ពោធិ៍សាត់៖ អង្គការ​សម្ព័ន្ធមិត្ត​សត្វ​ព្រៃ សម្រេច​ផ្តល់​ថវិកា​ចំនួន ១៩៩ ៧៥៧ ដុល្លារ​អាមេរិក ដែល​បាន​មក​ពី​ការ​លក់​ថាមពល​​កាបូន​នៅ​ក្នុង​ប្រទេស​កម្ពុជា ដល់​រដ្ឋបាល​ខេត្ត​ពោធិ៍សាត់ ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​ជំងឺ​កូវីដ ១៩ នៅ​ក្នុង​មូលដ្ឋាន​ខេត្ត។

Suwanna Gauntlett នាយិការ​អង្គការ​សម័្ពន្ធមិត្ត​សត្វ​ព្រៃ ថ្លែង​កាល​ពី​ម្សិលមិញ​ថា គោល​បំណង​នៃ​ការ​ផ្តល់​ថវិកា​នេះ គឺ​ដើម្បី​ឱ្យ​រដ្ឋបាល​ខេត្ត​ចាត់ចែង​ទិញ​សម្ភារ គ្រឿង​បរិក្ខារ​វេជ្ជសាស្ដ្រ​សម្រាប់​ក្រុម​ការងារ និង​ក្រុម​គ្រូពេទ្យ​ជួរ​មុខ​ប្រើប្រាស់​ក្នុង​ការ​អនុវត្តន៍​វិធាន​សុខាភិបាល ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​មេរោគ​កូវីដ ១៩ នៅ​ក្នុង​ខេត្ត​ពោធិ៍សាត់។

ជាមួយ​គ្នា​នេះ Suwanna Gauntlett ក៏​បាន​អំពាវនាវ​ដល់​អាជ្ញាធរ​មូលដ្ឋាន និង​ប្រជាពលរដ្ឋ​រួម​គ្នា​រក្សា និង​អភិរក្ស​ព្រៃ​ឈើ​ឱ្យ​បាន​គង់វង្ស ដើម្បី​ជា​ប្រយោជន៍​រួម​សម្រាប់​មនុស្ស​សត្វ​នៅ​លើ​ភព​ផែន​ដី ជា​ពិសេស​ការ​រក្សា​បាន​ព្រៃឈើ​ឱ្យ​នៅ​ឈរ​បាន គឺ​ស្មើ​នឹង​យើង​ទទួល​បាន​ប្រាក់​មក​អភិវឌ្ឍន៍​សហគមន៍ និង​សង្គម​ជាតិ តាមរយៈ​លក់​ថាមពល​កាបូន​ទៅ​ឱ្យ​ក្រុមហ៊ុន​អន្តរជាតិ​នានា។

លោក ម៉ៅ ធនិន អភិបាល​ខេត្ត​ពោធិ៍សាត់​ថ្លែង​ថា អង្គការ​សម្ព័ន្ធមិត្ត​សត្វ​ព្រៃ ដែល​ជានិច្ចកាល​តែង​ចូលរួម​ជួយ​អភិវឌ្ឍ​សហគមន៍​មូលដ្ឋាន​ធ្វើ​ឱ្យ​មាន​ភាព​ប្រសើរ​ឡើង​នៅ​តំបន់​ព្រៃ​រង​ទឹក​ភ្លៀង​ជួរ​ភ្នំក្រវាញ។

លោក​អភិបាល​បាន​ប្ដេជ្ញា​ថា នឹង​ខំ​ប្រឹង​ឱ្យ​អស់​លទ្ធភាព ជាមួយ​ដៃគូ​សហការ​នានា​រក្សា​ការពារ​ព្រៃ​ឈើ​នៅ​ដែន​អភិរក្ស​ ដើម្បី​ផល​ប្រយោជន៍​រួម​ទាំង​អស់​គ្នា។

បើ​តាម​អង្គការ​សម្ព័ន្ធ​សត្វ​ព្រៃ ថវិកា​ដែល​ផ្តល់​ជូន​រដ្ឋបាល​ខេត្ត​ពោធិ៍សាត់​នេះ ជា​ចំណែក​មួយ​បាន​មក​ពី​គម្រោង​រេដបូក​តំបន់​ជួរ​ភ្នំ​ក្រវាញ ជា​មូលនិធិ​រួម​រវាង​ក្រសួង​បរិស្ថាន និង​អង្គការ​សម្ព័ន្ធមិត្ដ​សត្វ​ព្រៃ ដែល​បាន​មក​ពី​ការ​លក់​ថាមពល​កាបូន (ឥណទាន​កាបូន) ដើម្បី​ជួយ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​ផ្នែក​ជីវភាព និង​ចូលរួម​អភិវឌ្ឍន៍​សហគមន៍​អ្នក​រស់នៅ​តំបន់​ផ្ទៃ​រង​ទឹក​ភ្លៀង​ជួរ​ភ្នំ​ក្រវាញ៕