
ផ្សារដំដែកនៅខេត្តសៀមរាប ត្រូវបានបិទជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ។ រូបថត ហ្វេសប៊ុក
ភ្នំពេញ៖ រដ្ឋបាលខេត្តសៀមរាបបានសម្រេចបិទផ្សារដំដែក ស្ថិតនៅក្នុងភូមិដំដែកស្រុកសូត្រនិគម ជាបណ្តោះអាសន្ន រយៈពេល ២ សប្តាហ៍ ព្រោះជាទីតាំងមានការឆ្លងរាលដាលនៃជំងឺកូវីដ ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ចំណែកខេត្តរតនគិរីក៏បានសម្រេចិទផ្សារកូនមុំចាប់ពីថ្ងៃទី ៣០ មិថុនា រហូតដល់មានការជូនដំណឹងថ្មី។
លិខិតសម្រេចរបស់លោក ទៀ សីហា ចុះថ្ងៃទី ២ ខែកក្កដា ដែល ភ្នំពេញ ប៉ុស្តិ៍ ទទួលបាននៅថ្ងៃនេះ បានឲ្យដឹងថា រដ្ឋបាលខេត្តសៀមរាបសម្រេចបិទផ្សារដំដែក ស្ថិតនៅភូមិដំដែក ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប ជាបណ្តោះអាសន្ន សម្រាប់រយៈពេល ២ សប្តាហ៍ គិតចាប់ពីថ្ងៃទី ២ ដល់ថ្ងៃទី ១៥ ខែ កក្កដា ឆ្នាំ ២០២១។
ការសម្រេចបិទនេះ ធ្វើឡើងក្នុងគោលបំណងធានាដល់ប្រសិទ្ធភាពនៃការគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ ១៩ នៅក្នុងភូមិសាស្រ្តទីតាំងដែលត្រូវបិទ និងទប់ស្កាត់ជំងឺនេះ មិនឲ្យឆ្លងរាលដាលទៅតំបន់ផ្សេងទៀតរហូតដល់មានការចេញសេចក្តីសម្រេចថ្មី។
អភិបាលខេត្តសៀមរាប លោក ទៀ សីហា បានបញ្ចាក់ប្រាប់ដល់មន្ត្រីជំនាញ មន្ទីរពាក់ព័ន្ធទាំងអស់ ត្រូវអនុវត្តសេចក្តីសម្រេចឲ្យមានប្រសិទ្ធភាពខ្ពស់។ លោកថ្លែងក្នុងសេចក្តីសម្រេចថា៖ «នាយករដ្ឋបាលសាលាខេត្ត ស្នងការនគរបាលខេត្ត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត អភិបាលនៃគណៈអភិបាលស្រុកសូទ្រនិគម ប្រធានមន្ទីរ អង្គភាពជំនាញ ពាក់ព័ន្ធ មេឃុំដំដែក គណៈកម្មការគ្រប់គ្រងផ្សារដំដែក និងអ្នកវិនិយោគ និងធ្វើអាជីវកម្មភាស៊ីផ្សារដំដែក ត្រូវទទួលបន្ទុកអនុវត្តសេចក្តីសម្រេចនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ»។
ដោយឡែកនៅខេត្តរតនគិរី ក៏បានសម្រេចបិទជាបណ្តោះអាសន្នផ្សារកូនមុំ ដែលមានអាសយដ្ឋានស្ថិតនៅភូមិ ៣ ឃុំត្រពាំងច្រេស ស្រុកកូនមុំ ខេត្តរតនគិរី ចាប់ពីថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២១ រហូតដល់មានការសម្រេចជាថ្មី។ ការបិទជាបណ្តោះអាសន្ននេះ ក្នុងគោលបំណងដើម្បីទប់ស្កាត់ការរាលដាលនៃជំងឺកូវីដ ១៩ ក្រោយពីបានរកឃើញមានវិជ្ជមានជំងឺកូវីដ ១៩ តាមរយៈការធ្វើតេស្តរហ័សនៅថ្ងៃទី ២៩ ខែ មិថុនា ឆ្នាំ ២០២១។
លិខិតសម្រេចរបស់លោក ថោង សាវុន អភិបាលខេត្តរតនគិរី ចុះថ្ងៃទី ១ ខែកក្កដា បានឲ្យដឹងថា ក្នុងអំឡុងពេលបិទទីតាំងជាបណ្តោះអាសន្ន រដ្ឋបាលស្រុកកូនមុំ ត្រូវហ៊ុមព័ទ្ធទីតាំងផ្សារកូនមុំ ផ្អាកការចេញចូលទីតាំងផ្សារនេះ និងស្រាវជ្រាវរកអ្នកពាក់ព័ន្ធផ្ទាល់ ឬប្រយោល ដើម្បីធ្វើចត្តាឡីស័ក និងយកសំណាក។
ក្នុងសេចក្តីជូនដំណឹងសរសេរថា៖ «ចំពោះប្រជាពលរដ្ឋដែលមានការពាក់ព័ន្ធផ្ទាល់ ឬប្រយោលជាមួយទីតាំងខាងលើសូមអញ្ជើញមកជួប ឬជូនដំណឹងដល់ក្រុមការងារមន្ត្រីសុខាភិបាលរបស់មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តរតនគិរី ដើម្បីយកសំណាកទៅធ្វើតេស្តជាបន្ទាន់ ចាប់ពីថ្ងៃទី ១ ខែកក្កដាតទៅ»។
លោកអភិបាលខេត្តរតនគិរីបានបញ្ជាក់ប្រាប់ទៅមន្ត្រីរបស់ខ្លួន ត្រូវធ្វើការអនុវត្ត ការផាកពិន័យអន្តរការណ៍ចំពោះបុគ្គលណាដែលមិនគោរពដោយចេតនានូវវិធានការសុខាភិបាល និងវិធានការរដ្ឋបាលដែលរាជរដ្ឋាភិបាល និងរដ្ឋបាលខេត្តរតនគិរីបានដាក់ចេញក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ ១៩ ដោយមិនគិតដល់បទល្មើសព្រហ្មទណ្ឌដទៃទៀតឡើយ៕