ភ្នំពេញ៖ លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន នា​ព្រឹក​ថ្ងៃ​សៅរ៍ ទី​៣ ខែ​កក្កដា​នេះ បាន​អនុញ្ញាត​ឱ្យ​លោក វ៉ូ ក្វាង មិញ (Vu Quang Minh) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និង​ពេញ​សមត្ថភាព​នៃ​សាធារណរដ្ឋ​សង្គម​និយម​វៀតណាម ចូល​ជួប​សម្ដែង​ការ​គួរ​សម​ពិភាក្សា​ការងារ និងជម្រាប​លា ក្នុង​ឱកាស​ដែល​លោក​ត្រូវ​ចប់​បេសកកម្ម​ការ​ទូត​នៅ​ព្រះ​រាជាណាចក្រ​កម្ពុជា។

លោក Vu Quang Minh បាន​អះអាង​ថា ក្នុង​រយៈពេល ៣​ ឆ្នាំ ៧​ខែ នៃ​អាណត្តិ​របស់​លោក កន្លង​មក​នេះ ទំនាក់​ទំនង​រវាង​ប្រទេសកម្ពុជា-វៀតណាម គឺ​មាន​ការ​រឹងមាំ និង​មាន​ការ​រីក​ចម្រើន។

លោក ឯកអគ្គរដ្ឋទូត​ផុត​អាណត្តិ​រូប​នេះ​បន្តថា ដោយឡែក​វិស័យ​វិនិយោគ ពាណិជ្ជកម្ម​ក៏​មាន​ការ​កើន​ឡើង​ផងដែរ។

លោក Vu Quang Minh បាន​ថ្លែង​អំណរ​គុណ​ដល់​កម្ពុជា និង​មន្ត្រី​គ្រប់​លំដាប់​ថ្នាក់​ផងដែរ​ដែល​បាន​ចូលរួម​ចំណែក​សហការ​ជាមួយលោក​ក្នុង​បេសកកម្មការ​ទូត​របស់​លោក​នៅ​កម្ពុជា ឱ្យ​ទទួល​បាន​នូវ​ភាព​ជោគ​ជ័យ​មក​ដល់​ពេល​នេះ។

លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ក៏​បាន​យល់​ស្រប​ជាមួយ​អ្វី​ដែល​លោក Vu Quang Minh បាន​លើក​ឡើង និង​បាន​អរគុណ​ចំពោះ​ការប្រឹង​ប្រែង​អស់​ពី​កម្លាំង​កាយ​ចិត្ត​បំពេញ​បេសកកម្ម​ការ​ទូត​នៅ​កម្ពុជា ធ្វើ​ឲ្យ​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំង​ពីរ​មាន​ការ​រីក​ចម្រើន​កាន់​តែ​រឹង​មាំ។

ទោះ​ជា​យ៉ាង​ណា លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បញ្ជាក់​ថា ក្នុង​កាលៈទេសៈ​នេះ​អ្វី​ដែល​គប្បី​ត្រូវ​ធ្វើគឺ​ទី១ ការ​គ្រប់គ្រង​ប្រយុទ្ធ​ប្រឆាំង​នឹងជំងឺ​កូវី១៩ តាម​រយៈ​វិធាន​ការ​សុខាភិបាល តែ​ធ្វើ​យ៉ាង​ណា​កុំ​រារាំង​ដំណើរការ​ពាណិជ្ជកម្ម ទី២ បន្ត​ជំរុញ​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​សេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ទី៣ ពិនិត្យ​មើល​វិស័យ​ដទៃ​ទៀត​ដែល​ប្រទេស​ទាំង​ពីរ​អាច​ជំរុញ​ធ្វើ​ការ​រួម​គ្នា​បាន៕