កំពតៈ ពលរដ្ឋ​ជា​ភ្ញៀវទេសចរ​ជាតិ​មួយចំនួន​បាន​ស្នើ​ដល់​ក្រសួង និង​អង្គការ​ជាតិ-អន្តរជាតិ​ ពាក់ព័ន្ធ​ជួយសង្គ្រោះ​ដល់​សត្វព្រៃ​នៅ​ «​សួនសត្វ​សួន​ដំណាំ ញឹម វណ្ណដា ទឹកឈូ ខេត្ដ​កំពត​» ​ក្រោយពី​ទៅ​ទេសចរណ៍​ឃើញ​សត្វព្រៃ​កម្រ​ជាច្រើន​ប្រភេទ​កំពុង​រស់នៅក្នុង​ទ្រុង​តូច គ្មាន​ការថែទាំ​ត្រឹមត្រូវ និង​មាន​សភាព​ស្គមស្គាំង​ខ្លាំង​។

អ្នកស្រី នួន លីន ជា​ពលរដ្ឋ​ម្នាក់​ដែល​បាន​នាំ​គ្រួសារ​ទៅ​កម្សាន្ត​នៅ​សួនសត្វ​នេះ​ពី​ថ្ងៃទី​ ២៧ មិថុនា ​ថ្មីៗ​នេះ​បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្ដិ៍ ​ពី​ម្សិលមិញ​ថា សត្វព្រៃ​មួយចំនួន ដូចជា សត្វ​តោ ខ្លា ឆ្កែចចក និង​សត្វ​ឥន្ទ្រី​ជាដើម​ដែល​ស្ថិត​ក្នុង​សួនសត្វ​នេះ​​ត្រូវ​បាន​គេ​ដាក់​ក្នុង​ទ្រុង​តូចៗ​គ្មាន​ដំបូល​ត្រឹមត្រូវ​ដោយ​រស់នៅ​ហាលខ្យល់ កម្ដៅថ្ងៃ និង​​ភ្លៀង​រាល់ថ្ងៃ ដែល​ឃើញ​ហើយ​គួរឱ្យ​អាសូរ​ណាស់​។

អ្នកស្រី​ប្រាប់ថា​៖ «​សត្វ​ទាំងនេះ​យក​គ្នា​មក​ដាក់​ក្នុង​ទ្រុង​តូច​ហើយ​នៅក្រោម​ពន្លឺ​ថ្ងៃ​ក្ដៅ ភ្លៀង​ដោយ​គ្មាន​ទីជម្រក​ត្រឹមត្រូវ​។

អ្នកស្រី​បន្តថា​៖ «​ខ្ញុំ​ឃើញ​សត្វ​​ទាំងនោះ​គ្មាន​ទឹកស្អាត​សម្រាប់​ផឹក ឃើញ​ទឹក​នៅក្នុង​ទ្រុង​នោះ គឺ​កខ្វក់​មាន​ស្លែ​នៅក្នុង​ទីកន្លែង​ដាក់​ទឹក​ឱ្យ​សត្វ​ផឹក​នោះ​»​។

ក្នុង​នាម​ពលរដ្ឋ​ម្នាក់ អ្នកស្រី​បាន​ស្នើ​ដល់​ក្រសួង និង​អង្គការ​ពាក់ព័ន្ធ​សូមជួយ​ពិនិត្យ​មើល​ស្ថានភាព​នៃ​ការដំណើរការ​សួនសត្វ​នេះ​ឡើងវិញ​។

អ្នកស្រី​ថា​៖ «​ដោយសារ​តែ​សត្វ​មិនចេះ​និយាយ ទើប​ទុកឱ្យ​គ្នា​រស់នៅ​ដោយ​គ្មាន​ការមើល​ខុសត្រូវ មើលឃើញ​ហើយ​ពិតជា​ក្ដុកក្ដួល​ណាស់​។ សត្វ​តោ​នោះ​​ខ្ញុំ​ឃើញ​មានកូន​ថែមទៀត កូនតោ​នោះ​ប្រហែល​ទើបតែ​កើត​ទេ ខ្ញុំ​មើលឃើញ​វា​នៅ​តូច​នៅឡើយ​។

ស្ថានភាព​កូន​សត្វតោ​នោះ គឺ​គ្មាន​អ្នកមើល​ថែទាំ​ទេ កន្លែង​រស់នៅ​កខ្វក់​»​។

ក្រៅពី​អ្នកស្រី លីន មាន​ពលរដ្ឋ​ជាច្រើន​នាក់​ទៀត​បាន​បញ្ចេញមតិ​ពី​ម្សិលមិញ​តាមរយៈ​រូបថត និង​វីដេអូ​ដែល​បាន​បង្ហោះ​លើ​ហ្វេសប៊ុក​ឈ្មោះ​ «​ទឹកធ្លាក់​តាដា​ខេត្តកំពត​» ​ដោយ​សម្ដែង​ការសោកស្ដាយ និង​ស្នើឱ្យ​ក្រសួង និង​អង្គការ​ពាក់ព័ន្ធ​​ជួយ​សង្គ្រោះ​សត្វព្រៃ​ទាំងនោះ​។

