កំពង់ឆ្នាំង៖ អាជ្ញាធរ​ខេត្ត​កំពង់ឆ្នាំង​បាន​សម្រេច​បិទ​ផ្សារ​សាលា​លេខ ៥ ដែល​ស្ថិត​ក្នុង​ស្រុក​កំពង់ត្រឡាច ជា​បណ្តោះ​អាសន្ន ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល​ជំងឺ​កូវីដ ១៩ បន្ទាប់​ពី​រក​ឃើញ​អ្នក​ផ្ទុក​ជំងឺ​កូវីដ ១៩ បាន​ចេញ​ចូល​ផ្សារ​នេះ។

រដ្ឋបាល​ខេត្ត​កំពង់ឆ្នាំង​បញ្ជាក់​ក្នុង​សេចក្តី​សម្រេច​នៅ​ថ្ងៃទី ២ ខែ​កក្កដា​នេះ​ថា៖ «ត្រូវ​បិទ​ជា​បណ្តោះអាសន្ន​ផ្សារ​សាលា​លេខ ៥ ចាប់​ពី​ថ្ងៃទី ០៣ ខែ កក្កដា ឆ្នាំ ២០២១ តទៅ រហូត​ដល់​មាន​ការ​សម្រេច​ជា​ថ្មី»។

រដ្ឋបាល​ខេត្ត​កំពង់ឆ្នាំង​បន្ត​ថា៖ «ការ​បិទ​ជា​បណ្តោះអាសន្ន​ទីតាំង​ខាង​លើ​នេះ ដើម្បី​ទប់ស្កាត់​ការ​រាលដាល​ជំងឺ​កូវីដ ១៩ ក្នុង​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ បន្ទាប់​ពី​បាន​រក​ឃើញ​អ្នក​វិជ្ជមាន​កូវីដ ១៩ ធ្លាប់​បាន​ចេញ-ចូល​ទីតាំង​ខាង​លើ»។

ក្នុង​អំឡុង​ពេល​បិទ​ផ្សារ​សាលា​លេខ ៥ ដែល​ស្ថិត​នៅ​ភូមិ​សាលា​លេខ ៥ ឃុំ​អូរឫស្សី​ជា​បណ្តោះ​អាសន្ន​នេះ រដ្ឋបាល​ខេត្ត​នឹង​ហ៊ុមព័ទ្ធ​ទីតាំង​ផ្សារ​នេះ​ទាំង​មូល និង​ផ្អាក​សកម្មភាព​លក់​ដូរ និង​ការ​ចេញ​ចូល​ផ្សារ​នេះ​ជា​បណ្តោះ​អាសន្ន។

រដ្ឋបាល​ខេត្ត​កំពង់ឆ្នាំង​នឹង​ស្រាវជ្រាវ​រក​អ្នក​ពាក់ព័ន្ធ​ផ្ទាល់ ឬ​ប្រយោល ដើម្បី​ធ្វើ​ចត្តាឡីស័ក​ និង​យក​សំណាក​ក្នុង​អំឡុង​ការ​បិទ​ផ្សារ​នេះ។

ជាមួយ​គ្នា​នេះ រដ្ឋបាល​ខេត្ត​កំពង់ឆ្នាំង​ អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ដែល​ធ្លាប់​ចេញ​ចូល និង​អ្នក​មាន​ការ​ពាក់ព័ន្ធ​ផ្ទាល់ ឬ​ប្រយោល​ក្នុង​ផ្សារ​នេះ ឱ្យ​តាម​ដាន​សុខភាព​ជាប់​ជា​ប្រចាំ និង​ប្រញាប់​ទំនាក់ទំនង​មក​មន្ទីរពេទ្យ​ខេត្ត​កំពង់ឆ្នាំង ឬ​មណ្ឌល​សុខភាព​ដែល​នៅ​ជិត​បំផុត ដើម្បី​យក​សំណាក​ធ្វើ​តេស្ត​ជា​បន្ទាន់ ចាប់​ពី​ថ្ងៃទី ៣ ខែ​កក្កដា និង​ត្រូវ​ធ្វើ​ចត្តាឡីស័ក​ស្រប​តាម​ការ​ណែនាំ៕