ភ្នំពេញៈ លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​បានស្នើ​ប្រទេស​ស៊ុយអែត​ ឱ្យជួយ​ក្នុង​ការប្រយុទ្ធ​ប្រឆាំង​បទល្មើស​ឆ្លងដែន ខណៈ​លោក​ក៏​លើកឡើង​ពី​កិច្ចសហប្រតិបត្តិការ​រវាង​ភាគី​ទាំង​ ២ លើ​ការបន្ត​កំណែទម្រង់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​។

ការស្នើ​បែបនេះ ធ្វើឡើង​ក្នុង​ជំនួប​រវាង​លោក ស ខេង និង​លោក​ ប្យ៊ន ហេកម៉ាក (BjörnHäggmark) ​ឯកអគ្គរាជទូត​ស៊ុយអែត ដែល​នឹងត្រូវ​បញ្ចប់​អាណត្តិ​ការទូត​នៅ​កម្ពុជា​កាលពី​ថ្ងៃទី​ ៣០ ខែមិថុនា​។

ក្រសួង​មហាផ្ទៃ បានបញ្ជាក់​នៅលើ​គេហទំព័រ​កាលពី​ថ្ងៃទី​ ៣០ ខែមិថុនា​ថា​៖ «​ចំពោះ​ការងារ​​អនុវត្ត​ច្បាប់​ផ្នែក​នគរបាល​ដូចជា​ការបង្ក្រាប​ឧក្រិដ្ឋកម្ម​ឆ្លងដែន រួមមាន​ការប្រឆាំង​បទល្មើស​បច្ចេកវិទ្យា បញ្ហា​គ្រឿងញៀន និង​ការប្រឆាំង​ភេរវកម្ម សម្ដេច​ក្រឡាហោម​ (​ស ខេង​) ​បាន​ស្នើសុំ​ភាគី​ស៊ុយអែត​ពិនិត្យ​លទ្ធភាព​បន្ត​ពង្រឹង​ការងារ​នេះ​ជាមួយ​ភាគី​កម្ពុជា​បន្ថែមទៀត​»​។

គេហទំព័រ​ដដែល​បញ្ជាក់​ថា លោក​ ប្យ៊ន ហេកម៉ាក នឹង​ពាំ​នាំយក​សំណើ​នេះ​ដាក់ជូន​រដ្ឋាភិបាល​ស៊ុយអែត ហើយ​លោក​បាន​អះអាង​ថា ការងារ​ប្រយុទ្ធ​ប្រឆាំង​ឧក្រិដ្ឋកម្ម​ឆ្លងដែន ពិតជា​មាន​សារៈសំខាន់ ពិសេស​បទល្មើស​ឧក្រិដ្ឋកម្ម​បច្ចេកវិទ្យា​។

ប្រភព​ដដែល​បញ្ជាក់ថា​៖ «​សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី ក៏បាន​លើកឡើង​អំពី​កិច្ចសហប្រតិបត្តិការ​មួយចំនួន ដែល​ភាគី​កម្ពុជា និង​ស៊ុយអែត​ត្រូវ​បន្ត​ជាមួយ​គ្នា​ទៀត គឺ​ការងារ​កំណែទម្រង់​ថ្នាក់​ក្រោម​ជាតិ និង​ការអនុវត្ត​ច្បាប់​ផ្នែក​នគរបាល​ដូចជា​ការប្រយុទ្ធ​ប្រឆាំង​បទល្មើស​ឆ្លងដែន​ជាដើម​»​។

លោក ស ខេង ​ថ្លែងថា កន្លងមក​ស៊ុយអែត​បាន​ចូលរួម​ក្នុង​ការងារ​កំណែទម្រង់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​នៅ​កម្ពុជា​ហើយ​ថា ស៊ុយអែត ជា​ប្រទេស​មាន​បទពិសោធ​ច្រើន​លើ​ការងារ​កំណែទម្រង់​នេះ​។

លោក ស ខេង ​ថ្លែង​ថា សម្រាប់​កម្ពុជា​ទោះ​គោលដៅ​កំណែ​ទម្រង់​រដ្ឋបាល ថ្នាក់ក្រោម​ជាតិ​មិនទាន់​សម្រេចបាន​ទាំងស្រុង ប៉ុន្តែ​បាន​បោះជំហាន​ទៅមុខ​ជាប្រចាំ និង​ទទួលបាន​លទ្ធផល​តាម​ការរំពឹងទុក​ជាក់ស្ដែង​ហើយ​កម្ពុជា​កំពុង​រៀបចំ​ដាក់ចេញ​ផែនការ​ ១០ ​ឆ្នាំ ដំណាក់កាល​ទី​ ២ ជុំវិញ​ការងារ​កំណែទម្រង់រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​។

