ភ្នំពេញៈ ក្រសួងបរិស្ថានបានរកឃើញប្រភេទខ្លាឃ្មុំធំ Asiatic black bear (Ursus thibetanus) ដែលជាប្រភេទសត្វកម្រ និងជិតផុតពូជ នៅក្នុងតំបន់ការពារធម្មជាតិកម្ពុជា។
យោងតាមការចុះផ្សាយរបស់ក្រសួងបរិស្ថាននៅថ្ងៃទី ១ ខែ កក្កដា ឆ្នាំ ២០២១ បានឱ្យដឹងថា ប្រភេទខ្លាឃ្មុំធំនេះរស់នៅក្នុងព្រៃជាច្រើនប្រភេទដែលរួមមានព្រៃស្រោងព្រៃពាក់កណ្តាលស្រោង និងព្រៃរបោះចម្រុះ។
ដោយឡែក នៅក្នុងប្រទេសកម្ពុជា សត្វខ្លាឃ្មុំធំមានវត្តមាននៅក្នុងតំបន់ការពារធម្មជាតិមួយចំនួន នៅភូមិភាគឦសាន ភូមិភាគខាងកើតភូមិភាគខាងជើង និងភូមិភាគនិរតីនៃប្រទេសកម្ពុជា។ ខ្លាឃ្មុំធំ ជាប្រភេទសព្វាសី សត្វស៊ីចំណីចម្រុះរួមមានរុក្ខជាតិ និងសត្វ។
ក្រសួងបរិស្ថានបញ្ជាក់ថា ខ្លាឃ្មុំធំ អាចចាប់ផ្តើមបង្កកំណើតនៅអាយុពី ៤ ទៅ ៥ ឆ្នាំ ជាទូទៅធ្វើការបង្កាត់ពូជនៅអំឡុងពីខែមិថុនា-កក្កដា ហើយបង្កើតកូននៅអំឡុងខែវិច្ឆិកា-មីនា និងជាទូទៅបង្កើតកូនម្តងបានពី ១ ទៅ ២ ក្បាល។
សត្វខ្លាឃ្មុំអាចរស់បានរហូតដល់អាយុជាង ៣០ ឆ្នាំ។ សត្វខ្លាឃ្មុំទទួលរងការគំរាមកំហែងពីកត្តាជាច្រើនដែលរួមមាន ការបាត់បង់ទីជម្រក ការបរបាញ់ និងជួញដូរសត្វព្រៃខុសច្បាប់ ដើម្បីយកស្បែក ក្រចកជើង ប្រមាត់ និងការចាប់មកចិញ្ចឹម។
ទោះជាយ៉ាងណាលោក នេត្រ ភក្ត្រា អ្នកនាំពាក្យក្រសួងបរិស្ថានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ១ ខែកក្កដាថា កម្ពុជាមិនទាន់មានរបាយការណ៍ពាក់ព័ន្ធនឹងចំនួនសត្វប្រភេទនេះមានចំនួនប៉ុន្មាននោះទេ ប៉ុន្តែគ្រាន់តែដឹងថា សត្វប្រភេទនេះមានវត្តមាននៅតំបន់ការពារធម្មជាតិមួយចំនួន នៅភូមិឦសាន ភូមិភាគខាងជើង ភូមិភាគខាងកើត ភូមិភាគនិរតី និងនៅតំបន់ខេត្តរតនគីរី មណ្ឌលគិរី ពោធិ៍សាត់ កំពង់ស្ពឺ និងកោះកុង។
