ពិត​ជាមាន​តួនាទី​សំខាន់​ក្នុងការ​ដោះស្រាយ​បញ្ហា​ប្រឈម​មនុស្សធម៌​ជា​បន្ទាន់​ ដែល​បណ្តាល​មកពី​វត្តមាន​នៃ​គ្រាប់មីន​គ្រាប់បែក​ចង្កោម​ និង​សំណល់​ជាតិ​ផ្ទុះ​ដទៃទៀត​ក្នុង​សម័យ​សង្គ្រាម​ ព្រមទាំង​បានធ្វើ​ឲ្យ​បណ្តា​ប្រទេស​ដែល​នៅតែ​រង​ផល​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដូច​ជា ​កម្ពុជា ​ឡាវ​ មី​យ៉ាន់​ម៉ា ​ថៃ​ វៀតណាម​ និង​ហ្វីលីពីន​ត្រូវការ​ការគាំទ្រ​បន្ទាន់​ពី​បណ្តា​ប្រទេស​ដែល​មិន​រង​ផល​ប៉ះពាល់ ​និង​ប្រទេស​ម្ចាស់​ជំនួយ​។

លោក​ថ្លែងថា ​រយៈពេល ​៣០ ​ឆ្នាំ​ចុង​ក្រោយនេះ ​សកម្មភាព​មីន និង​សហគមន៍​អភិវឌ្ឍន៍​ បាន​ធ្វើការ​រួមគ្នា​ជា​ដៃគូ​យ៉ាង​ជិតស្និទ្ធ​ក្នុងការ​រំដោះ​ផ្ទៃដី​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ប្រកបដោយ​សុវត្ថិភាព​ ផ្តល់នូវ​ផល​វិជ្ជមាន​ភ្លាមៗ​ និង​បាន​រួម​ចំណែក​ដល់​ការ​ស្តារ​ឡើង​វិញ ​និង​កិច្ចខិតខំ​ប្រឹងប្រែង​អភិវឌ្ឍន៍​រយៈពេល​វែង​នៅក្នុង​ប្រទេស​ដូចជា ​កម្ពុជា​ ឡាវ​ ​វៀត​ណាម​ និង​ថៃ​។

រាជរដ្ឋា​ភិបាល​កម្ពុជា ​បាន​បង្ហាញ​ពី​ការប្តេជ្ញា​ចិត្ត​រឹងមាំ ​និង​ស្ថិត​ស្ថេរ​របស់ខ្លួន​ក្នុងការ​កម្ចាត់​គ្រាប់មីន​ដែល​ត្រូវបាន​ស្គាល់​អោយអស់​នៅត្រឹម​ឆ្នាំ​ ២០២៥ ​ព្រម​ទាំង​បាន​ចាត់ទុក​វិស័យ​បោស​សម្អាត​មីន​ ចូលរួម​គាំពារ​ដល់​សុខ​សន្តិភាព​ និង​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​។​

លោក ​Sudirman Haseng ​ឯក​អគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​ឥណ្ឌូនេស៊ី​ប្រចាំ​នៅ​កម្ពុជា​ ថ្លែងក្នុង​សុន្ទរកថាថា ​ឥណ្ឌូនេស៊ី​ប្តេជ្ញា​ចូលរួម​យ៉ាងសកម្ម​ក្នុង​សកម្មភាព​កម្ចាត់មីន​។​ ការប្តេជ្ញាចិត្ត​របស់​ឥណ្ឌូនេស៊ី​ត្រូវបាន​បញ្ជូន​ជា​ចម្បង​តាមរយៈ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន ​និង​អាស៊ាន​បូក ​ស្តីពី​សកម្មភាព​មីន​ដើម្បី​មនុស្សធម៌​។​

លោក​ថ្លែងថា​៖ «​សិក្ខា​សាលា​ថ្ងៃនេះ គឺ​ដើម្បី​បំពេញ​នូវ​ការ​ប្តេជ្ញាចិត្ត​របស់​ឥណ្ឌូនេស៊ី​ក្នុងការ​គាំទ្រ​ មជ្ឈ​មណ្ឌល​សកម្មភាព​កម្ចាត់មីន​តំបន់​អាស៊ាន​ ​(ARMAC) ​ជា​ពិសេស​ការងារ​ទាក់ទង​នឹង​ការ​លើក​កម្ពស់​កម្មវិធី​យល់ដឹង​ស្តីពី​គ្រោះថ្នាក់​នៃ​សំណល់​មីន និង​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​»​។​

លោក​ លី​ ធុជ​ បាន​លើក​ឡើង​អំពី ARMAC​ ដែល​ត្រូវបាន​បង្កើតឡើង​រយៈពេល​៩​ឆ្នាំ​មកហើយ​ក្រោម​គំនិត​ផ្តួចផ្តើម​របស់លោក​នាយក​រដ្ឋមន្ត្រី​ ​ហ៊ុន​ សែន ​នៅឯ​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​២១ នៅ​រាជធានី​ភ្នំពេញ ហើយ​ក្រោយមក​មេដឹកនាំ​អាស៊ាន​បានទទួល​យក​សំណើ​នេះ​ជា​បន្តបន្ទាប់​។

លោក​បញ្ជាក់ថា ​រយៈពេល​៤​ឆ្នាំ​ចុង​ក្រោយនេះ ​ចាប់​តាំងពី​ប្រតិបត្តិការ​របស់ខ្លួន​នៅ​ឆ្នាំ​២០១៧ ARMAC បាន​ក្លាយជា​មជ្ឈមណ្ឌល​ដ៏​គួរឱ្យ​ទុកចិត្ត និង​បានរួម​ចំណែក​យ៉ាងសកម្ម​ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​អនុវត្តន៍ មិន​ត្រឹមតែ​លើ​ការងារ​សហគមន៍​សន្តិ​សុខ​នយោបាយ​អាស៊ាន​ ២០២៥ ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ជំរុញ​កិច្ចសហប្រតិបត្តិការ​លើ​បញ្ហា​អភិវឌ្ឍន៍​សេដ្ឋកិច្ច​-​សង្គម ការអភិវឌ្ឍ​ភាពជា​ដៃគូ​សម្របសម្រួល​ការចែក​រំលែក​ចំណេះដឹង និង​ការគាំទ្រ​គំនិត​ផ្តួចផ្តើម​ខាងត្បូង​-​ខាងត្បូង​នៅក្នុង​តំបន់​ផងដែរ​៕