ភ្នំពេញៈ សមត្ថកិច្ច​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃទី​ ២ ខែកក្កដា​នេះ បាន​បញ្ជូន​បុរស​អាយុ​ ២៩ ​ឆ្នាំ​ម្នាក់​ដែល​ជាប់ចោទ​ពី​បទ​ធ្វើ​ទារុណកម្ម​សម្លាប់​កូនស្រី​ចុង​អាយុ​ ២ ​ឆ្នាំ​របស់ខ្លួន​កាលពី​ ២ ​ថ្ងៃមុន ទៅ​តុលាការ​។

អង្គភាព​ការពារ​កុមារ (CPU) បញ្ជាក់​ក្នុង​ហ្វេសប៊ុក​នៅ​ថ្ងៃទី​ ២ ខែកក្កដា​ថា​៖ «​ជា​លទ្ធផល​នៃ​ការស៊ើបអង្កេត​ទៅលើ​ការស្លាប់​របស់​កុមារី​អាយុ​ ២ ​ឆ្នាំ​នៅ​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃទី​ ៣០ ខែមិថុនា បុរស​អាយុ​ ២៩ ​ឆ្នាំ​ម្នាក់ ត្រូវជា​ឪពុកចុង​របស់​កុមារី​រងគ្រោះ​ត្រូវ​បាន​បញ្ជូន​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​ ដើម្បី​ធ្វើការ​ផ្តន្ទាទោស​ពី​បទឃាតកម្ម​ទៅលើ​កុមារ​»​។

លោក James McCABE នាយក​ប្រតិបត្តិ CPU បាន​ថ្លែង​ក្នុង​ទំព័រ​ហ្វេសប៊ុក​របស់ CPU ថា សេចក្តី​បំភ្លឺ​ដំបូង​របស់​ជនសង្ស័យ ដែល​រៀបរាប់​អំពី​មូលហេតុ​បង្កឱ្យមាន​របួស​ជាច្រើន​ដែលមាន​នៅលើ​សាកសព​កុមារី​រងគ្រោះ​គឺ​មិន​សមស្រប​នោះទេ​។

លោក​ថ្លែងថា​៖ «​ហើយ​បន្ទាប់ពី​ការស៊ើបអង្កេត​បន្ថែម និង​ការធ្វើ​កោសល្យវិច័យ​សាកសព​កុមារី​រងគ្រោះ យើង​មាន​ភ័ស្តុតាង​ជាក់ស្តែង​បង្ហាញថា កុមារី​នេះ​ត្រូវបាន​គេ​វាយ​យ៉ាង​ឃោរឃៅ រហូតដល់​ទទួលមរណភាព​»​។

លោក James បន្តថា ពេលដែល​សមត្ថកិច្ច​បង្ហាញ​ភ័ស្តុតាង​កោសល្យវិច័យ​ទាំងនេះ​ទៅកាន់​ជនសង្ស័យ ជនសង្ស័យ​ក៏បាន​សារភាព​ពី​បទល្មើស និង​បាន​រៀបរាប់​យ៉ាង​ពេញលេញ​អំពី​សកម្មភាព​ហិង្សា​ទៅលើ​កុមារ​រងគ្រោះ​។

ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​បញ្ជាក់​ក្នុង​ទំព័រ​ហ្វេសប៊ុក​នៅ​ថ្ងៃទី​ ២ ខែកក្កដា​ថា​៖ «​ជនសង្ស័យ​ជា​ឪពុកចុង​ឈ្មោះ សុខ រដ្ឋា ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​លើ​ករណី​អំពើ​ឃាតកម្ម (​យក​ជង្គង់​អុក​លើ​ដើមទ្រូង​បណ្តាល​ឲ្យ​ស្លាប់​) ត្រូវ​បាន​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃទី​ ០២ ខែកក្កដា ឆ្នាំ​ ២០២១»​។

ជនសង្ស័យ​មាន​ទីលំនៅ​ផ្ទះជួល​ផ្លូវលំ​ភូមិ​ឫស្សី សង្កាត់​ស្ទឹងមានជ័យ​ទី​ ២ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ មុខរបរ​មិន​ពិតប្រាកដ មាន​ផ្ទុក​សារធាតុ​ញៀន ហើយ​ក្មេងស្រី​រងគ្រោះ​រស់នៅ​ផ្ទះ​ដែលមាន​ទីលំនៅ​ជាមួយ​ជនសង្ស័យ​ដែរ​។

