ភ្នំពេញ៖ អនុគណៈកម្មការ​តាមដាន និង​វាយ​តម្លៃ​នៃ​គណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​កូវីដ ១៩ ក្នុង​ក្របខ័ណ្ឌ​ទូទាំង​ប្រទេស​បង្ហាញ​របាយការណ៍​អ្នក​ដែល​បាន​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ ១៩ ទូទាំង​ប្រទេស​គិត​ជា​ភាគរយ​មាន​ចំនួន ៤៣,៩២% ហើយ បើ​ធៀប​នឹង​គោលដៅ​ ១០ លាន​នាក់។

របាយការណ៍​របស់​អនុគណៈកម្មការ​តាមដាន និង​វាយ​តម្លៃ នៃ​គណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​កូវីដ ១៩ ក្នុង​ក្របខ័ណ្ឌ​ទូទាំង​ប្រទេស​កាល​ពី​ម្សិលមិញ​បាន​ឲ្យ​ដឹង​ថា ចាប់​ពី​ថ្ងៃទី ១០ ខែ កុម្ភៈ ឆ្នាំ ២០២១ ដល់​ថ្ងៃទី ២ ខែ កក្កដា ឆ្នាំ ២០២១ អ្នក​បាន​ចាក់​វ៉ាក់សាំង​លើកទី១ ក្នុង​ក្របខ័ណ្ឌ​ទូទាំង​ប្រទេស សរុប​មាន​ចំនួន ៤ ៣៩១ ៥២៦ នាក់ អ្នក​ចាក់​វ៉ាក់សាំង​លើក​ទី២ សរុប​មាន​ចំនួន ៣ ១៦៦ ៤៨២ នាក់។

លោក វង្សី វិស្សុត រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក្នុង​ពេល​ថ្មីៗ​នេះ​បាន​បញ្ជាក់​ថា វ៉ាក់សាំង​បាន​មក​ដល់​មុន​ផែនការ ហេតុ​ដូច្នេះ​ក្រសួង​នឹង​ពិនិត្យ​ផែនការ​ចាក់​វ៉ាក់សាំង​ឡើង​វិញ ដោយ​ពន្លឿន​ការ​ចាក់​វ៉ាក់សាំង​ឱ្យ​បាន​ឆាប់។ ជាមួយ​គ្នា​នោះ ក្រសួង​ក៏​កំពុង​ពិចារណា​ចំពោះ​ការ​ចាក់​វ៉ាក់សាំង​លើក​ទី៣ និង​ការ​ចាក់​វ៉ាក់សាំង​សម្រាប់​ក្មេង និង​មនុស្ស​ចាស់​ផង​ដែរ។

បើ​តាម​លោក វង្សី វិស្សុត ការ​មក​ដល់​នៃ​វ៉ាក់​សាំង​បាន​លឿន​លើស​ផែនការ​កំណត់ ខណៈ​កម្ពុជា​គ្រោង​ទិញ​វ៉ាក់សាំង ២០ លាន​ដូស​រហូត​ដល់​តែ​ដាច់​ឆ្នាំ​ឯណោះ ប៉ុន្តែ​ផែនការ​អាច​នឹង​បញ្ចប់​ត្រឹម​ខែ​សីហា ខាង​មុខ។ លោក​ថា ក្នុង​ខែ​មិថុនា​ កម្ពុជា​ទទួល​វ៉ាក់សាំង ៥ លាន​ដូស ខែ​កក្កដា ចំនួន ៥ លាន​ដូស និង​ខែ​សីហា ចំនួន ៤ លាន​ដូស៕