ភ្នំពេញៈ លោក តាន់ ផាន់ណារ៉ា ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា ទទួល​បន្ទុក​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ​បាន​ឱ្យដឹងថា កម្ពុជា ហាមឃាត់​ដាច់ខាត ការនាំ​ជ្រូក​ចូល​ពី​ប្រទេស​វៀតណាម ខណៈ​សត្វ​ជ្រូក​លួច​នាំចូល​ពី​ប្រទេសមួយ​នេះ​ចំនួន​ ៣០ ​ក្បាល​ ​នឹង​ត្រូវ​ដុត​កម្ទេចចោល បើ​លទ្ធផល​រកឃើញ​ថា មាន​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក​។

កាលពី​យប់​ថ្ងៃទី​ ២៧ ឈានចូល​ថ្ងៃទី​ ២៨ ខែ មិថុនា ឆ្នាំ​ ២០២១ ក្រុមការងារ​អន្តរាគមន៍​បង្ក្រាប​បទល្មើស​ចលនា​សត្វ​នៃ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ​បាន​ចុះ​ស្ទាក់ចាប់​រថយន្ត ១ ​គ្រឿង ម៉ាក​ HYUNDAI បាន​ដឹក​ជ្រូក​រស់​ចំនួន​ ៣០ ​ក្បាល នៅលើ​ផ្លូវជាតិ​លេខ​ ១ ក្នុងភូមិ​បាក់​រនាស់ សង្កាត់​សង្ឃ័រ ក្រុង​ស្វាយរៀង ខេត្ត​ស្វាយរៀង ដឹក​ចេញពី​ប្រទេស​វៀតណាម ចូលមក​កម្ពុជា​តាម​ច្រករបៀង ក្រុង​បាវិត ដោយ​ពុំមាន​លិខិត​អនុញ្ញាត​អ្វី​ទាំងអស់​។ ក្រុមការងារ​បាន​បញ្ជូន​បទល្មើស និង​វត្ថុតាង​ទាំងនោះ​ទៅ​រក្សាទុក​នៅ​ទីតាំង​ចត្តាឡី​ស័ក​សត្វ​របស់​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ ដើម្បី​ចាត់ការ​ទៅ​តាម​នីតិវិធី​ច្បាប់​។

លោក តាន់ ផាន់ណារ៉ា បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ​១ ខែកក្កដា​ថា ចំពោះ​ជ្រូក​ដែល​ទើប​ចាប់បាន​ចំនួន ៣០ ​ក្បាល​នេះ គឺ​មិនទាន់​ចេញ​លទ្ធផល​វិភាគ​នៅឡើយ​ទេ​។ បើ​ក្នុងករណី​ចេញ​លទ្ធផល​វិភាគ​ឃើញ​ថា គ្មាន​ផ្ទុក​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​នោះ ម្ចាស់​អាជីវកម្ម​ជ្រូក​នេះ​នឹង​ទទួលពិន័យ​អន្តរការណ៍​តាមច្បាប់​ចន្លោះ​ពី ១០ លាន​ទៅ ១៥ ​លាន​រៀល​។

ប៉ុន្តែ​លោក​ថា បើ​ក្នុងករណី​លទ្ធផល​វិភាគ​លើ​ជ្រូក​ទាំង ៣០ ​ក្បាល​នេះ​មាន​ផ្ទុក​ជំងឺ នោះ​អគ្គនាយកដ្ឋាន​នឹង​សម្រេច​ដុត​កម្ទេច​បំផ្លាញ​ចោល​ជ្រូក​ទាំងនេះ​ដើម្បី​ការពារ​ការឆ្លង​រីករាលដាល​ទៅ​ជ្រូក​ដទៃ​។

លោក តាន់ ផាន់ណារ៉ា បញ្ជាក់ថា គ្រប់​អាជីវកម្ម​នាំចូល​ជ្រូក​ទាំងអស់​ពី​ប្រទេស​វៀតណាម​គឺ​ត្រូវបាន​ហាមឃាត់​ដាច់ខាត​ក្នុង​អំឡុង​ពេលនេះ ក៏​ព្រោះតែ​ប្រទេស​នេះ កំពុង​ផ្ទុះ​រោគ​រាតត្បាត​យ៉ាងខ្លាំង​បើទោះជា​មាន​ក្រុមហ៊ុន ស្នើសុំ​នាំចូល​តាមច្បាប់​ក៏ដោយ​។

លោក​បាន​បញ្ជាក់ថា​៖ «​ដូច្នេះ រាល់​ជ្រូក​ដែល​ត្រូវបាន​នាំចូល​ពី​ប្រទេស​វៀតណាម គឺជា​ការលួច​នាំចូល​ដោយ​ខុសច្បាប់​។ ចំណែក​ការនាំ​ចូល​ជ្រូក​ពី​ប្រទេស​ថៃ ក៏​នៅតែ​មានការ​លួច​នាំចូល​ដោយ​ខុសច្បាប់​ដែរ​»​។

លោក តាន់ ផាន់ណារ៉ា បញ្ជាក់ថា​៖ «​យើង​នឹង​នៅតែ​រឹតបន្តឹង​ការនាំ​ចូល​ដោយ​ខុសច្បាប់​ដដែល ដោយសារ​ហានិភ័យ​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​នេះ វា​ធ្ងន់​ណាស់ បើសិន​មាន​ការលួច​នាំចូល​ពី​ប្រទេស​វៀតណាម​មក​ប្រទេស​យើង វា​នឹង​បំផ្លាញ​សេដ្ឋកិច្ច​ដល់​កសិករ ក៏ដូចជា​ម្ចាស់​កសិដ្ឋាន​ធ្ងន់ធ្ងរ​តែម្តង​»​។

