ភ្នំពេញៈ ​សាលា​រាជធានី​ភ្នំពេញ​បាន​សម្រេច​ផ្អាក​ដំណើរការ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ផ្សារ​អូឡាំពិក​​ ឬ​ហៅថា ផ្សារ​អូឡាំពិក​រយៈពេល​ ១៤ ​ថ្ងៃ ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ​ ១៩ ​បន្ទាប់ពី​អាជីវករ​ និង​បុគ្គលិក​ផ្សារ​នេះ​ត្រូវបាន​រកឃើញ​មាន​វិជ្ជមាន​ជំងឺឆ្លង​នេះ​។

សាលា​រាជធានី​ភ្នំពេញ​បាន​ឱ្យដឹង​ក្នុង​សេចក្តី​សម្រេច​នៅ​ថ្ងៃទី​ ២ ខែកក្កដា​ថា​៖ «​ត្រូវបាន​ផ្អាក​ដំណើរការ​ជា​បណ្តោះអាសន្ន​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ផ្សារ​អូឡាំពិក​…​ដែលមាន​ករណី​វិជ្ជមាន​កើតឡើង​ថ្មី ក្នុងចំណោម​បុគ្គលិក​កម្មករ​ និង​អាជីវករ ដើម្បី​ប្រយុទ្ធ​ និង​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ​ ១៩ សម្រាប់​រយៈពេល​ ១៤ ​ថ្ងៃ​»​។

ផ្សារ​អូឡាំពិក​ដែលមាន​ទីតាំង​ស្ថិតក្នុង​សង្កាត់​អូឡាំពិក ខណ្ឌ​បឹងកេងកង រាជធានី​ភ្នំពេញ​នេះ​នឹង​ត្រូវ​ផ្អាក​គិត​ចាប់ពី​ម៉ោង​ ១២ ​យប់​ឈានចូល​ថ្ងៃទី​ ៣ ខែកក្កដា រហូត​ដល់​ថ្ងៃទី​ ១៦ ខែកក្កដា​។

សាលា​រាជធានី​ភ្នំពេញ​អំពាវនាវ​ដល់​សន្តិសុខ​បុគ្គលិក-កម្មករ អាជីវករ អតិថិជន និង​អ្នកពាក់ព័ន្ធ​ត្រូវ​ចូលរួម​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន មន្ត្រី​ជំនាញ​ និង​មន្ត្រី​សុខាភិបាល ដើម្បី​ទៅ​យក​សំណាក​វិភាគ​រក​មេរោគ​ និង​ត្រូវធ្វើ​ចត្តាឡីស័ក​ឱ្យ​បាន​ត្រឹមត្រូវ​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​។

សាលា​រាជធានី​ភ្នំពេញ​ក៏​បាន​ណែនាំ​ឱ្យ​គណៈកម្មការ​ផ្សារ​អូឡាំពិក ត្រូវ​ចូលរួម​សហការ​ជាមួយ​អាជ្ញាធរ មូលដ្ឋាន មន្ត្រី​ជំនាញ និង​មន្ត្រី​សុខាភិបាល ដើម្បី​ស្រាវជ្រាវ​ និង​កំណត់​អ្នក​ប៉ះពាល់​ផ្សេងៗ​ទៀត​ និង​ចូលរួម​សហការ​អនុវត្ត​រាល់​វិធានការ​រដ្ឋបាល និង​វិធានការ​សុខាភិបាល​ឱ្យបាន​ម៉ឺងម៉ាត់​។

សាលា​រាជធានី​ភ្នំពេញ​បញ្ជាក់ថា​៖ «​ក្នុងអំឡុងពេល​នៃ​ការអនុវត្ត​វិធានការ​ផ្អាក​ដំណើរការ​ជា​បណ្តោះអាសន្ន​ត្រូវ​បាន​ហាមឃាត់​រាល់​ការចេញចូល និង​រាល់​ការជួបជុំ ឬការប្រមូលផ្តុំ​មនុស្ស​ក្នុង​មូលដ្ឋាន​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ផ្សារ​អូឡាំពិក លើកលែង​តែ​ករណី​ចាំបាច់​»​។

នៅ​ថ្ងៃទី ​២ ខែកក្កដា​នេះដែរ គណៈកម្មការ​គ្រប់គ្រង​ផ្សារ​បាន​អំពាវនាវ​ដល់​អាជីវករ​ផ្សារ​អូឡាំពិក​ទាំងអស់​ទៅ​យក​សំណាក​នៅ​វិទ្យាល័យ​ទួលស្វាយព្រៃ ដែល​មាន​អាសយដ្ឋាន ផ្លូវ​ ១៩៩ សង្កាត់​ទួលស្វាយព្រៃ​ ២ ខណ្ឌ​បឹងកេងកង​៕

វីដេអូ៖