ភ្នំពេញៈ ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ បាន​ចេញ​សេចក្តី​អំពាវនាវ​ឱ្យ​សាធារណជន​ចូលរួម​ប្រើ​ប្រាស់​ប្រព័ន្ធ QR Code «ទប់ស្កាត់​កូវីដ Stop Covid» ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​រីករាល​ដាល​នៃ​ជំងឺ​នេះ។

ក្រសួង​ប្រៃសណីយ៍​ បញ្ជាក់​ក្នុង​សេចក្តី​អំពាវនាវ កាល​ពី​ថ្ងៃ​ទី​១ ខែ​កក្កដា​ថា៖ «យោង​តាម​បទ​បញ្ជា​ដ៏​ខ្ពង់ខ្ពស់​បំផុត​របស់ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា នៅ​ថ្ងៃ​ទី​១ ខែ​កក្កដា ឆ្នាំ ២០២១ ក្រសួង​ប្រៃសណីយ៍ និង ទូរគមនាគមន៍ សូម​អំពាវនាវ​សា​ជា​ថ្មី ដល់​គ្រប់​ក្រសួង​ស្ថាប័ន គ្រឹះស្ថាន​សាធារណៈ​និង​ឯកជន ម្ចាស់​អាជីវកម្ម ម្ចាស់​ភោជនីយដ្ឋាន​ម្ចាស់​ទី​តាំង​ដែល​មាន​មនុស្ស​ចេញ-ចូល​ច្រើន និង​សាធារណជន​ទាំង​អស់ ត្រូវ​តែ​ចូលរួម​ប្រើ​ប្រាស់ ប្រព័ន្ធ QR Code “ទប់​ស្កាត់​កូវីដ Stop Covid”»។

ក្រសួង​អំពាវនាវ​ដល់​គ្រប់​ស្ថាប័ន​ពាក់​ព័ន្ធ ម្ចាស់​អាជីវកម្ម​និង​សាធារណជន ត្រូវ​ដាក់​ឱ្យ​មាន​មនុស្ស​នៅ​រង់​ចាំ ត្រួត​ពិនិត្យ​ការ​ស្កេន QR Code នៅ​ច្រកទ្វារ​នៃ​ទីតាំង​របស់​ខ្លួន និង​តម្រូវ​ឱ្យ​អ្នក​ឆ្លង​កាត់​ត្រូវ​តែ​ចូលរួម​ស្កេន QR Code ឱ្យ​បាន​គ្រប់ៗ​គ្នា។

ក្រសួង​បន្ត​ថា ប្រព័ន្ធ QR Code អាច​ប្រើ​ជា​សំណាញ់ សុវត្ថិភាព​គាំទ្រ​ដល់​ដំណើរ​ការ​ការងារ​ជា​ធម្មតា តាម​បែប​គន្លង​ថ្មី​ហើយ​សាធារណជន អាច​ទទួល​បាន​ការ​ជូន​ដំណឹង​ទាន់​ពេល​វេលា​ក្នុង​ករណី​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ជំងឺ​កូវីដ១៩។

ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ សង្ឃឹម​ជឿ​ជាក់​យ៉ាង​មុតមាំ​ថា គ្រប់​ក្រសួង​ស្ថាប័ន គ្រឹះស្ថាន​សាធារណៈ និង​ឯកជន​ម្ចាស់​អាជីវកម្ម​ម្ចាស់​ភោជនីយដ្ឋាន​និង​ម្ចាស់​ទីតាំង​ដែល​មាន​មនុស្ស​ចេញ-ចូល​ច្រើន​បង្កើត QR Code សម្រាប់​ទីតាំង​របស់​ខ្លួន និង​សូម​សាធារណជន​ទាំង​អស់​មេត្តា​ចូល​រួម​ស្កេន QR Code និង​អនុវត្ត​តាម​វិធានការ​របស់​រាជរដ្ឋាភិបាល ដើម្បី​រួម​ចំណែក​ដល់​ការ​ទប់ស្កាត់​ការ​ឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូវីដ១៩ ក្នុង​សហគមន៍៕