លោក កែវ ស៊ីណិត បាន​សរសេរ​ក្រោមរូបភាព​សត្វតោ​ដែល​បាន​បង្ហោះ​នោះ​ថា ប្រសិន​បើ​ម្ចាស់​សួនសត្វ​យក​សត្វព្រៃ​កម្រ​បែបនេះ​មក​ចិញ្ចឹម​ ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ រក​កម្រៃ គឺ​ត្រូវ​មើលថែទាំ​ឱ្យ​ត្រឹមត្រូវ​។

លោក​បន្តថា​៖ «​សួនសត្វ​មិន​ប្រាកដថា​ជា​ជម្រក​ល្អ ថ្វីដ្បិតតែ​មាន​សុវត្ថិភាព​ក៏ពិតមែន​។ ប៉ុន្តែ​យកគ្នា​ទៅ​ដើម្បី​រកលុយ រក​ផលប្រយោជន៍ គួរ​ថែទាំ​គ្នា​ឱ្យ​បានល្អ​ផង​។ ​សត្វ​ ១ ​ៗ​ឃើញ​ស្គម​សល់​​តែ​ឆ្អឹង ធាត់​តែ​ម្ចាស់​សួន​»​។

ចំណែក​ពលរដ្ឋ​ម្នាក់ទៀត គឺ​លោក ហ្សី មាស បាន​ចោទសួរ​ទៅ​អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ​ (Wildlife Alliance Cambodia) ​ឱ្យ​ជួយ​ពន្យល់ថា ហេតុដូចម្ដេច​ទើប​ទុកឱ្យ​ស្ថានភាព​​សត្វព្រៃ​ទាំងនោះ​បន្ត​រងគ្រោះ​បែបនេះ​? លោក​ថា​៖ «​សូម​ជួយ​ពន្យល់​ពួកយើង​បន្តិច​ហេតុអ្វី​បាន​ទុក​ពួកវា​ឱ្យដល់​ថ្នាក់​​ហ្នឹង​បង​? ​តើ​ខាង​អង្គការ​មាន​វិធានការ​បែបណា​ដែរ​? ​ខ្ញុំ​ឃើញ​អាណិត​សត្វព្រៃ​ទាំងនេះ​ណាស់​»​។

ទាក់ទង​នឹង​បញ្ហា​នេះ លោក​ សួន សុវណ្ណ អ្នកនាំពាក្យ​រដ្ឋបាល​ព្រៃឈើ​បាន​ថ្លែងថា លោក​បាន​ទទួល​ព័ត៌មាន​នេះហើយ និង​កំពុង​ឆ្លង​ថ្នាក់ដឹកនាំ​ ដើម្បី​ចាត់វិធានការ​លើ​រឿងនេះ​។

ចំណែក លោកស្រី​ SuwannaGauntlett ​នាយក​ប្រតិបត្តិ​នៃ​អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ​មិន​​អាច​ទាក់​សុំ​ការអត្ថាធិប្បាយ​​បានទេ កាលពី​ម្សិលមិញ​។

ក៏ប៉ុន្តែ​លោក សេង ទៀក នាយក​ប្រចាំ​ប្រទេស​នៃ​មូលនិធិ​អភិរក្ស និង​សង្គ្រោះ​សត្វព្រៃ​កម្ពុជា​ (WWF) ​បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា អង្គការ​ WWF ​បាន​និង​​កំពុង​ធ្វើការ​អភិរក្ស និង​ការពារ​សត្វព្រៃ​នៅក្នុង​ទីជម្រក​ធម្មជាតិ​​របស់​វា​។ អង្គការ WWF មិនមាន​ជំនាញ​លើ​សុខុមាលភាព​​សត្វព្រៃ​ឡើយ​។

លោក​បាន​បញ្ជាក់ថា​៖ «​យើង​​មិន​គាំទ្រ​សកម្មភាព​ដែល​ចាប់​សត្វព្រៃ​បង្ខាំង​ទុក​ក្នុង​ទ្រុង​សម្រាប់​ការ​ទស្សនា​ជា​សាធារណៈ​​ ឬ​ជា​សត្វ​ចិញ្ចឹម​ជា​លក្ខណៈ​ឯកជន ឬ​ដើម្បី​រក​ផល​កម្រៃ​ឡើយ​»​។

លោក​បាន​បន្តថា សត្វព្រៃ​​គ្រប់​ប្រភេទ ត្រូវតែ​រស់នៅ​ក្នុងព្រៃ​ធម្មជាតិ​របស់​វា ហើយ​មិន​​ត្រូវ​ចាប់​ពួកវា​ទុក​ក្នុង​ទ្រុង​នោះ​​ទេ លើកលែង​តែ​ប្រភេទ​សត្វព្រៃ​​ទាំងឡាយ​ណា​ដែល​ត្រូវបាន​រឹបអូស​ចេញពី​ការជួញដូរ​សត្វព្រៃ​​ខុសច្បាប់ ដែល​ពួកវា​ចាំបាច់​ត្រូវ​ថែទាំ​ដើម្បី​ស្តារនីតិសម្បទា​ឡើង​​វិញ​មុននឹង​លែង​ពួកវា​ឱ្យទៅ​​រស់នៅក្នុង​ទីជម្រក​ធម្មជាតិ​វិញ​។

