ភ្នំពេញៈ រដ្ឋាភិបាល​កម្ពុជា​តាម​រយៈ​ក្រសួង សេដ្ឋកិច្ច និង​ហិរញ្ញ​វត្ថុ បាន​និង​កំពុង​ពិនិត្យ​វាយ​តម្លៃ​លើ «សេចក្តី​ព្រាង​ច្បាប់​ស្តីពី​ប្រព័ន្ធ​គាំពារ​សង្គម» ដែល​បង្កើត​ឡើង​ក្នុង​គោល​បំណង​ដើម្បី​ធានា​សុខុមាល​ភាព និង​កាត់​បន្ថយ​ភាព​រងគ្រោះ​ផ្នែក​សេដ្ឋកិច្ច និង ហិរញ្ញ​វត្ថុ។

សេចក្តី​ព្រាង​ច្បាប់​នេះ ក៏​ដើម្បី​ពង្រឹង​សន្តិសុខ​ប្រាក់​ចំណូល​របស់​ប្រជាពលរដ្ឋ និង​លើក​កម្ពស់​សមភាព​សង្គម​តាម​រយៈការ​បង្កើត​និង​គ្រប់​គ្រង​ប្រព័ន្ធ​គាំពារ​សង្គម​ប្រកប​ដោយ​បរិយាបន្ន វឌ្ឍនភាព និង​ចីរភាព​ហិរញ្ញ​វត្ថុ។

លោក រស់ សីលវ៉ា រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញ​វត្ថុ និង​ជា​ប្រធាន​គណៈកម្មាធិការ​ប្រតិបត្តិ​នៃ​ក្រុម​ប្រឹក្សា​ជាតិ​គាំពារ​សង្គម បាន​ដឹក​នាំ​សិក្ខា​សាលា​ពិភាក្សា​លើ «សេចក្តី​ព្រាង​ច្បាប់​ស្តីពី​ប្រព័ន្ធ​គាំពារ​សង្គម» កាល​ពី​ថ្ងៃ​ទី​១ ខែ​កក្កដា ឆ្នាំ​នេះ តាម​ប្រព័ន្ធ​អនឡាញ។

លោក រស់ សីលវ៉ា ថ្លែង​ក្នុង​សិក្ខា​សាលា​នេះ​ថា រដ្ឋាភិបាល​បាន​ទទួល​ស្គាល់​ថា ការ​វិ​វឌ្ឍ​ប្រព័ន្ធ​គាំពារ​សង្គម​ពិត​ជា​មាន​តួនាទី ដើម្បី​ធានា​សុខុមាល​ភាព​ផ្នែក​ហិរញ្ញ​វត្ថុ​ប្រជាពលរដ្ឋ​កម្ពុជា។ ក្នុង​ក្រប​ខ័ណ្ឌ​គោល​នយោបាយជាតិ​គាំពារ​សង្គម ២០១៦-២០២៥ បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​បង្កើន​ផ្តល់​លទ្ធភាព​ទទួល​បាន​សេវា​ការ​គ្រប​ដណ្តប់​ពី​កម្មវិធី​ជាតិ​ជំនួយ​សង្គម និង​របប​សន្តិសុខ​សង្គម សម្រាប់​មន្រ្តី​សាធារណៈ និង​វិស័យ​ឯកជន។

លោក​ថ្លែង​ទៀត​ថា ការ​រៀបចំ​សេក្តី​ព្រាង​ច្បាប់​ស្តីពី ប្រព័ន្ធ​គាំ​ពារ​សង្គម ស្រប​នឹង​ទស្សនៈ​របស់​រដ្ឋាភិបាល​ក្នុង​ការ​ប្រែ​ក្លាយ​ពី​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ទាប​ទៅ​ជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ ២០៣០ និង​ប្រែ​ក្លាយ​ជា​ប្រទេស​មាន​ចំណូល​ខ្ពស់​នៅ​ឆ្នាំ ២០៥០។

លោក​លើក​ឡើង​ថា៖ «ដើម្បី​ធានា​បាន​សន្តិសុខ​ប្រាក់​ចំណូល​របស់​ពលរដ្ឋ រដ្ឋាភិបាល​មាន​កំណត់​ចក្ខុ​វិស័យ​វែង​ឆ្ងាយ​ក្នុង​ការ​អភិវឌ្ឍ​ប្រព័ន្ធ​គាំពារ​សង្គម​ដែល​ជា​ឧបករណ៍​បម្រើ​ដល់​ការ​កាត់​បន្ថយ​និង​ទប់​ស្កាត់​ភាព​ក្រីក្រ ភាព​ងាយ​រងគ្រោះ និង​វិសមភាព​សង្គម»។

សេចក្តី​ព្រាង​ច្បាប់​ស្តីពី​ប្រព័ន្ធ​គាំពារ​សង្គម មាន ១០ ជំពូក និង ៩១ មាត្រា៕