ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន សម្រេច​កែសម្រួល​មាត្រា​មួយចំនួន​នៅក្នុង​អនុក្រឹត្យ​កាលពី​ឆ្នាំ​ ១៩៩៩ ស្តីពី​ការត្រួតពិនិត្យ​ការបំពុល​ទឹក ដែល​មាត្រា​ថ្មី​នេះ ហាមឃាត់​ដាច់ខាត​ការបង្ហូរ​ទឹក​កខ្វក់​ចូល​បណ្តាញ​លូ​សាធារណៈ​ ឬ​តំបន់​ទឹក​សាធារណៈ ដោយ​មិន​បានធ្វើ​ប្រព្រឹត្តិកម្ម​សម្អាត ឬ​មិន​ឆ្លើយតប​ស្តង់ដា​បញ្ចេញ​។

ការសម្រេច​កែសម្រួល​មាត្រាមួយ​ចំនួន​នៃ​អនុក្រឹត្យ​ទាំងនេះ ធ្វើឡើង​បន្ទាប់ពី​មានការ​ស្នើសុំ​ពី​លោក សាយ សំអាល់ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​។

មាត្រា​ថ្មី​នេះ​ក៏​ហាមឃាត់​ជាដាច់ខាត​ចំពោះ​ការបញ្ចេញ​សំណល់​រាវ​មិន​ឆ្លងកាត់​អាង​ប្រព្រឹត្តិកម្ម​សម្អាត​សំណល់​រាវ​។ បន្ថែម​ពីនេះ ចំពោះ​ការ​បង្កប់​លូ ឬ​ការបូម​បញ្ចេញ​សំណល់​រាវ​មិន​ឆ្លងកាត់​អាង​ប្រព្រឹតិ្តកម្ម​សម្អាត​សំណល់​រាវ និង​ការមិន​ដាក់​ឱ្យ​ដំណើរការ​អាង​ប្រព្រឹតិ្តកម្ម​សម្អាត​សំណល់​រាវ​ ឬ​ដំណើរការ​អាង​ប្រព្រឹតិ្តកម្ម​សម្អាត សំណល់​រាវ​មិន​ត្រឹមត្រូវ​តាម​លក្ខណៈ​បច្ចេកទេស ដែល​បាន​កំណត់​នៅក្នុង​លិខិតអនុញ្ញាត​របស់ ក្រសួង ស្ថាប័ន​មាន​សមត្ថកិច្ច ក៏​ត្រូវបាន​ហាមឃាត់​ផងដែរ​។

ការបញ្ចេញ​សំណល់​រាវ​ពី​ប្រភព​បំពុល​នានា​ត្រូវ​អនុលោម​តាម​កម្រិត​កំណត់​ស្តង់ដា​នៃ​ការបញ្ចេញ​សំណល់​រាវ​ដែល​មានចែង​ក្នុង​អនុក្រឹត្យ​នេះ​។

អនុក្រឹត្យ​ដដែល​បាន​បញ្ជាក់ថា មាន​ប្រភព​បំពុល​មួយចំនួន ដែល​ចាំបាច់​តម្រូវឱ្យ​សុំ​ការអនុញ្ញាត​ពី​ក្រសួងបរិស្ថាន មុននឹង​ធ្វើការ​បញ្ចេញ​ចោល​ ឬ​ដឹកជញ្ជូន​ចេញ​នូវ​សំណល់​រាវ​របស់​ម្ចាស់​សំណើ​ទៅ​កន្លែង​ដទៃទៀត​។

អនុក្រឹត្យ​នោះ​បាន​រៀបរាប់ថា ប្រភព​បំពុល​កម្រិត​ទី​១ តម្រូវឱ្យមាន​ការសុំ​អនុញ្ញាត​ពី​ក្រសួងបរិស្ថាន ក្នុងករណី​ដែល​បរិមាណ សំណល់​រាវ​របស់​ប្រភព​បំពុល​នោះ​មាន​ចំនួន​ច្រើនជាង​ ៤០ ​ម៉ែត្រគុប​ក្នុង​ ១ ​ថ្ងៃ ដោយ​ពុំ​គិត បញ្ចូល​នូវ​បរិមាណ​ទឹក​ដែល​ប្រើប្រាស់​សម្រាប់​ប្រព័ន្ធ​ត្រជាក់​គ្រឿងចក្រ​។

ចំពោះ​ប្រភព​បំពុល​កម្រិត​ទី​២ តម្រូវឱ្យមាន​ការសុំ​អនុញ្ញាត​ពី​ក្រសួងបរិស្ថាន ក្នុងករណី​ដែល​បរិមាណ សំណល់រាវ​របស់​ប្រភព​បំពុល​នោះ​មាន​ចំនួន​ច្រើនជាង​ ២០ ​ម៉ែត្រគុប​ក្នុង​ ១ ​ថ្ងៃ ដោយ​ពុំ​គិត​បញ្ចូល​នូវ​បរិមាណ​ទឹក​ដែល​ប្រើប្រាស់​សម្រាប់​ប្រព័ន្ធ​ត្រជាក់​គ្រឿងចក្រ ខណៈ​ប្រភព​បំពុល​កម្រិត​ទី​ ៣ តម្រូវឱ្យ​មាន​ការសុំ​ការអនុញ្ញាត​ពី​ក្រសួងបរិស្ថាន ទោះបី​ក្នុង​បរិមាណ​ណាក៏ដោយ​។