លោក​បានឱ្យដឹងថា អង្គការ WWF ស្នើសុំ​ដល់​អាជ្ញាធរ​​ពាក់ព័ន្ធ​ទាំងអស់​មេត្តា​ចាត់​វិធានការ​ចាំបាច់​នានា ដើម្បី​ឆ្លើយតប​ទៅនឹង​ករណី​សត្វព្រៃ​ដែល​គេ​ចាប់​រក្សាទុក​ក្នុង​ទ្រុង​ ដើម្បី​ជួយសង្គ្រោះ និង​ស្តារនីតិសម្បទា​សត្វ​ទាំងនោះ​ឡើងវិញ​។ អង្គការ​ WWF ​នឹង​បន្ត​ជួយ​ពង្រឹង និង​​ការគាំទ្រ​ដល់​ការអនុវត្ត​ច្បាប់​​ក្នុង​តំបន់​ព្រៃ និង​តំបន់​ការពារ​ព្រៃ​ធម្មជាតិ ដោយ​សហការ​​យ៉ាង​ជិតស្និទ្ធ​ជាមួយ​អាជ្ញាធរ​រដ្ឋាភិបាល​ពាក់​ព័ន្ធ​ទាំងអស់ ដើម្បី​បញ្ឈប់ ការបរបាញ់ ការដាក់​អន្ទាក់ និង​ការជួញដូរ​សត្វ​​ព្រៃ​ខុសច្បាប់​នៅ​កម្ពុជា​។

រីឯ​លោក កែន សិរីរដ្ឋា ប្រធាន​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ​នៅ​កម្ពុជា​ (WCS) ​បាន​​ឱ្យដឹងថា កិច្ចការងារ​នេះ ពាក់ព័ន្ធ​នឹង​ការអនុវត្ត​ច្បាប់​ជា​ចម្បង ចំណែក​ខាង​អង្គការ​លោក អាច​ជួយ​បាន​ខាង​បច្ចេកទេស​ប៉ុណ្ណោះ​។

លោក ញឹម វណ្ណដា ម្ចាស់​សួនសត្វ​នេះ​មិន​អាច​សុំ​ការបកស្រាយ​បានទេ​ពី​ម្សិលមិញ​។ ​ប៉ុន្តែ លោក​ធ្លាប់បាន​ថ្កោលទោស​អង្គការ​អភិរក្ស​សត្វព្រៃ​មួយចំនួន​ចំពោះ​ការរិះគន់​ពី​អតីតកាល​មកលើ​សួនសត្វ​ទឹកឈូ​នេះ​។

លោក​ធ្លាប់បាន​ប្រាប់​ ភ្នំពេញ ប៉ុស្ដិ៍​ថា​៖ «​បើ​ពួកគេ​ដឹងថា​សត្វ​ខ្ញុំ​ធ្លាក់ខ្លួន​ស្គម​...​សូមជួយ​ផ្តល់​លុយ​ឱ្យ​ខ្ញុំ​យកទៅ​ទិញ​ចំណី​ឱ្យ​សត្វ​ទាំងនេះ​ផង​។ ​ពួកគេ​គួរតែមាន​មោទនភាព​ចំពោះ​ខ្ញុំ និង​លើកទឹកចិត្ត​ខ្ញុំ ព្រោះ​ខ្ញុំ​ស្រឡាញ់​ចូលចិត្ត​សត្វ​ជាង​កូនប្រុស​បង្កើត​របស់ខ្ញុំ​ទៀត​»​។ លោក​ថា​ពុំមាន​គោលនយោបាយ​រដ្ឋាភិបាល​ណា​ផ្តល់​ការគាំទ្រ​ផ្នែក​ថវិកា​ដល់​សួនសត្វ​ឯកជន​នេះឡើយ​។

លោក​ថា​៖ «​វា​ពិបាក​ណាស់​សម្រាប់​ខ្ញុំ​ក្នុង​ការរក​ចំណី និង​ទឹកស្អាត​ឱ្យ​សត្វ​ទាំងនោះ ព្រោះ​ក្នុង​ ១ ​ថ្ងៃ​ខ្ញុំ​ទទួលបាន​ប្រាក់​ពី​ភ្ញៀវទេសចរ​ប្រមាណ​ ២ ​ម៉ឺន​ទៅ​ ១០ ​ម៉ឺន​រៀល​ប៉ុណ្ណោះ តែ​ខ្ញុំ​ត្រូវ​ចំណាយ​ប្រាក់​ច្រើនជាង​នេះ​»៕

វីដេអូ៖