ភ្នំពេញ៖ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​ក្រុមហ៊ុន AMBODIAN PPSHV EXPRESSWAY CP., LTD (CPEC) ដែល​ជា​ក្រុមហ៊ុន​សាងសង់​ផ្លូវ​ល្បឿន​លឿន​តភ្ជាប់​ពី​ភ្នំពេញ​ទៅ​កាន់​ខេត្ត​ព្រះសីហនុ បើក​កិច្ច​ប្រជុំ​ដើម្បី​ស្វែងរក​ដំណោះស្រាយ​ផល​ប៉ះពាល់​ពី​គម្រោង​ដែល​នៅ​សេសសល់។

កិច្ច​ប្រជុំ​នេះ ត្រូវ​បាន​ធ្វើ​ឡើង​កាល​ពី​ម្សិលមិញ​នេះ ដោយ​ភាគី​ទាំង ២ ពិភាក្សា​ទាក់ទង​នឹង​បញ្ហា​ផ្លូវ​វាង​ជា​កម្មសិទ្ធិ​ឯកជន ផ្លូវ​កាត់​ទទឹង​តូចៗ លូ​ឆ្លង​កាត់​ក្រោម​ផ្លូវ​ល្បឿនលឿន​ក៏​ដូច​ជា​បញ្ជរ និង​បញ្ហា​មួយ​ចំនួន​ផ្សេង​ទៀត ដែល​មិន​ទាន់​មាន​ការ​ឯកភាព​គ្នា​នៅ​ក្នុង​គម្រោង​អភិវឌ្ឍន៍​ហេដ្ឋា​រចនា​សម្ព័ន្ធ​ផ្លូវ​ល្បឿន​លឿន​នេះ ដើម្បី​ពន្លឿន​ការ​អនុវត្ត​គម្រោង​នេះ ឱ្យ​បាន​ចប់​ជា​ស្ថាពរ​តាម​ផែនការ​ដែល​បាន​គ្រោង​ទុក។

លោក សួង ហេង រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​ថ្លែង​ថា ក្រសួង​នឹង​ព្យាយាម​ជួយ​សម្របសម្រួល សហការ​ដោះ​ស្រាយ ដើម្បី​ជំរុញ​ការងារ​សាងសង់​នេះ​ឱ្យ​ទាន់​ពេលវេលា​ ដើម្បី​អាច​បញ្ចប់​គម្រោង​នៅ​ឆ្នាំ​ក្រោយ និង​បាន​ស្នើ​ឱ្យ​ក្រុមហ៊ុន​សាងសង់ និង​ភាគី​ពាក់ព័ន្ធ​ដទៃ​ទៀត​ធ្វើ​ការ​បន្ទន់​ឥរិយាបថ​ទន់ភ្លន់​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក រួបរួម​គ្នា​ដោះ​ស្រាយ​បញ្ហា​ប្រឈម​ទាំង​អស់​គ្នា ចៀសវាង​ការ​ដោះស្រាយ​បញ្ហា​តែ​ភាគី​ម្ខាង​ណា​មួយ។

កិច្ចប្រជុំ​ស្វែងរក​ដំណោះ​ស្រាយ​ផល​ប៉ះពាល់​ពី​គម្រោងសាងស់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ​ដែល​នៅ​សេសសល់ កាលពីម្សិលមិញ។ រូបថត MPWT

ជាមួយ​គ្នា​នេះ លោក សួង ហេង បាន​ណែនាំ​ឱ្យ​ក្រុមហ៊ុន​សាងសង់​ទៅ​ធ្វើ​ការ​សិក្សា​ឱ្យ​បាន​លម្អិត​លើ​ទីតាំង​រង​ផល​ប៉ះពាល់​ទាំង​នោះ ដោយ​កែ​តម្រូវ​ទៅ​តាម​ភូមិសាស្ត្រ​ជាក់​ស្តែង ដើម្បី​កាត់​បន្ថយ​ការ​ដោះ​ស្រាយ​ផល​ប៉ះពាល់​ឱ្យ​បាន​ច្រើន​តាម​កម្រិត​ដែល​អាច​ធ្វើ​ទៅ​បាន ហើយ​ដាក់​ជូន​លទ្ធផល​នៃ​ការ​សិក្សា​នោះ​ទៅ​ថ្នាក់​ដឹកនាំ ក៏​ដូច​ជា​គណៈកម្មការ​បច្ចេកទេស​ពិនិត្យ​ដោះស្រាយ។

គម្រោង​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ-ព្រះសីហនុ មាន​ប្រវែង ១៩០ គីឡូ​ម៉ែត្រ ដែល​បាន​បើក​ការដ្ឋាន​សាងសង់​កាល​ពី​ខែ​កក្កដា ឆ្នាំ ២០១៩ គិត​ត្រឹមថ្ងៃ​ទី ១១ ខែ​ មិថុនា ឆ្នាំ ២០២១ ដំណើរ​ការ​សាងសង់​សម្រេច​បាន ៥៥,០៥% ហើយ និង​គ្រោង​បញ្ចប់​នៅ​ថ្ងៃទី ៣១ ខែ​ ឧសភា ឆ្នាំ ២០២៣។ ផ្លូវ​នេះ តភ្ជាប់​ពី​ភូមិ ១ សង្កាត់​សំរោងក្រោម ខណ្ឌ​ពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដល់​ភូមិ ១ សង្កាត់​លេខ ៣ ក្រុង​ព្រះសីហនុ៕