ភ្នំពេញៈ សហរដ្ឋអាមេរិក​ផ្អាក​ការសិក្សា​របស់​និស្សិត​យោធា​កម្ពុជា​ចំនួន​ ៦ ​នាក់ ​ដែល​កំពុង​សិក្សា​នៅ​សាលា​បណ្ឌិត្យសភា​យោធា​អាមេរិក នៅមុន​ឆ្នាំ​ដែល​ត្រូវ​បញ្ចប់​ការសិក្សា​។ អ្នកវិភាគ​ចាត់ទុក​ការសម្រេច​កាត់ផ្តាច់​អាហារូបករណ៍​ទៅលើ​និស្សិត​កម្ពុជា​ទាំង​ ៦ ​រូបនេះ​ថា ជា​ជំនួយ​ដែលមាន​ចំណង​។

និស្សិត​ទាំង​ ៦ ​នាក់​នោះ កំពុង​សិក្សា​នៅ​សាលា​បណ្ឌិត្យសភា​យោធា​ចំនួន​ ៤ ​នៅ​សហរដ្ឋ​អាមេរិក ដែល​ក្នុងនោះ​ ២ ​នាក់ សិក្សា​នៅ​បណ្ឌិត្យសភា​យោធា​ជើងគោក West Point, ២ ​នាក់​សិក្សា​នៅ​បណ្ឌិត្យសភា​ទ័ព​អាកាស ម្នាក់​សិក្សា​នៅ​កងទ័ពជើងទឹក និង​ឆ្មាំ​សមុទ្រ​ម្នាក់​។ នេះ​បើតាម​សេចក្តី​រាយការណ៍​របស់ VOA កាលពី​ថ្ងៃទី​ ១ ខែកក្កដា​។

លោក​ គិន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណិ្ឌត្យ​សភា​កម្ពុជា​ថ្លែងថា៖ «​ជា​សំណូមពរ​ហ្នឹង គឺ​សុំឱ្យ​សហរដ្ឋ​អាមេរិក​មេត្តា​ពិចារណា​ឡើងវិញ​នូវ​ការសម្រេចចិត្ត​ប្រកបដោយ​អមនុស្សធម៌​របស់ខ្លួន ចំពោះ​អនាគត​របស់​យុវជន​ដែល​ប្រកប​ដោយ​សក្តានុពល​ទាំងអស់នោះ ហើយ​ប្រសិនបើ​គាត់​ធ្វើ​របៀប​ហ្នឹង គឺ​ជំនួយ​របស់គាត់ គឺជា​ជំនួយ​ដែលមាន​ចំណង​ផង ដែលមាន​បំណង​ផង ដែល​មិនមែនជា​ជំនួយ​ដោយ​សុទ្ធចិត្ត​សម្រាប់​ការអភិវឌ្ឍ​ធនធាន​មនុស្ស​នៅក្នុង​ប្រទេស​កម្ពុជា​ទេ​»​។

លោក Arend Zwartjes អ្នកនាំពាក្យ​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ នៅ​ថ្ងៃទី​ ១ កក្កដា​ថា​៖ «​បន្ទាប់ពី​ប្រទេស​កម្ពុជា​បាន​កាត់បន្ថយ​កិច្ចសហប្រតិបត្តិការ​នៅក្នុង​វិស័យ​ជាច្រើន​នៃ​ការចូលរួម​រវាង​យោធា និង​យោធា​ទ្វេភាគី តាមបែប​ប្រពៃណី​ប្រទេស​កម្ពុជា​ បាន​បាត់បង់​សិទ្ធិ​ទទួលបាន​កម្មវិធី​បណ្ឌិត្យសភា ផ្នែក​យោធា​របស់​សហរដ្ឋអាមេរិក​»​។

លោក​ថ្លែងថា បន្ទាប់ពី​ធ្វើការ​ឆ្លុះបញ្ចាំង​ការសិក្សា​របស់​និស្សិត​ទាំងនោះ​រួចហើយ​ឃើញថា​ការសិក្សា​របស់​ពួកគេ​ល្អ និស្សិត​កម្ពុជា​ទាំងនោះ​ដែល​កំពុង​រៀន​នៅ​សាលា​បណ្ឌិត្យ​យោធា​ត្រូវបាន​អនុញ្ញាត​ឱ្យ​រៀន​រហូតដល់​ចប់​កម្មវិធីសិក្សា​។ ក៏ប៉ុន្តែ សហរដ្ឋ​អាមេរិក​លើកទឹកចិត្ត​រដ្ឋាភិបាល​កម្ពុជា​ជួយ​និស្សិត​របស់ខ្លួន​តាមរយៈ​ការបង់ថ្លៃ​សិក្សា​ដែល​នៅ​សេសសល់​។

