ភ្នំពេញ៖ គិត​ចាប់​ពី​ថ្ងៃទី ១៦ ខែ​ វិច្ឆិកា ឆ្នាំ ២០២០ ដល់​ថ្ងៃទី ០១ ខែ កក្កដា ឆ្នាំ ២០២១ បាន​ផាក​ពិន័យ និង​ឃាត់​រក្សា​ទុក​រថយន្ត​ចំនួន ១៤៣ គ្រឿង ដែល​ជា​រថយន្ត​ដឹក​ជញ្ជូន​លើស​ទម្ងន់​លើស​ពី ២០% នៃ​ទម្ងន់​អនុញ្ញាត។

នេះ បើ​យោង​តាម​របាយការណ៍​របស់​គណៈកម្មាធិការ​សម្របសម្រួល​អចិន្ត្រៃយ៍ នៃ​គណៈកម្មាធិការ​ដឹកនាំ​ការ​ត្រួត​ពិនិត្យ​យានយន្ត​ដឹក​លើស​ទម្ងន់​កម្រិត​កំណត់​នៅ​ថ្ងៃទី ៣ ខែ កក្កដា ឆ្នាំ ២០២១។

របាយការណ៍​នេះ​បញ្ជាក់​ថា រថយន្ត​ដឹក​លើស​ទម្ងន់​ទាំង​នោះ​ត្រូវ​បាន​ឃាត់​ទុក​ដោយ​ក្រុម​ការងារ​ក្រសួង​ចល័ត​ចម្រុះ​សម្រាប់​ឆ្មក់​ត្រួត​ពិនិត្យ​យានយន្ត​លើស​ទម្ងន់ ដែល​ចុះ​តាម​បណ្តា​ខេត្ត​នានា និង​គោលដៅ​ដើម​ទី​នៅ​ខេត្ត​បាត់ដំបង និង​ស្ថានីយ៍​ជញ្ជីង​អចល័ត​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា។

លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តី​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​ថ្លែង​ថា ក្រសួង​នឹង​ចាត់​វិធានការណ៍​តាម​នីតិវិធី​ដោយ​គ្មាន​យោគយល់​ខ្សែ​នរណា​ឡើយ ហើយ​សកម្មភាព​នៃ​ការ​ចុះ​ប្រតិបត្តិការ​នេះ នឹង​ធ្វើ​ជា​បន្តបន្ទាប់​ទូទាំង​ប្រទេស​ដូច​ភ្លៀង​រលឹម ដើម្បី​រឹត​បន្តឹង​ការ​ដឹក​ជញ្ជូន​ឲ្យ​ស្រប​តាម​ច្បាប់ ការពារ​មិន​ឱ្យ​មាន​ជន​ខិល​ខូច​ដឹក​លើស​ទម្ងន់​ឡើយ។

លោក ស៊ុន ចាន់ថុល ថ្លែង​ថា៖ «ក្រសួង​នៅ​តែ​បន្ត​អនុវត្ត​វិធានការ​នេះ​បន្ត​ទៀត ដោយ​មិន​យោគយល់​ចំពោះ​ឡាន​អ្នក​ក្រ ឡាន​អ្នក​មាន អ្នក​មាន​ខ្នង ឬ​ឡាន​អ្នក​អត់​ខ្នង​អ្វី​ឡើយ ព្រោះ​រថយន្ត​ដឹក​លើស​ទាំង​នោះ​ ធ្វើ​ឱ្យ​ខូច​ផ្លូវ​ដូចគ្នា»។

លោក ស៊ុន ចាន់ថុល បាន​អំពាវនាវ​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ អ្នក​ប្រើប្រាស់​ផ្លូវ គោរព​ច្បាប់​ទាំង​អស់​គ្នា ចូលរួម​ថែរក្សា​ទ្រព្យ​សម្បត្តិ​ជាតិ​យើង​ឱ្យ​បាន​គង់វង្ស និង​ប្រើប្រាស់​បាន​យូរ​អង្វែង ដោយ​ហេតុថា រាជរដ្ឋាភិបាល​បាន​ខិតខំ​ប្រឹងប្រែង​រក​ថវិកា​មក​សាងសង់​ដោយ​លំបាក។

លោក ស៊ុន ចាន់ថុល ថ្លែង​ថា៖ «សូម​កុំ​ប្រថុយប្រថាន​ដឹក​ជញ្ជូន​លើស​ទម្ងន់ ដែល​បង្ក​ឱ្យ​ផ្លូវ​ឆាប់​ខូច​មុន​អាយុ​កាល​កំណត់ បង្ក​គ្រោះ​ថ្នាក់​ចរាចរណ៍ និង​កុំ​បើក​លើស​ល្បឿន​កំណត់​ដោយ​ច្បាប់ ដើម្បី​ចូល​រួម​ចំណែក​ក្នុង​ការ​កសាង​ប្រទេស​ជាតិ​មាតុភូមិ​របស់​យើង​ឱ្យ​កាន់​តែ​​រីក​ចម្រើន​ថែម​ទៀត ក្រោម​ការ​ដឹកនាំ​ដ៏​ឈ្លាសវៃ​របស់​សម្ដេច​អគ្គមហា​សេនាបតីតេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា»។

ជាថ្មី​ម្តង​ទៀត ក្រសួង​សាធារណការ បាន​ក្រើន​រំឭក​ដល់​ម្ចាស់​រោងចក្រ​ស៊ីម៉ងត៍​ដូចជា រោចចក្រ​ស៊ីម៉ងត៍ CONCH ការដ្ឋាន​ផលិត​ថ្ម ដេប៉ូ​ខ្សាច់ ម្ចាស់​ក្រុមហ៊ុន​ដឹក​ជញ្ជូន ម្ចាស់​រថយន្ត​ធុនធ្ងន់ និង​អ្នក​បើកបរ​រថយន្ត​ធុនធ្ងន់​ទាំង​អស់​ថា ក្រសួង​នឹង​បន្ត​អនុវត្ត​តាម​ច្បាប់ និង​សេចក្ដី​ជូន​ដំណឹង​ខាង​លើ​យ៉ាង​តឹង​បំផុត​ដោយ​គ្មាន​ការ​លើកលែង​ឡើយ៕

វីដេអូ៖