ភ្នំពេញ៖ អាជ្ញាធរ​ខណ្ឌ​បឹងកេងកង​បាន​ព្រមាន​ថា ប្រសិន​បើ​អាជីវករ​ផ្សារ​អូឡាំពិក​រូប​ណា មិន​ទៅ​ផ្តល់​សំណាក​ ដើម្បី​ធ្វើ​តេស្ត​រក​មេរោគ​កូវីដ ១៩ នោះ​អាជ្ញាធរ​នឹង​មិន​អនុញ្ញាត​ឱ្យ​ចូល​លក់​វិញ​ឡើយ ខណៈ​ផ្សារ​នេះ​ត្រូវ​បាន​ផ្អាក​ជា​បណ្តោះ​អាសន្ន ដោយសារ​មាន​អាជីវករ និង​បុគ្គលិក​ផ្សារ​ឆ្លង​ជំងឺ​កូវីដ។

សាលា​ខណ្ឌ​បឹងកេង​កង​បញ្ជាក់​ក្នុង​សេចក្តី​ជូន​ដំណឹង​នៅ​ថ្ងៃទី ២ ខែ​កក្កដា​ថា ស្ថានភាព​នៃ​ការ​រីក​រាលដាល​នៃ​ជំងឺ​កូវីដ ១៩ ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ បណ្តាល​ឱ្យ​អាជីវករ​ផ្សារ​អូឡាំពិក​បាន​ឆ្លង​វីរុស​កូវីដ ១៩ យ៉ាង​ឆាប់​រហ័ស គួរ​ឱ្យ​ព្រួយ​បារម្ភ និង​ចាំបាច់​ត្រូវ​មាន​វិធានការ​សុខាភិបាល ដើម្បី​ទប់ស្កាត់​ជា​បន្ទាន់។

សាលា​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃទី ២ ខែ​កក្កដា​នេះ បាន​សម្រេច​ផ្អាក​ដំណើរការ​ផ្សារ​អូឡាំពិក​រយៈពេល ១៤ ថ្ងៃ ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ ១៩ បន្ទាប់​ពី​អាជីវករ និង​បុគ្គលិក​ផ្សារ​នេះ ត្រូវ​បាន​រក​ឃើញ​មាន​វិជ្ជមាន​កូវីដ ១៩។

សេចក្តី​ជូន​ដំណឹង​របស់​សាលា​ខណ្ឌ​បឹង​កេងកង​បញ្ជាក់​ថា៖ «រដ្ឋបាល​ខណ្ឌ​បឹងកេងកង សូម​អំពាវនាវ​បង​ប្អូន ដែល​ជា​អាជីវករ​ផ្សារ បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជុំវិញ​ផ្សារ សូម​អញ្ជើញ​មក​យក​សំណាក​តេស្ត​រក​វីរុស​កូវីដ ១៩ ​នៅ​បរិវេណ​វិទ្យាល័យ​ទួល​ស្វាយព្រៃ នៅ​ថ្ងៃ​សុក្រ ទី ០២ ខែ កក្កដា ឆ្នាំ ២០២១ ជា​បន្ទាន់»។

ជាមួយ​គ្នា​នេះ​ អាជ្ញាធរ​ខណ្ឌ​បឹងកេងកង បាន​អំពាវនាវ​ដល់​អាជីវករ​ផ្សារ និង​ប្រជាពលរដ្ឋ​ត្រូវ​អនុវត្ត​នូវ​វិធាន​នានា​ស្រប​តាម​ការ​ណែនាំ​របស់​ក្រសួង​សុខាភិបាល​ឱ្យ​បាន​ខ្ជាប់ខ្ជួន​បំផុង។

សាលា​ខណ្ឌ​នេះ​ព្រមាន​ថា៖ «ប្រសិន​បើ​បងប្អូន​ដែល​ជា​អាជីវករ​មិន​ចូល​រួម​យក​សំណាក គណៈកម្មការ​ផ្សារ​មិន​អនុញ្ញាត​ឱ្យ​បងប្អូន​ចូល​លក់​ដូរ​វិញ​នោះ​ទេ»។

ទោះ​យ៉ាង​ណា រដ្ឋបាល​ខណ្ឌ​បឹងកេងកង​សង្ឃឹម​ជឿជាក់​ថា ប្រជាពលរដ្ឋ​ ជាពិសេស​អាជីវករ​ផ្សារ​អូឡាំពិក​ទាំង​អស់​ដែល​កំពុង​ប្រកប​អាជីវកម្ម​ក្នុង​មូលដ្ឋាន​ផ្សារ​អូឡាំពិក​មាន​ការ​យោគយល់ និង​ចូលរួម​អនុវត្ត​សេចក្តី​ជូន​ដំណឹង​របស់​អាជ្ញាធរ​ខណ្ឌ​នេះ​ឱ្យ​មាន​ប្រសិទ្ធភាព៕

វីដេអូ៖