លោក​ សក់ សេដ្ឋា រដ្ឋលេខាធិការ​ប្រចាំការ ក្រសួង​មហាផ្ទៃ មិនអាច​ទាក់ទង ដើម្បី​សុំ​ការបញ្ជាក់​បន្ថែម​បានទេ​កាលពី​ថ្ងៃទី​ ១ ខែកក្កដា​។

លោក សន ជ័យ នាយក​ប្រតិបត្តិ​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា ប្រាប់​ភ្នំពេញ-ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ១ ខែកក្កដា​ថា រដ្ឋបាល​រាជធានី-ខេត្ត ក្រុង​ស្រុក​ខណ្ឌ និង​រដ្ឋបាល​ឃុំ-សង្កាត់ គឺជា​រដ្ឋបាល​ដែល​ត្រូវការ​ទាំង​ធនធាន និង​សមត្ថភាព ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​ដ៏ច្រើន​របស់​ពលរដ្ឋ​។ ប៉ុន្តែ​ការខកខាន​ក្នុង​ការផ្តល់​មូលនិធិ​ទៅ​ឃុំ​សង្កាត់ និង​កំណែទម្រង់​មួយចំនួន ដែល​ត្រូវធ្វើ​នៅ​រដ្ឋបាល​ក្រុង ស្រុក ខណ្ឌ ក៏ដោយ​សារ​បញ្ហា​កូវីដ ១៩ ​ដែរ​។

លោក​ថ្លែងថា​៖ «​កំណែទម្រង់​គេ​ត្រូវការ​ ២ ​យ៉ាង​។ ទី​១ ​ធនធាន​មនុស្ស ទី​២ ​ធនធាន​ហិរញ្ញវត្ថុ ស្រប​នឹង​ឆន្ទៈ​នយោបាយ​។ ការជួយ​ទាំងឡាយ​ពី​ដៃគូ​អភិវឌ្ឍន៍​វា​ជា​ការបំពេញ​បន្ថែម​មួយ​ទៅលើ​អ្វីដែល​ធនធាន​របស់​ជាតិ​មាន​។ ប៉ុន្តែ​គេ​ត្រូវ​មើលទៅ​លើ​ទិដ្ឋភាព​នៃ​ឆន្ទៈ ឬក៏​ជំនាញ​របស់​មន្ត្រី​នៅ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ហ្នឹង​ដែរ ដូចជា​ពួកគាត់​ត្រូវការ​ការរៀនសូត្រ​ពង្រឹង​សមត្ថភាព​»​។

លោក​ ជ័យ ​បន្តថា ដំណើរការ​កំណែទម្រង់​រដ្ឋបាល​ថ្នាក់ក្រោមជាតិ​មាន​ការវិវឌ្ឍ​រីកចម្រើន​គួរឱ្យ​ចាប់អារម្មណ៍​ដែរ​។ ប៉ុន្តែ​នៅពេល​សេដ្ឋកិច្ច​បាន​រង​ផលប៉ះពាល់​ ដោយសារ​កូវីដ ១៩ មុខសញ្ញា​នៃ​ការពង្រឹង​នៅ​មូលដ្ឋាន​គឺ​ត្រូវតែដើរ​នៅក្នុង​ជម្រើស​មួយ​​ថ្មី គឺ​ការប្រើប្រាស់​បច្ចេកវិទ្យា​សម្រាប់​ការងារ​នៅ​មូលដ្ឋាន​។

លោក​ថ្លែងថា​៖ «​ការងារ​មួយ​ចំនួន​គេ​ត្រូវតែ​គិតគូរ​ក្នុង​ការប្រើប្រាស់​បច្ចេកវិទ្យា​បណ្តាញសង្គម​ដូចជា​ការប្រជុំ វេទិកាសាធារណៈ​អី​មួយចំនួន​។ បើ​កូវីដ​ ១៩ ​នៅតែ​អុកឡុក​អ៊ីចឹង ធ្វើ​ម៉េច​ធានាថា អ្នកផ្តល់​សេវា​នៅ​មូលដ្ឋាន​នៅតែ​ជួប​ប្រជាពលរដ្ឋ​បាន​តាមរយៈ​បណ្តាញ​សង្គម ហើយ​ផ្តល់ព័ត៌មាន​ទៅ​ប្រជាពលរដ្ឋ​បាន​តាមរយៈ​មធ្យោបាយ​មួយចំនួន​ដែលមាន​ស្រាប់​ដូចជា​បណ្តាញ​ទំនាក់ទំនង​សង្គម​ដែល​អាច​ប្រើការ​បាន​នៅឯ​មូលដ្ឋាន​»​។