អនុក្រឹត្យ​នេះ​បាន​បញ្ជាក់ថា​៖ «​លិខិតអនុញ្ញាត​បញ្ចេញ​ចោល ឬ​ដឹកជញ្ជូន​ចេញ​នូវ​សំណល់​រាវ ត្រូវ​ព្យួរ​ជា​បណ្តោះអាសន្ន​ ឬ​ដកហូត​ជា​ស្ថាពរ​ក្នុង​ករណី​ណាមួយ ដូចជា​មិនបាន​អនុវត្ត​ត្រឹមត្រូវ​តាម​ស្តង់ដា​នៃ​ការបញ្ចេញ​សំណល់​រាវ​។ ខកខាន​មិនបាន​អនុវត្ត​លក្ខខណ្ឌ​តម្រូវ ដែលមាន​កំណត់​ក្នុង​លិខិត​អនុញ្ញាត និង​កើតមាន​ករណី​ការបំពុល​បរិស្ថាន ឬ​ការបង្ក​គ្រោះថ្នាក់​ដល់​សុខភាព​បណ្តាលមកពី​ស្ថានភាព​គ្រប់គ្រង​សំណល់រាវ​មាន​ការខ្វះចន្លោះ ឬ​ការធ្វេសប្រហែស​»​។

លោក នេត្រ ភក្ត្រា អ្នកនាំពាក្យ​ក្រសួងបរិស្ថាន​បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ នៅ​ថ្ងៃទី​ ១ កក្កដា​ថា ការរីកចម្រើន វិស័យ​មួយចំនួន​ក៏​ក្លាយជា​ប្រភព​បង្ក​ការបំពុល​បរិស្ថាន​ទឹក​ផងដែរ តាមរយៈ​ការបញ្ចេញ​សំណល់​រាវ​ដែល​បាន ឬមិនបាន​ធ្វើ​ប្រព្រឹតិ្តកម្ម​សម្អាត​ឆ្លើយតប​ទៅនឹង​កម្រិតស្តង់ដា​នៃ​ការបញ្ចេញ បង្ក​ឱ្យ​មាន​ផលប៉ះពាល់​ដល់​សុខភាព​សាធារណៈ និង​ការអភិរក្ស​ជីវចម្រុះ​។ ហើយ​ក្នុង​រយៈពេល​កន្លងមក​រហូតដល់​បច្ចុប្បន្ននេះ ការអនុវត្ត​អនុក្រឹត្យ​ស្តីពី​ការត្រួតពិនិត្យ​ការបំពុល​ទឹក បាន​ជួបប្រទះ​នូវ​បញ្ហា​ប្រឈម​មួយចំនួន ដែល​តម្រូវ​ឱ្យ​ធ្វើការ​កែ​សម្រួល​អនុក្រឹត្យ​នេះ​។

លោក​ថ្លែងថា​៖ «​ដើម្បី​ដោះស្រាយ​បាន​នូវ​បញ្ហា​ប្រឈម និង​ក្តីកង្វល់​នេះ និង​ក្នុង​គោលបំណង​ធានា​ប្រសិទ្ធភាព​នៃ​ការគ្រប់គ្រង​ការបំពុល​បរិស្ថាន​ទឹក ទាមទារ​ឱ្យមាន​ការរៀបចំ​ប្រព័ន្ធ​ត្រួតពិនិត្យ​ការបំពុល​ទឹក​ដែលមាន​លក្ខណៈ​ស្រប​ទៅ​នឹង​ស្ថានភាព​ជាក់ស្តែង​នៃ​ការរីកចម្រើន​សេដ្ឋកិច្ចជាតិ​»​។

ការកែសម្រួល​អនុក្រឹត្យ​នេះ​នឹង​ក្លាយជា​វិធាន​មួយ​ក្នុង​ការជំរុញ និង​ធ្វើឱ្យ​ប្រសើរឡើង​នូវ​ការគ្រប់គ្រង​សំណល់​រាវ​តាម​ប្រភព​បំពុល​ប្រកប​ដោយ​ប្រសិទ្ធភាព និង​ប្រសិទ្ធផល ព្រមទាំង​កាត់បន្ថយ​បាន​នូវ​ហានិភ័យ​ដល់​សុខភាព​សាធារណៈ និង​ការអភិរក្ស​ជីវចម្រុះ​។ បញ្ហា​ដែល​បាន​ជួបប្រទះ​ក្នុងការ​គ្រប់គ្រង​បញ្ហា​ទឹក​កខ្វក់​ក្នុងពេល​បច្ចុប្បន្ន​ក៏​ព្រោះ​មាន​ប្រភេទ​ទីតាំង​ផលិតកម្ម​ថ្មីៗ​មួយចំនួន​មិន​ស្ថិតក្នុង​វិសាលភាព​នៃ​អនុក្រឹត្យ​៕