លោក Arend Zwartjes ថ្លែងថា និស្សិត​ទាំងនោះ​កំពុង​សិក្សា​ក្នុង​ក្របខ័ណ្ឌ​កម្មវិធី​អាហារូបករណ៍​ពេញ ហើយ​អាហារូបករណ៍​នេះ​នឹងត្រូវ​បញ្ចប់​ក្នុងពេល​ឆាប់ៗ​នេះ​ពីព្រោះ​ប្រទេស​កម្ពុជា លែង​ទទួលបាន​សិទ្ធិ​ទទួល​កម្មវិធី​បណ្ឌិត្យសភា​យោធា​នៅ​សហរដ្ឋ​អាមេរិក​ទៀតហើយ​។

លោក​បញ្ជាក់ថា​៖ «​ប៉ុន្តែ​ប្រសិនបើ​ពួកគេ​អាច​បង់ថ្លៃ​សិក្សា​ដោយ​ខ្លួនឯង ឬ​រដ្ឋាភិបាល​កម្ពុជា​ចំណាយ​លើ​ថ្លៃ​សិក្សា​របស់​ពួកគេ ពេលនោះ​ពួកគេ​ត្រូវបាន​ស្វាគមន៍​ឱ្យនៅតែ​បន្ត​ការសិក្សា​រហូតដល់​ចប់​កម្មវិធីសិក្សា​»​។

នៅពេល​សួរថា តើ​ត្រូវធ្វើ​បែបណា ដើម្បី​ទទួលបាន​ភាពស្របច្បាប់​មកវិញ​នូវ​កម្មវិធីសិក្សា​បណ្ឌិត្យ​សភា​យោធា​នៅ​សហរដ្ឋ​អាមេរិក ហើយ​និស្សិត​មកពី​ប្រទេស​ផ្សេងទៀត​ធ្លាប់​ត្រូវបាន​បញ្ចប់​នៅ​ពាក់កណ្តាល​ទី​បែបនេះ​ទេ ហើយ​ថា តើ​និស្សិត​ទាំងនោះ​ត្រូវបាន​ជូនដំណឹង​ឱ្យបាន​ច្បាស់លាស់​ដែរឬទេ អំពី​លក្ខខណ្ឌ​អាហារូបករណ៍ ប្រសិនបើ​ការសិក្សា​របស់​ពួកគេ​មាន​បញ្ហា​កើតឡើង ហើយ​ត្រូវ​បាត់បង់​មុនពេល​ពួកគេ​ចាក​ចេញទៅ កាន់​សហរដ្ឋអាមេរិក​ដើម្បី​សិក្សា លោក Arend Zwartjes បាន​បង្វែរ​សំណួរ​ទៅ​ក្រសួងការពារជាតិ​សហរដ្ឋអាមេរិក​។

លោក ផៃ ស៊ីផាន អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​ប្រាប់​ ភ្នំពេញ ប៉ុស្តិ៍ ​នៅ​ថ្ងៃទី​ ១ ខែកក្កដា​ថា​៖ «​ជា​ការសោកស្តាយ​។ នេះ​មិនមែន​ដាក់ទណ្ឌកម្ម​មក​កម្ពុជា​ទេ​ (​តែ​) ដាក់ទណ្ឌកម្ម​ដល់​យុវជន​ដែល​ស្រឡាញ់​សហរដ្ឋអាមេរិក​»​។

លោក​ថ្លែងថា យុវជន​ដែល​ស្រឡាញ់​សហរដ្ឋអាមេរិក​គឺ​បាត់បង់​នូវ​អ្វី​ដែលជា​បំណងប្រាថ្នា​របស់​ពួកគាត់​ហើយ​យុវជន​ដទៃទៀត អាច​ជ្រើសរើស​ប្រទេស​ដទៃទៀត ដូចជា​បារាំង និង​ជប៉ុន​ជាដើម​។​ល​។ ដើម្បី​សិក្សា​។

និស្សិត​សាលា​បណ្ឌិត្យសភា​យោធា​ម្នាក់​ក្នុង​ចំណោម​និស្សិត​ទាំង​ ៦ ​នាក់ លោក នូ ចាន់យុទ្ធា ដែល​សិក្សា​នៅ​បណ្ឌិត្យសភា​ទ័ពអាកាស បាន​ប្រកាស​ស្វែងរក​មូលនិធិ តាម​អ៊ីនធឺណិត​ដែលមាន​ឈ្មោះថា GoFundMe ដើម្បី​ស្វែងរក​ការគាំទ្រ ដើម្បី​បញ្ចប់​ការសិក្សា​របស់លោក បន្ទាប់ពី​ទទួល​ព័ត៌មាន​ពី​រដ្ឋាភិបាល​អាមេរិក​ថា​អាហារូបករណ៍​របស់លោក​ត្រូវបាន​បញ្ចប់​។