ក្រៅពី​ការចុះ​ទប់ស្កាត់​ការនាំ​ចូល​ជ្រូក​ដោយ​ខុសច្បាប់​ពី​ប្រទេស​វៀតណាម កាលពី​យប់​ថ្ងៃទី​ ២៩ ខែមិថុនា ឆ្នាំ​ ២០២១ ក្រុមការងារ​អន្តរាគមន៍​បង្ក្រាប​បទល្មើស​ចលនា​សត្វ​នៃ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ សហការ​ជាមួយ​ការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល​ខេត្ត​បន្ទាយមានជ័យ និង​កងរាជអាវុធហត្ថ ស្រុក​ម៉ាឡៃ​ក៏​បាន​ចុះ​ស្ទាក់ចាប់​បទល្មើស​ចរាចរណ៍​សត្វ​ជ្រូក​នេះ​ផងដែរ​។

ក្នុង​ប្រតិបត្តិការ​នេះ គឺ​បាន​ដកហូត​សត្វ​ជ្រូក​រស់​ចំនួន​ ៥ ​ក្បាល​នៅ​ទីតាំង​ស្តុក​សត្វ​មួយកន្លែង នៅ​ភូមិ​អូរស្រឡៅ ឃុំ​អូរស្រឡៅ ស្រុក​ម៉ាឡៃ ខេត្ត​បន្ទាយមានជ័យ​ជា​ជ្រូក​ដែល​ដឹក​ចេញពី​ប្រទេស​ថៃ​ចូល​មក​កម្ពុជា​តាម​ច្រករបៀង​ក្នុងស្រុក​ម៉ាឡៃ​ដោយ​ពុំមាន​លិខិត​អនុញ្ញាត​អ្វី​ទាំងអស់ ខណៈ​ដែល​សត្វ​មាន់​រស់​ចំនួន ៥៨៨ ​ក្បាល​ ក៏​ត្រូវ​បាន​ដកហូត​ផងដែរ​។ នេះ​បើតាម​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ​បាន​ឱ្យដឹង​នៅ​ថ្ងៃទី​ ៣០ មិថុនា​។

លោក ស្រ៊ុន ពៅ ប្រធាន​សមាគម​អ្នក​ចិញ្ចឹមសត្វ​កម្ពុជា​បាន​សាទរ ចំពោះ​ចំណាត់ការ​ទាំងឡាយ​របស់​សមត្ថកិច្ច​ក្នុង​ការទប់ស្កាត់​ការលួច​នាំចូល​ជ្រូក ខណៈដែល​លោក​បារម្ភ​ពី​ហានិភ័យ ដែល​អាច​ធ្វើឱ្យ​ជ្រូក​ក្នុងស្រុក​ឆ្លង​ងាប់​។

លោក​បាន​និយាយ​បន្តថា ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក គឺ​ងាយ​ឆ្លង​បំផុត ហើយ​មិនមាន​ថ្នាំ​ការពារ និង​ព្យាបាល​នោះទេ បើកាលណា​មានការ​ប៉ះពាល់​សត្វ​ជ្រូក​មាន​ជំងឺ​តាមរយៈ​រុយ ឬ​ចៃ​របស់​សត្វ​ជ្រូក​នោះ​ហើយ គឺ​ងាយ​នឹង​ចម្លងជំងឺ​នេះ​បំផុត ទៅកាន់​សត្វ​ជ្រូក​ក្នុងស្រុក​ដទៃទៀត​។

លោក​បញ្ជាក់ថា​៖ «​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​នេះ សាហាវ​បំផុត​ដែល​តាម​ការសិក្សា​មក គឺ​ជាង ១០០ ​ឆ្នាំ​ហើយ​អត់​មាន​វ៉ាក់សាំង​ការពារ និង​ព្យាបាល​សត្វ​ជ្រូក​ទេ​។ បើសិនណា​តែ​ឆ្លង​ចូលមក​ជ្រូក​ក្នុង​ទ្រុង​យើង​តែ ១ គឺ ១ ​ហ្នឹង​នឹងធ្វើ​ឱ្យ​ជ្រូក​នៅក្នុង​ទ្រុង​ឈឺ​ងាប់​ទាំងអស់​។ គឺថា បើ​មាន​ ១ ០០០ ​ក្បាល​ គឺ​ងាប់​ទាំង ១ ០០០ ​ក្បាល​ បើ​មាន ១ ម៉ឺន​ជ្រូក​គឺ​ងាប់​ទាំង ១ ​ម៉ឺន​មិនមែន​ឆ្លង​ហើយ​ឈប់​ទេ​»​។

កាលពី​ឆ្នាំ​ ២០១៩ កម្ពុជា​ធ្លាប់​ផ្ទុះ​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​នេះ​ម្តង​រួចមកហើយ ដោយ​ការឆ្លង​ចូល​នូវ​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​កាលនោះ ជាហេតុ​បានធ្វើឱ្យ​កម្ពុជា​ជួបប្រទះ​នូវ​ការខ្វះ​ជ្រូក​សម្រាប់​ផ្គត់ផ្គង់​ទីផ្សារ​ក្នុងស្រុក ដោយសារ​តែ​ត្រូវ​សម្លាប់​ជ្រូក​ដែល​ឆ្លង​ក្នុងស្រុក​រាប់ពាន់​ក្បាល​។ នេះ​បើតាម​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​៕