លោក នេត្រ ភក្ត្រា បន្តថា ប្រទេសកម្ពុជាកន្លងមកនេះ បានរកឃើញសត្វឈ្លូសយក្ស មានសត្វខ្លាលឿងមាស ប្រភេទសត្វខ្លាឃ្មុំធំដែលជាប្រភេទ សត្វកម្រ និងប្រភេទសត្វកម្រផ្សេងៗទៀត ដែលទិន្ន័យទាំងអស់នេះនឹងក្លាយទៅជាមូលដ្ឋាននៃការសិក្សាស្រាវជ្រាវ និង សម្រាប់ក្រុមមន្ត្រីជំនាញក្នុងការធ្វើការបែងចែកតំបន់ការពារធម្មជាតិ ព្រោះយោងតាមច្បាប់ តំបន់ការពារធម្មជាតិត្រូវបែងចែកជា ៤ ទី១ តំបន់ស្នូល និងទី២ តំបន់អភិរក្ស ដែលតំបន់ទាំង ២ នេះមានប្រព័ន្ធអេកូឡូស៊ី និងជីវចម្រុះខ្ពស់ដែលត្រូវការពារ និងហាមឃាត់មិនឱ្យចូល ទី៣ តំបន់ប្រើប្រាស់ដោយចីរភាព និងទី៤ តំបន់សហគមន៍ ។
លោក នេត្រ ភក្ត្រា ថ្លែងថា៖ «ខ្លាឃ្មុំធំត្រូវបានថយចុះដោយសារតែការបាត់បង់ទីជម្រក ការខ្វះខាតទីតាំងរកចំណី និងការបរបាញ់ ដើម្បីយកសំណាកធ្វើអាជីវកម្ម។ ខ្លាឃ្មុំធំមាននៅកម្ពុជាក្នុងទីជម្រកសមស្របប្រភេទព្រៃស្រោង និងពាក់កណ្តាលស្រោង»។
បើតាមលោក នេត្រ ភក្ត្រា ប្រភេទសត្វខ្លាំឃ្មុំធំនេះក៏មានវត្តមានផងដែរនៅក្នុងប្រទេសប៉ាគីស្ថាន ភូមា ថៃភាគខាងជើង ឡាវ និងប្រទេសវៀតណាម។ ខ្លាឃ្មុំធំមានមាឌធំជាងគេ ក្នុងចំណោមប្រភេទខ្លាំឃ្មុំទាំងអស់។ ដងខ្លួនគ្របដណ្តប់ដោយរោមក្រាស់វែងៗពណ៌ត្នោត និងមានឆ្នូតពណ៌លឿងខ្ចី រាងដូចអក្សរវេ នៅខាងក្រោមក។
ស្លឹកត្រចៀកមានទំហំធំជាងខ្លាឃ្មុំតូច និងមានប្រវែងក្បាល ដងខ្លួនពី ១ ២០០ ទៅ ១៥ ០០០ មម ជាមធ្យមឈ្មោលមានទម្ងន់ពី ១១០ ទៅ ១៥០ គីឡូក្រាម។ រីឯញីមានទម្ងន់ពី ៦៥ ទៅ ៩០ គីឡូក្រាម។ ប្រអប់ជើងមានទម្រង់ស្រដៀងនឹងប្រអប់ជើងមនុស្ស។
លោក កែន សិរីរដ្ឋា ប្រធានក្រុមការងារបង្ក្រាប និងសង្គ្រោះសត្វព្រៃបន្ទាន់នៃអង្គការសម្ព័ន្ធភាពសត្វព្រៃ (Wildlife Alliance) បានសម្តែងការស្វាគមន៍ ចំពោះការរកឃើញនូវវត្តមានខ្លាឃ្មុំដែលជាប្រភេទសត្វកម្រ និងជិតផុតពូជនេះ ដែលនេះបានបញ្ជាក់ពីប្រសិទ្ធភាពនៃការអភិរក្សរបស់កម្ពុជា។
ទោះជាយ៉ាងណា លោក កែន សិរីរដ្ឋា ក៏បានស្នើសុំឱ្យមានការតាមដានចំពោះជម្រករបស់វាដែលនៅមានទូលំទូលាយនៅឡើយ ឬក៏ដោយសារទីជម្រករបស់វាទទួលរងសម្ពាធពីកន្លែងផ្សេង ហើយបានចលនាចូលមកតំបន់ការពារធម្មជាតិនេះ (បំផ្លាស់ទី) និងបង្កើនការការពារ រួមជាមួយនឹងយន្តការការពារអភិរក្ស និងការអនុវត្តច្បាប់ឱ្យបានហ្មត់ចត់ ព្រោះព័ត៌មាននេះធ្វើឱ្យអ្នកប្រមាញ់ក៏ចាប់អារម្មណ៍ដែរ៕
វីដេអូ៖