លោក ចាន់យុទ្ធា ថ្លែង​ក្នុង​វីដេអូ​មួយ ដែល​បង្ហោះ​នៅលើ​គេហទំព័រ​ស្វែងរក​មូលនិធិ (GoFundMe ) ​នេះ​ថា​៖ «​ចាប់ពី​ថ្ងៃទី​ ២៧ ខែឧសភា ខ្ញុំ​បានទទួល​ដំណឹង​មិនល្អ​ពី​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​ថា អាហារូបករណ៍​របស់ខ្ញុំ​នឹងត្រូវ​បញ្ឈប់​ភ្លាមៗ​ដោយសារតែ​បញ្ហា​ទំនាក់ទំនង​ការទូត​។ ឥឡូវ​ដោយ​គ្មាន​ការគាំទ្រ​ពី​រដ្ឋាភិបាល​សហរដ្ឋ-អាមេរិក ខ្ញុំ​មិនអាច​បញ្ចប់​ការសិក្សា​ថ្នាក់​បរិញ្ញាបត្រ​របស់ខ្ញុំ​បានទេ​»​។ លោក​ថ្លែងថា​៖ «​ដូច្នេះ នេះ​ជា​មូលហេតុ​ដែល​ខ្ញុំ​កំពុង​ព្យាយាម​ទាក់ទង​អ្នក​ទាំងអស់គ្នា​ដើម្បី​អ្នក​ទាំងអស់គ្នា​អាចជួយ​ខ្ញុំ​ឱ្យ​បញ្ចប់​សញ្ញាបត្រ​នេះ​នៅ​កន្លែង​ណាមួយ​នៅ​សហរដ្ឋ-អាមេរិក​»​។

យុទ្ធនាការ​រៃអង្គាសប្រាក់​របស់​លោក ចាន់យុទ្ធា បានចាប់ផ្តើម​នៅ​ថ្ងៃទី​ ១៩ ​ខែមិថុនា​ដោយ​កំណត់​គោលដៅ​ប្រាក់​សរុប​ជាង​ ១១២ ០០០ ​ដុល្លារ សម្រាប់​រយៈពេល​សិក្សា​ ២ ​ឆ្នាំ​នៅ​សាកលវិទ្យាល័យ​មួយ​នៅ​សហរដ្ឋ​អាមេរិក​។ គិត​ត្រឹម​ខែកក្កដា ប្រាក់​ជិត ២៤ ០០០ ​ដុល្លារ​ត្រូវបាន​បរិច្ចាគ​។

សមយុទ្ធ​យោធា​រួមគ្នា រវាង​អាមេរិក និង​កម្ពុជា ដែល​មាន​ឈ្មោះថា ឆ្មាំ​អង្គរ​ត្រូវបាន​ពន្យារពេល​ចាប់តាំងពី​ឆ្នាំ​ ២០១៧ នៅពេលដែល​ប្រទេស​កម្ពុជា​កំពុង​មមាញឹក​ក្នុងការ​រៀបចំ​ការបោះឆ្នោត​ឃុំ-សង្កាត់ នៅ​ឆ្នាំ​ ២០១៧ និង​បោះឆ្នោត​ថ្នាក់ជាតិ​ឆ្នាំ​ ២០១៨​។ ក្រសួង​ការពារជាតិ​កម្ពុជា​បាន​ថ្លែង​នៅ​គ្រានោះ​ថា វា​គ្រាន់តែ​ជា​ការពន្យារពេល​ជា​បណ្តោះអាសន្ន​ប៉ុណ្ណោះ ហើយ​ទំនាក់ទំនង​យោធា​កម្ពុជា និង​យោធា​អាមេរិក​នៅតែ​រឹងមាំ​ដដែល​។

លោក ចាន់យុទ្ធា ថ្លែងថា មិន​ថា ចំណង​យោធា​រវាង​សហរដ្ឋអាមេរិក និង​កម្ពុជា​ជា​អ្វី​នោះទេ​គឺ​វា​មិនមាន​ការជាប់​ពាក់ព័ន្ធ​ជាមួយ​ការខិតខំ​រៀនសូត្រ​របស់​លោក​ឡើយ​។

លោក​ថ្លែងថា​៖ «​ខ្ញុំ​មិនមាន​ការជាប់​ពាក់ព័ន្ធ ក្នុងការ​សម្រេចចិត្ត​របស់​រដ្ឋាភិបាល​កម្ពុជា​នោះទេ​។ គោលបំណង​សំខាន់​មួយ​ដែល​ខ្ញុំ​ត្រូវបាន​ជ្រើសរើស​ឱ្យ​មក​រៀន​នៅ​បណ្ឌិត្យសភា​កងទ័ពអាកាស​សហរដ្ឋអាមេរិក គឺ​ដើម្បី​ខិតខំ​ធ្វើឱ្យ​ប្រសើរឡើង​នូវ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ ២»​។