កាលពី​ថ្ងៃទី​ ៣០ ខែមិថុនា ឆ្នាំ ២០២១ ​នៅ​ចំណុច​ផ្ទះជួល​នេះ ជនសង្ស័យ​បាន​យក​ជង្គត់​អុក​លើ​ដើមទ្រូង​ក្មេងស្រី​រងគ្រោះ បណ្ដាល​ឲ្យ​របួស​ធ្ងន់ធ្ងរ ហើយក៏​បាន​នាំយក​សាកសព​ក្មេងរងគ្រោះ​ទៅ​ឱ្យ​ជីតា​របស់​នាង ដោយ​ភូត​កុហក​ថា រូបគេ​រអិល​ជើង​ដួល​ក្នុង​បន្ទប់ទឹក សង្កត់​លើ​ក្មេងរងគ្រោះ​បណ្ដាល​ឲ្យ​ស្លាប់​។

ហ្វេសប៊ុក​ដដែល​បន្តថា ជីតា​របស់​ក្មេងរងគ្រោះ​ក៏បាន​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ប៉ុស្តិ៍នគរបាល​ស្ទឹងមានជ័យ​ទី​ ២ ដែល​បាន​សហការ​ជាមួយ​កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិតធ្ងន់ និង​កម្លាំង​ការិយាល័យ​នគរបាល​បច្ចេកទេស​វិទ្យាសាស្ត្រ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​បាន​ចុះ​ពិនិត្យ​លើ​សាកសព​ក្មេងរងគ្រោះ ហើយ​ឃើញ​មាន​ស្នាម​ជាំខ្លួន​ប្រាណ​ជាច្រើន​កន្លែង​ដែល​មិនអាច​រអិល​ជើង​ដួល​សង្កត់​លើ​ដូច​ការអះអាង​របស់​ជនសង្ស័យ​នោះទេ​។

ប្រភព​ដដែល​បញ្ជាក់ថា​៖ «​ពេលនោះ​សមត្ថកិច្ច​យើង​បាន​នាំខ្លួន​ជនសង្ស័យ​ឈ្មោះ​ សុខ រដ្ឋា យកមក​សាកសួរ​នៅ​ទីស្នាក់ការ​ប៉ុស្តិ៍នគរបាល​ស្ទឹងមានជ័យ​ទី​ ២ រយៈពេល​យ៉ាងយូរ​ទើប​ជនសង្ស័យ​ឈ្មោះ​ សុខ រដ្ឋា ព្រមឆ្លើយ​សារភាពថា រូបគេ​ពិតជា​បាន​វាយ និង​យក​ជង្គង់​អុក​លើ​ដើមទ្រូង​ជនរងគ្រោះ បណ្តាល​ឲ្យ​ស្លាប់ ពិតប្រាកដ​មែន​»​។

ហ្វេសប៊ុក​ដដែល​បន្តថា បន្ទាប់មក​ម្ដាយបង្កើត​របស់​ក្មេងរងគ្រោះ​បានមក​ដាក់ពាក្យ​បណ្ដឹង​នៅ​ទីស្នាក់ការ​ប៉ុស្តិ៍នគរបាល​ស្ទឹងមានជ័យ​ទី​ ២ ឲ្យ​ចាត់ការ​តាមផ្លូវ​ច្បាប់​ចំណែក​សាកសព​ក្មេងរងគ្រោះ​ត្រូវបាន​ប្រគល់​ឲ្យ​ម្ដាយ​យកទៅ​ធ្វើបុណ្យ​នៅ​វត្ត​សំបួរ សង្កាត់​ដង្កោ​ខណ្ឌដង្កោ​រាជធានី​ភ្នំពេញ​។

ជនសង្ស័យ​រូបនេះ​ត្រូវបាន​ឃាត់ខ្លួន នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ នៅពេល​នាំខ្លួន​ទៅ​សាកសួរ​៕