ភ្នំពេញៈ អាជ្ញាធរ​នៃ​បណ្ដា​ខណ្ឌ​មួយចំនួន​នៅ​រាជធានី​ភ្នំពេញ​បាន​ចុះ​ណែនាំ​ផ្ទាល់​ដល់​ម្ចាស់​ទីតាំង ដែលមាន​ការលក់​ម៉ូតូ និង​លក់​រថយន្ត ឱ្យ​បញ្ឈប់​ការលក់ដូរ​រំលោភ​លើ​ចិញ្ចើមផ្លូវ​តទៅទៀត ហើយ​បាន​ទុកពេល​ ២ ​ខែ ​ឱ្យ​រក​ទីតាំង​ថ្មី ស្របតាម​បទបញ្ជា និង​ការណែនាំ​របស់លោក ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​។

លោក ឯក ឃុនដឿន អភិបាល​ខណ្ឌទួលគោក​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ កាលពី​ម្សិលមិញ​ថា សាលាខណ្ឌ​លោក​បាន​ជូនដំណឹង​ទៅ​ម្ចាស់​អាជីវកម្ម និង​ទីតាំង​ដែលមាន​ការលក់​ម៉ូតូ លក់​រថយន្ត ដែល​រំលោភ​លើ​ចិញ្ចើមផ្លូវ​រួចហើយ ដោយ​ទុកពេល​ ២ ​ខែ​ តាម​ការណែនាំ​របស់​អភិបាល​រាជធានី​ភ្នំពេញ​ឱ្យ​​រក​ទីតាំង​ថ្មី​។

លោក​បាន​បញ្ជាក់ថា​៖ «​យើង​បាន​ចុះ​ណែនាំ និង​ជូនដំណឹង ដោយ​ទុកពេល​ ២ ​ខែ​ តាម​ប្រសាសន៍​​របស់​មេ​ឱ្យ​គាត់​រក​ទីតាំង​ថ្មី​»​។

បើតាម​លោក ឯក ឃុនដឿន ប្រសិទ្ធភាព​ក្នុង​ការអនុវត្ដ​របស់​ម្ចាស់​អាជីវកម្ម​យ៉ាងណា​នោះ​ គឺ​រង់​ចាំមើល​ ២ ​ខែ ក្រោយ​ថ្ងៃ​ផុតកំណត់​សិន​។ នៅពេលនោះ ប្រសិនបើ​មិនបាន​គោរព​តាម​យ៉ាងណា ខណ្ឌ​នឹងមាន​វិធានការ​ថ្មី​ទៀត​។

ចំណែក​លោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌ​កំបូល​ក៏បាន​​ឱ្យដឹង​ដែរ​ថា នៅក្នុង​មូលដ្ឋាន​ខណ្ឌ​របស់លោក គឺ​មិនមាន​ទីតាំង​លក់​ឡាន​ ឬ​ម៉ូតូ​ទេ ប៉ុន្តែ​បើ​​ទោះបី​មិនមាន​ក៏ដោយ​ក៏​លោក​តែងតែ​ឱ្យ​មន្ត្រី​ចុះ​រៀបចំ​សណ្តាប់ធ្នាប់​សាធារណៈ និង​ចុះ​ហាមប្រាម​មិនឱ្យ​ពលរដ្ឋ​យក​ចិញ្ចើមផ្លូវ សម្រាប់​ដាក់លក់ ឬ​ធ្វើ​អាជីវកម្ម​ផ្សេងៗ​ដែរ​។

លោក​បាន​ថ្លែងថា​៖ «​ជាប្រចាំ​យើង​រៀបចំ​សណ្តាប់ធ្នាប់ អ្នកលក់ដូរ​ធម្មតា សំរាម​អនាម័យ យើង​ធ្វើ​ធម្មតា​នៅតាម​ដងផ្លូវ​ជាតិ​លេខ​ ៣ ផ្លូវជាតិ​លេខ​ ៤ និង​នៅ​មូលដ្ឋាន​ផ្សេងទៀត ហើយ​កន្លែង​លក់​ឡាន និង​ម៉ូតូ អី​នៅ​ខណ្ឌ​ផ្សេង​គេ​ធ្វើ​ហើយ​»​។

