ភ្នំពេញ៖ កម្ពុជា និង​សាធារណរដ្ឋ​សហព័ន្ធ​ប្រេស៊ីល បាន​ចុះ​កិច្ច​ព្រមព្រៀង​កិច្ច​សហប្រតិបត្តិការ​បច្ចេកទេស និង​បង្កើត​ក្របខ័ណ្ឌ​សំដៅ​លើក​កម្ពស់​កិច្ច​សហប្រតិបត្តិការ​បច្ចេកទេស​ ដែល​ភាគី​ទាំង ២ ផ្តល់​អាទិភាព។

លោក អ៊ុក សោភ័ណ ឯកអគ្គរាជទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ ថ្លែង​ក្នុង​ពិធី​ចុះ​កិច្ច​ព្រមព្រៀង​កាល​ពី​ម្សិលមិញ បាន​លើក​ឡើង​ពី​ទំនាក់ទំនង​ល្អ​រវាង​កម្ពុជា និង​ប្រេស៊ីល។

លោក អ៊ុក សោភ័ណ ក៏​បាន​បង្ហាញ​ជំនឿ​ចិត្ត​ថា កិច្ច​ព្រមព្រៀង​ថ្ងៃ​នេះ នឹង​ផ្តល់​ឱកាស​ដល់​ប្រទេស​ទាំង ២ បន្ត​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង​មិត្តភាព និង​កិច្ច​សហប្រតិបត្តិការ​កាន់តែ​ស៊ី​ជម្រៅ​ថែម​ទៀត លើ​វិស័យ​អាទិភាព​សំខាន់ៗ​នាពេល​អនាគត។

លោកស្រី Ara Lucy Gentil Cabral Petersen ឯកអគ្គរដ្ឋទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​ប្រេស៊ីល​ប្រចាំ​កម្ពុជា​លោកស្រី​មាន​ក្តី​រីករាយ​ណាស់ ដែល​ប្រេស៊ីល និង​កម្ពុជា អាច​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ជា​ប្រវត្តិសាស្ត្រ​នេះ ដើម្បី​បើក​ផ្លូវ​ឱ្យ​ប្រទេស​ទាំង ២ ឈាន​ទៅ​ពង្រឹង​ទំនាក់ទំនង​មិត្តភាព​កាន់​តែ​រឹងមាំ និង​បង្កើន​កិច្ច​សហប្រតិបត្តិការ​លើ​គ្រប់​វិស័យ​ប្រកប​ដោយ​ផ្លែ​ផ្កា។

លោក Ara Lucy Gentil Cabral Petersen ក៏​មាន​មោទនភាព​ផង​ដែរ ដែល​កិច្ចការ​នេះ អាច​សម្រេច​បាន​មុន​ពេល​បញ្ចប់​អាណត្តិ​បេសកកម្មការ​ទូត​នៅ​ខែ​ក្រោយ។

ប្រទេស​កម្ពុជា និង​ប្រេស៊ីល បាន​ភ្ជាប់​ទំនាក់ទំនង​ការទូត​ជាមួយ​គ្នា​កាល​ពី​ថ្ងៃទី ២៥ ខែ​ មីនា ឆ្នាំ ១៩៩៤។ ប្រេស៊ីល គឺ​ជា​ប្រទេស​ប្រកប​ដោយ​សក្តានុពល ព្រោះ​ជា​ប្រទេស​ធំ​ជាង​គេ​លំដាប់​ទី៥ នៅ​លើ​ពិភព​លោក និង​មាន​ប្រជាជន​សរុប​ប្រមាណ ២១១ លាននាក់៕