កាលពី​ខែវិច្ឆិកា ឆ្នាំ​ ២០២០ ក្រសួង​ការបរទេស​ស៊ុយអែត​បាន​ប្រកាស​បិទ​ស្ថានទូត​ខ្លួន​នៅ​កម្ពុជា​នៅ​ចុងឆ្នាំ​ ២០២១ ហើយ​រាល់​កិច្ចការ​ការបរទេស​ជាមួយ​កម្ពុជា​នឹងត្រូវ​បាន​ផ្ទេរ​ឱ្យ​ស្ថិត​នៅក្រោម​ស្ថានទូត​ស៊ុយអែត ប្រចាំ​ប្រទេស​ថៃ​។

បើតាម​គេហទំព័រ​ដដែល​លោក​ ប្យ៊ន ហេកម៉ាក ​ថ្លែងថា ទោះបី​ជា​មាន​ការបិទ​ស្ថានទូត​ស៊ុយអែត​នៅ​កម្ពុជា​ក៏​ប្រទេស​ស៊ុយអែត នៅតែ​បន្ត​មាន​កិច្ចសហប្រតិបត្តិការ​ជាមួយ​រដ្ឋាភិបាល​កម្ពុជា​លើ​វិស័យ​ពាណិជ្ជកម្ម​ទេសចរណ៍ ការងារ​ឧត្តមសិក្សា ស្រាវជ្រាវ និង​វប្បធម៌ ហើយ​ថា ការងារ​បន្ត​នឹង​ទទួល​អនុវត្ត​ដោយ​ស្ថានទូត​ស៊ុយអែត​នៅ​ទីក្រុង​បាងកក​ប្រទេស​ថៃ​។

គេហទំព័រ​ដដែល​បញ្ជាក់​ថា លោក ប្យ៊ន ហេកម៉ាក ក៏បាន​ស្នើ​កម្ពុជា​ដើម្បី​បង្កើត​កុងស៊ុល​កិត្តិយស​ផងដែរ​។

លោក​បាន​បន្តថា បច្ចុប្បន្ន​ស្ថានទូត​ស៊ុយអែត​ប្រចាំ​ទីក្រុង​បាងកក កំពុង​រង់ចាំ​ការយល់ព្រម​ពី​ភាគី​កម្ពុជា​ ដើម្បី​បង្កើតជា​ស្ថាន​កុងស៊ុល​កិត្តិយស ដើម្បី​សម្រួល​ដល់​ប្រជាពលរដ្ឋ​ស៊ុយអែត ដែល​កំពុងមាន​វត្តមាន​នៅ​កម្ពុជា​។

លោក ស ខេង ​ថ្លែងថា ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ កំពុង​ពិនិត្យ និង​ធ្វើការ​លើ​រឿង​បង្កើតជា​ស្ថានកុងស៊ុល​កិត្តិយស​នេះ​។

គេហទំព័រ​ដដែល​នេះ​បាន​ដកស្រង់​សម្ដី​លោក​ ប្យ៊ន ហេកម៉ាក ថា​៖ «​ប្រជាពលរដ្ឋ​ស៊ុយអែត​នៅ​កម្ពុជា​មាន​ការលំបាក ក្នុង​ការបន្ត​ទិដ្ឋាការ​របស់ខ្លួន ដោយសារ​លិខិត​ឆ្លងដែន​ជិត​ផុតកំណត់ ហើយ​ស្ថានទូត​នៅ​កម្ពុជា​មិនអាច​ទទួល​សំណើ​ធ្វើលិខិត​ឆ្លងដែន​បាន ដោយ​តម្រូវឱ្យ​ពួកគេ​ត្រូវ​ធ្វើដំណើរ​ទៅ​ទីក្រុង​បាងកក​ ដើម្បី​ដាក់សំណើ​ស្នើសុំ​លិខិត​ឆ្លងដែន​ថ្មី ប៉ុន្តែ​ត្រូវ​ជួប​ឧបសគ្គ​ដោយសារ​ជំងឺ​កូវីដ​ ១៩»​។

លោក​ ប្យ៊ន ហេកម៉ាក បានស្នើ​ភាគី​កម្ពុជា​ឱ្យ​ពិនិត្យ​លទ្ធភាព​អនុញ្ញាត​បន្ត​ទិដ្ឋាការ​ស្នាក់នៅ​ដល់​ពលរដ្ឋ​ស៊ុយអែត​ដោយ​ទទួល​នូវ​ទម្រង់​លិខិតឆ្លងដែន​ថ្មី ដែល​បាន​ចេញ​ជា​បណ្ដោះអាសន្ន​។

ពាក់ព័ន្ធ​នឹង​សំណើ​នេះ លោក ស ខេង ថ្លែងថា ក្រសួងមហាផ្ទៃ​នឹង​ប្រមូល​ព័ត៌មាន​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​ព្រមទាំង​ធ្វើការងារ​នេះ​ជាមួយ​សហការី ដើម្បី​ឆ្លើយតប​ទៅ​ស្ថានទូត​៕