
ឧបករណ៍តេស្តរហ័ស ដើម្បីស្វែងរកមេរោគកូវីដ ១៩។ ហ៊ាន រង្សី
ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បង្ហាញលក្ខខណ្ឌ និងរបៀបបញ្ជាទិញឧបករណ៍តេស្តរហ័សអង់ទីហ្សែនកូវីដ ១៩ ដែលអំណោយផលសម្រាប់តែស្ថាប័នរដ្ឋ និងក្រុមហ៊ុន ឬគ្រឹះស្ថានឯកជន ចំណែកសាធារណជនមិនទាន់អាចទិញបានទេ ចំណែកឧបករណ៍តេស្តនោះ នឹងដាក់លក់ក្នុងតម្លៃដើមដោយមិនអនុញ្ញាតឲ្យមានការលក់បន្តឡើយ។
តាមរយៈផ្ទាំងផ្សព្វផ្សាយរបស់ក្រសួងប្រៃសណីយ៍កាលពីម្សិលមិញបានបង្ហាញថា ចំពោះក្រសួងស្ថាប័នរបស់រដ្ឋ ដើម្បីបញ្ជាទិញឧបករណ៍តេស្តរហ័សអង់ទីហ្សែនកូវីដ ១៩ (Covid-19 Rapid Antigen Test) ត្រូវមានលិខិតស្នើសុំបញ្ជាទិញដោយកំណត់ចំនួនឲ្យបានជាក់លាក់សមាមាត្រនឹងចំនួនមន្ត្រីក្រោមឱវាទរបស់ខ្លួន។ ចំណែកក្រុមហ៊ុន ឬគ្រឹះស្ថានឯកជន ត្រូវបានផ្តល់អាទិភាពសម្រាប់កន្លែងដែលមានបុគ្គលិកច្រើន និងស្ថិតនៅតំបន់ដែលមានហានិភ័យពាក់ព័ន្ធជំងឺកូវីដ ១៩។
ដោយឡែកចំពោះសាធារណជនទូទៅ ក្រសួងប្រៃសណីយ៍បញ្ជាក់ថា ពុំទាន់អាចបញ្ជាទិញបានទេ ព្រោះក្នុងករណីមានការសង្ស័យ ប្រជាពលរដ្ឋអាចទៅយកសំណាកតាមទីតាំងដែលក្រសួងសុខាភិបាល ឬអាជ្ញាធរបានកំណត់។ សេចក្តីផ្សព្វផ្សាយរបស់ក្រសួងប្រៃសណីយ៍សរសេរថា៖ «ឧបករណ៍តេស្តរហ័សនេះ នឹងត្រូវលក់ជូនក្នុងគោលដៅប្រើប្រាស់សម្រាប់បុគ្គលិករបស់អង្គភាពខ្លួនតែប៉ុណ្ណោះ គឺហាមដាច់ខាតមិនឲ្យចែកចាយ ឬលក់បន្តនោះទេ។ អ្នកដែលបានបញ្ជាទិញមុន នឹងទទួលបានការអនុម័តមុន»។
ចំពោះរបៀបបញ្ជាទិញ គឺធ្វើឡើងតាមប្រព័ន្ធអនឡាញ ឬលេខទូរស័ព្ទ Hotline 123 ឬលេខ ០៦៧ ៨១៨ ៧៨២/០១៧ ៨៤៨ ១០៨/០៧៧ ៨៦៧ ៩៥៧ ពេលព្រឹកចាប់ពីម៉ោង ៨ ដល់ម៉ោង ១២ និងពេលរសៀលចាប់ពីម៉ោង ២ ដល់ម៉ោង ៥។
បន្ទាប់ពីទទួលបានការបញ្ជាទិញលើបរិមាណបញ្ជាទិញ ក្រសួងស្ថាប័ន ឬក្រុមហ៊ុន និងគ្រឹះស្ថានឯកជន អាចធ្វើការទូទាត់ប្រាក់បានតាមរយៈការផ្ទេរទឹកប្រាក់ទៅក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ តាមធនាគារកាណាឌីយ៉ា (CANDADIA Bank) ដែលមានឈ្មោះគណនី MPTC និងលេខគណនី ០០១ ៧៩ ៧៨ ៩៩៩៩៩៩ ធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA Bank) ឈ្មោះគណនី MPTC និងលេខគណនី ៥៦៧ ៧៨៩ ១២៣ ធនាគារអេស៊ីលីដា (ACLEDA Bank) ឈ្មោះគណនី MPTC និងលេខគណនី ០០០១ ០៦៧៨៨៨៨៨ ៨៨។
ក្រសួងបញ្ជាក់ថា កន្លែងទទួលឧបករណ៍មានទីតាំងនៅក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ អាសយដ្ឋាន អគារលេខ ១៣ មហាវិថីព្រះមុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
សេចក្តីជូនដំណឹងរបស់ក្រសួងប្រៃសណីយ៍ ចេញថ្ងៃទី ១ ខែកក្កដា បានបញ្ជាក់ថា ដើម្បីរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ ១៩ បានទាន់ពេលវេលា ក្រសួងប្រៃសណីយ៍ និងទូរគមនគមន៍ នឹងនាំចូលឧបករណ៍តេស្តរហ័សអង់ទីហ្សែនកូវីដ ១៩ ពីប្រទេសកូរ៉េ ដើម្បីចែកចាយបន្តក្នុងតម្លៃដើម ៣,៧ ដុល្លារអាមេរិក ក្នុង ១ ឧបករណ៍។
ក្នុងសេចក្តីប្រកាសសរសេរថា៖ «ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍នឹងសហការជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីបណ្តុះបណ្តាលលើការយកសំណាកឲ្យបានត្រឹមត្រូវ និងមានប្រសិទ្ធភាព មុននឹងប្រគល់ឧបករណ៍តេស្តរហ័សនេះ»៕


វីដេអូ៖