ភ្នំពេញៈ ឪពុកចុង​ដែល​ប្រើ​ដៃ​វាយ​កូនស្រី​ចុង​អាយុ​ជាង​ ២ ​ខួប​បណ្តាលឱ្យ​បាក់ឆ្អឹង​ជំនីរ​មុត​សួត​ស្លាប់​ត្រូវ​សមត្ថកិច្ច​បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃទី​ ២ កក្កដា បន្ទាប់ពី​បង្កហេតុ និង​ចាប់ខ្លួន​កាលពី​ថ្ងៃទី​ ៣០ ​មិថុនា​ ដែល​ប្រព្រឹត្ត​នៅ​សង្កាត់​ស្ទឹងមានជ័យ​ទី​២ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ​នោះ​។

លោក សាន សុខសីហា អ្នកនាំពាក្យ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ប្រាប់ ​ភ្នំពេញ ប៉ុស្តិ៍​ នៅ​ថ្ងៃទី​ ១ កក្កដា​ថា ជនសង្ស័យ​ឈ្មោះ សុខ រដ្ឋា អាយុ ២៩ ​ឆ្នាំ ជា​កម្មករ​រោងចក្រ និង​ស្នាក់នៅ​បន្ទប់​ជួល​ក្នុងភូមិ​ឫស្សី​ ២ សង្កាត់​ស្ទឹងមានជ័យ​ទី​៣ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។ ​ចំណែកឯ​ក្មេងស្រី​រងគ្រោះ​ស្នាក់នៅ​ជាមួយ​យាយ​តា​ក្នុង​ភូមិសាស្ត្រ​សង្កាត់​ស្ទឹងមានជ័យ​ទី​ ២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។

លោក​ថ្លែងថា​៖ «​កម្លាំង​សមត្ថកិច្ច​ខណ្ឌមានជ័យ​បាន​ចាត់ចែង​តាម​នីតិវិធី​ហើយ ហើយ​ត្រូវ​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី-ភ្នំពេញ​នៅ​ថ្ងៃទី​ ២ កក្កដា​»​។

លោក ណេង សាមឿន នាយនគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ស្ទឹងមានជ័យ​ទី​២ ​ឱ្យដឹង​នៅ​ថ្ងៃទី​ ១ ​កក្កដា​ថា កាលពី​វេលា​ម៉ោងជាង​ ១ រសៀល​ថ្ងៃទី​ ៣០ មិថុនា មាន​ពលរដ្ឋ​រស់នៅក្នុង​ក្រុមទី​៧ ភូមិ​ឫស្សី​ ៣ សង្កាត់​ស្ទឹងមានជ័យ​ទី​២ បាន​រាយការណ៍​ប្រាប់​កម្លាំង​សមត្ថកិច្ច​របស់លោក​ថា មាន​ករណី​ឪពុកចុង​ប្រើ​ហិង្សា​វាយ​កូនស្រី​ចុង​បណ្តាល​ឱ្យ​ស្លាប់​។ ពេលនោះ​លោក​បាន​ចុះ​ដល់​ទីតាំង​ស្នាក់នៅ​របស់​កុមារី​រងគ្រោះ និង​ឃើញ​កុមារី​ម្នាក់​ស្លាប់​ហើយ​លោក ឃើញ​មាន​ស្នាម​ជាំ​ម្រាម​ទាំង​ដៃ​ ៥ ​ជាប់​នៅលើ​ទ្រូង​របស់​ក្មេង​តែម្តង​។

បន្ទាប់មក​លោក​បាន​រាយ​ការណ៍​ទៅ​លោក ម៉េង វិមានតារា អធិការនគរបាល​ខណ្ឌ​មានជ័យ​ និង​រាយការណ៍​បន្តទៅ​នគរបាល​ជំនាញ​ផ្នែក​បច្ចេកទេស​វិទ្យាសាស្ត្រ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ ដើម្បី​ចុះ​ធ្វើ​កោសល្យវិច័យ​លើ​សាកសព​ក្មេងរងគ្រោះ ខណៈ​ជនសង្ស័យ​ក៏​ឃាត់ខ្លួន​បានដែរ «​ខ្ញុំ​សន្និដ្ឋាន​បឋម​ថា ការស្លាប់​របស់​ក្មេង​ពិតជា​ទទួលរង​អំពើ ហិង្សា​ពី​សំណាក់​ឪពុកចុង​នោះ​ហើយ​។ ខ្ញុំ​ទុក​ការងារ​នេះ​ឱ្យ​គ្រូពេទ្យ និង​នគរបាល​ជំនាញ​ទើប​ដឹង​ច្បាស់​»​។

លោក​បញ្ជាក់ថា ការធ្វើ​កោសល្យ​វិច័យ​ពី​សំណាក់​នគរបាល​ជំនាញ​ពី​គ្រូពេទ្យ​ពិសេស​ពី​សំណាក់​អង្គការ​ស៊ីភីយូ​ (CPU) ​របស់​ប្រទេស​អូស្ត្រាលី​ប្រចាំ​នៅ​កម្ពុជា​មក​ឃើញថា ក្មេង​រងគ្រោះ​មិនមែន​ស្លាប់​ ដោយសារ​ការរំលោភ​សេពសន្ថវៈ​ទេ​តែ​ជាការ​រងគ្រោះ​ដោយ​អំពើហិង្សា​ធ្ងន់ធ្ងរ​ពី​សំណាក់​ជនសង្ស័យ​ជា​ឪពុកចុង​នោះ​។

លោក នង សុវណ្ណរ័ត្ន ជា​គ្រូពេទ្យ​ឯកទេស​នៃ​ក្រសួង​សុខាភិបាល​ផ្នែក​ធ្វើ​កោសល្យវិច័យ​សាកសព​បាន​ប្រាប់​នៅ​ថ្ងៃទី​ ១ ​កក្កដា ​ដែរ​ថា​ លោក​បាន​ចូលរួម​ធ្វើ​កោសល្យវិច័យ​លើ​សាកសព​កុមារី​រងគ្រោះ​នោះ​ឃើញថា​ការស្លាប់​របស់​នាង​គឺជា​ការប្រើ​អំពើហិង្សា​ធ្ងន់ធ្ងរ តែ​មិនមែន​ស្លាប់​ដោយ​ការរំលោភ​ទេ​៕