លោក ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃទី ២៩ ខែមិថុនា បានដាក់​បទបញ្ជា​ឱ្យ​ខណ្ឌ​ទាំងអស់ ជាពិសេស​ខណ្ឌ​ចំនួន​ ៥ ​ដែល​នៅ​កណ្តាល​រាជធានី​ភ្នំពេញ​ត្រូវ​រៀបចំ​សណ្តាប់ធ្នាប់​នៅលើ​ចិញ្ចើមផ្លូវ​ឱ្យ​កាន់តែ​ប្រសើរ​ដោយ​មិន​អនុញ្ញាត​ឱ្យមាន​ការលក់​ដូរ​ ឬ​លក់​រថយន្ត​រំលោភ​​លើ​ចិញ្ចើមផ្លូវ​នោះទេ​ដោយ​ទុក​រយៈពេល​ ២ ​ខែ ដើម្បីឱ្យ​ម្ចាស់​អាជីវកម្ម​រុះរើ ឬ​ផ្លាស់ប្តូរ​ទៅកាន់​ទីតាំង​ថ្មី​។

លោក​បាន​ថ្លែងថា​៖ «​វា​ល្មម​ដល់ពេល​ដែល​យើង​ត្រូវ​រៀបចំ​សណ្តាប់ធ្នាប់​នៅក្នុង​រាជធានី​ភ្នំពេញ ជាពិសេស​ខណ្ឌ​ទាំង​ ៥ ​នៅ​កណ្តាល​រាជធានី​ភ្នំពេញ​ឱ្យមាន​សណ្តាប់ធ្នាប់​ល្អប្រសើរ​ហើយ​»​។

ជាមួយ​គ្នា​នេះ លោក ឃួង ស្រេង ក៏បាន​ស្នើឱ្យ​អាជ្ញាធរ​ខណ្ឌ​ដែល​ពាក់ព័ន្ធ​ត្រូវ​ចេញ​សេចក្តី​ជូនដំណឹង​ឱ្យ​ម្ចាស់​អាជីវកម្ម​លក់​រថយន្ត និង​លក់​ម៉ូតូ​​ដែល​បាន​ប្រើប្រាស់​ចិញ្ចើមផ្លូវ​សាធារណៈ​ធ្វើ​អាជីវកម្ម​បែប​អនាធិបតេយ្យ ប្រញាប់​រុះរើ​ទីតាំង​របស់ខ្លួន ទៅ​នៅ​ជាយ​រាជធានី​ភ្នំពេញ​វិញ​។

បើតាម​លោក ឃួង ស្រេង រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​អនុគ្រោះ​ជាច្រើន​ឆ្នាំ​មកហើយ​ដល់​ពលរដ្ឋ​មួយចំនួន​ដែល​យក​ចិញ្ចើមផ្លូវ​ធ្វើ​អាជីវកម្ម និង​មិន​សហការ​ជាមួយ​អាជ្ញាធរ​ក្នុង​ការរៀបចំ​សណ្តាប់ធ្នាប់​សាធារណៈ​។

ដូច្នេះ​ចាប់ពីពេលនេះ​តទៅ​គឺ​មិន​អនុញ្ញាត​ឱ្យ​ប្រើប្រាស់​ចិញ្ចើមផ្លូវ​សម្រាប់ធ្វើ​អាជីវកម្ម​បន្តទៀត​នោះទេ​។

លោក សន ជ័យ ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា​បាន​ថ្លែងថា រឿងនេះ​មិនមែន​ជា​រឿង​ថ្មី​របស់​អាជ្ញាធរ​រាជធានី​ភ្នំពេញ​នោះទេ​​ តែ​វា​ប្រៀប​ដូច​ទៅនឹង​ការរុញ​ចក​នៅក្នុង​បឹង​។ ​ដើម្បី​ឱ្យ​ការរៀបចំ​នេះ​ទទួល​បាន​ជោគជ័យ​ត្រូវតែមាន​ការទទួល​ខុសត្រូវ​ទៅវិញទៅមក និង​រួមគ្នា​ក្នុង​អនុវត្ត​ទាំង​អ្នកលក់ និង​អាជ្ញាធរ​នៅ​មូលដ្ឋាន​។

លោក​បាន​បញ្ជាក់ថា​៖ «​អ្នក​ដែល​ទទួលរង​ផលប៉ះពាល់​ពី​ការរំលោភ​ចិញ្ចើមផ្លូវ​នេះ​ គឺជា​អ្នកដំណើរ​ថ្មើរជើង​គ្រប់​ប្រភេទ​ហើយក៏​វា​នឹង​ធ្វើឱ្យ​បាត់បង់​សណ្តាប់ធ្នាប់​សាធារណៈ និង​សោភណភាព​ក្រុង​ផងដែរ​។ ​នៅពេល​មាន​ដំណោះស្រាយ​សមស្រប​ណាមួយ​ទិដ្ឋភាព​សង្គម​គេ​មើលឃើញថា វា​នឹងមាន​របៀប​រៀបរយ និង​មាន​សណ្តាប់ធ្នាប់​ល្អ​ព្រមទាំង​ទទួលបាន​ការកោតសរសើរ​ពី​មហាជន​»៕

វីដេអូ៖