ភ្នំពេញៈ កម្មវិធី​ស្បៀងអាហារ​ពិភពលោក​ (WFP) ​សហការ​ជាមួយ​ក្រសួង​អប់រំ កាលពី​ថ្ងៃទី​ ២៩ ខែមិថុនា បាន​ចែក​ស្បៀង​ជូន​ដល់​ក្រុមគ្រួសារ​ងាយ​រងគ្រោះ​ចំនួន ៣៩ ៦៥០ ​គ្រួសារ ដែល​ក្នុងនោះ​មាន​ប្រជាពលរដ្ឋ​សរុប ដែល​ទទួលបាន​ជំនួយ​នេះ​ប្រហែល ២០ ​ម៉ឺន​នាក់​នៅក្នុង​ខេត្ត​ចំនួន​ប្រាំ​។

នេះ​គឺជា​ការចែក​ស្បៀង​ជុំ​ទី​ ៤ ដើម្បី​កាត់បន្ថយ​ផលប៉ះពាល់​ពី​ជំងឺ​កូវីដ​ ១៩ ទៅលើ​សេដ្ឋកិច្ច​គ្រួសារ​ងាយ​រងគ្រោះ​។

ខេត្ត​ទាំង​ប្រាំ​នេះ​រួមមាន​សៀមរាប ឧត្តរមានជ័យ កំពង់ធំ កំពង់ឆ្នាំង និង​ពោធិ៍សាត់​។ របប​ស្បៀង​មាន អង្ករ ២៥ ​គីឡូក្រាម ត្រីខកំប៉ុង​ និង​ប្រេងឆា​។

ជំនួយ​នេះ​សម្រាប់​ផ្តល់ជូន​ដល់​ក្រុមគ្រួសារ​ដែល​អាជ្ញាធរ​កំណត់ថា ជា​គ្រួសារ​ងាយ​រងគ្រោះ​មាន​បណ្ណ​អត្តសញ្ញាណកម្ម​គ្រួសារ​ក្រីក្រ (IDPoor) និង​មានកូន​ចុះឈ្មោះ​ចូលរៀន​នៅតាម​សាលា​ដែលមាន​ការគាំទ្រ​ពី​កម្មវិធី​ផ្ដល់​ស្បៀងអាហារ​តាម​សាលារៀន​របស់ WFP និង​ក្រសួង​អប់រំ​។

WFP បញ្ជាក់​ក្នុង​សេចក្តី​ប្រកាស​កាលពី​ថ្ងៃទី​ ២៩ ខែមិថុនា​ថា​៖ «​ជាធម្មតា​កម្មវិធី​ផ្ដល់​ស្បៀងអាហារ តាម​សាលារៀន​របស់ WFP និង​ក្រសួង​អប់រំ ផ្តល់នូវ​អាហារ​សុខភាព​ និង​មាន​ជីវជាតិ​ដល់​កុមារ​ចំនួន ២២៣ ០០០ ​នាក់ នៅតាម​សាលា​គោលដៅ​ចំនួន​ ៩០៨ នៅក្នុង​ខេត្ត​ចំនួន​ប្រាំ (​នេះ​)»​។

WFP បញ្ជាក់ថា អាហារូបត្ថម្ភ​ល្អ​មាន​សារៈសំខាន់​ណាស់ សម្រាប់​ការអភិវឌ្ឍ​ផ្លូវចិត្ត​ និង​រាងកាយ​របស់​កុមារ​។ ការសិក្សា​បានបង្ហាញ​ថា ការផ្ដល់​អាហារ​តាម​សាលារៀន​ជួយ​ឱ្យ​សិស្ស​ផ្តោតអារម្មណ៍​ និង​រៀនសូត្រ​ឆាប់​ចេះ​ចាំ រួមចំណែក​ឱ្យមាន​លទ្ធផល​នៃ​ការអប់រំ​ប្រសើរឡើង ព្រមទាំង​ជួយ​សម្រាល​បន្ទុក​សេដ្ឋកិច្ច​របស់​ក្រុមគ្រួសារ សិស្ស​ផងដែរ​។

WFP បញ្ជាក់ថា ចាប់តាំងពី​មាន​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ​ ១៩ និង​ការផ្អាក​ដំណើរការ​សាលារៀន សិស្ស មិនបាន​ទទួលទាន​អាហារ​ពេលព្រឹក​ដែលមាន​ជីវជាតិ​ទៀត​ទេ​។

បញ្ហា​នេះ​បាន​ជះឥទ្ធិពល​ជាពិសេស​ដល់​កុមារ​មកពី​គ្រួសារ​ក្រីក្រ​បំផុត ដែល​ភាគច្រើន​រង​ការលំបាក​ ដោយសារ​ការបាត់បង់​ចំណូល និង​បាត់បង់​ការងារ​។

លោកស្រី​ ក្លែរ កូណាន់ តំណាង​កម្មវិធី​ស្បៀងអាហារ​ពិភពលោក​ប្រចាំ​នៅ​កម្ពុជា​ថ្លែង​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​នេះ​ថា ក្នុង​អំឡុងពេល​មាន​តម្រូវការ​ខ្ពស់ ជំនួយ​ស្បៀង​របស់ WFP និង​ក្រសួង​អប់រំ គឺជា​ការរួមចំណែក​បំពេញ​បន្ថែម​ដល់​ជំនួយ​គាំពារ​សង្គម​របស់​រដ្ឋាភិបាល​កម្ពុជា ដែល​បាន​ពង្រីក​វិសាលភាព​របស់​ខ្លួន​នៅក្នុង​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ​។

លោកស្រី​ថ្លែងថា​៖ «​ជំនួយ​នេះ​នឹង​រួមចំណែក​ក្នុង​ការបំពេញ​តម្រូវការ​របស់​ក្រុមគ្រួសារ​ងាយ​រងគ្រោះ ជាពិសេស និង​ធានាថា កុមារ​នឹងមាន​អាហារ​ទទួលទាន​ក្នុង​ពេល​មាន​វិបត្តិ​»​។

កម្មវិធី​ផ្តល់​ស្បៀងអាហារ​តាម​សាលារៀន​នៅ​កម្ពុជា និង​ជំនួយ​ស្បៀង​ពិសេស​នេះ​ទទួល​ជំនួយ​ឧបត្ថម្ភ​ពី​រាជរដ្ឋាភិបាល​កម្ពុជា រដ្ឋាភិបាល​ជប៉ុន ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​កូរ៉េ (KOICA) និង​ក្រសួង​កសិកម្ម​នៃ​សហរដ្ឋអាមេរិក (USDA)៕