លោក​ ចាន់យុទ្ធា ថ្លែងថា ការសម្រេច​បញ្ចប់​អាហារូបករណ៍​របស់លោក គឺ​មិនអាច​ត្រឡប់​វិញ​បានទេ ដោយសារ​ហេតុផល​យុទ្ធសាស្ត្រ​។ ប៉ុន្តែ​លោក​សង្ឃឹមថា លោក​នឹង​អាច​បញ្ចប់​ការសិក្សា​ដោយ​ទទួលបាន​សញ្ញាបត្រ​បរិញ្ញាបត្រ​នៅ​កន្លែង​ផ្សេងទៀត​នៅ​សហរដ្ឋអាមេរិក​។

លោក ឈាង វណ្ណារិទ្ធិ នាយក​វិទ្យាស្ថាន​ចក្ខុវិស័យ​អាស៊ី ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ១ ខែកក្កដា​ថា នេះ​គឺជា​ការអភិវឌ្ឍ​មិនល្អ​នៅក្នុង​ទំនាក់ទំនង​ទ្វេភាគី​។

លោក​បញ្ជាក់ថា ទំនាក់ទំនង​រវាង​ប្រជាជន​ និង​ប្រជាជន គួរតែ​ត្រូវបាន​ថែរក្សា ទោះបី​ជា​មាន​ភាពចម្រូងចម្រាស​អំពី​បញ្ហា​ជា​យុទ្ធសាស្ត្រ​ក៏ដោយ​។

លោក​ថ្លែងថា​៖ «​ខ្ញុំ​សង្ឃឹមថា ភាគី​ទាំងសងខាង​អាច​រកឃើញ​នូវ​មូលដ្ឋាន​រួមមួយ​ដើម្បី​កាត់បន្ថយ​ភាពតានតឹង និង​ស្តារ​ការយោគយល់​គ្នា​ជា​យុទ្ធសាស្ត្រ​ទៅវិញទៅមក និង​ការទុកចិត្ត​គ្នា​ខាង​នយោបាយ​ក្នុង​កម្រិត​មួយ ដែល​ថេរ​ជាពិសេស រក្សា​បាន​នូវ​ការផ្លាស់ប្តូរ​ការអប់រំ​ និង​វប្បធម៌​»​។

ជាមួយ​គ្នានេះ លោក​ គិន ភា ក៏បាន​បញ្ជាក់​បន្ថែមទៀត​ថា លោក​មាន​ការសោកស្តាយ ចំពោះ​សហរដ្ឋអាមេរិក ដែល​ហាក់ដូចជា​ភ្ជាប់​រឿង​នយោបាយ និង​រឿង​ទំនាក់ទំនង​ដែល​ស្ថិតនៅក្នុង​ល្បែង​នៃ​ភូមិសាស្ត្រ​នយោបាយ​របស់​សហរដ្ឋ​អាមេរិក ទៅ​ពាក់ព័ន្ធ​នឹង​ជោគវាសនា​របស់​យុវជន ដែល​កំពុង​តែមាន​ក្តី​រំពឹង មោទនភាព ឬ​ចំណង​នៃ​ការសិក្សា «​ដែល​ហាក់ដូចជា​យក​ពួកគាត់ ទៅ​បោះចោល​កណ្តាលទន្លេ ហើយ​ឱ្យ​ហែល​មករក​ច្រាំង​ដោយ​ខ្លួនឯង​»​។

លោក​ គិន ភា បាន​គូសបញ្ជាក់​ថា​៖ «​វា​ជា​រឿង​ដែល​មិនគួរ​ឱ្យ​កើតមានឡើង​ចំពោះ​ស្ថានភាព​សម្រាប់​និស្សិត​កម្ពុជា​ទាំង​ ៦ ​នាក់​ហ្នឹង​។ សហរដ្ឋអាមេរិក​តែងតែ​និយាយ​អំពី​គុណធម៌ តែង​និយាយ​អំពី​តម្លៃ​នៃ​សិទ្ធិ​មនុស្ស សិទ្ធិ​ទទួល​បាន​ការអប់រំ​អ៊ីចឹង​។ អ៊ីចឹង​អាហារូបករណ៍​របស់​ពួកគាត់​ជា​អាហារូបករណ៍​ក្នុង​វិស័យ​អប់រំ មិនគួរ​មាន​ការភ្ជាប់​សាច់រឿង​ជាមួយ​នឹង​ចំណុច​ផ្សេងៗ​ជាច្រើន ដែល​ធ្វើឱ្យ​ពួកគាត់​ខូចអនាគត​អាច​បាក់​ទឹកចិត្ត​ទៅទៀត​»៕