
សហគមន៍ទេសចរណ៍ទួលព័ន្ធតាឡី (បឹងស្នេហ៍) ក្នុងខេត្តព្រៃវែង។ ក្រសួងទេសចរណ៍
ភ្នំពេញៈ ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា លោកស្រី Devyani Khobragade បានបង្ហាញការគាំទ្រចំពោះគម្រោងដែលមានឥទ្ធិពលលឿន (Quick Impact Project) ដែលបានស្នើឡើងដោយក្រសួងទេសចរណ៍ក្នុងការរួមចំណែកអភិវឌ្ឍតំបន់សហគមន៍ទេសចរណ៍ទួលព័ន្ធតាឡី (បឹងស្នេហ៍) ក្នុងខេត្តព្រៃវែង បន្ទាប់ពីបានធ្វើទស្សនកិច្ចទីនោះ។
អ្នកនាំពាក្យក្រសួងទេសចរណ៍ លោក ជុក ជំនោ ថ្លែងប្រាប់ភ្នំពេញប៉ុស្តិ៍នៅរសៀលថ្ងៃទី៣ ខែកក្កដា នេះថា កាលពីម្សិលមិញក្រុមការងារក្រសួងទេសចរណ៍ ដឹកនាំដំណើរទស្សនកិច្ចជូនលោកស្រី Devyani Khobragade ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា ទៅកាន់សហគមន៍ទេសចរណ៍ទួលព័ន្ធតាឡី (បឹងស្នេហ៍) ខេត្តព្រៃវែង ដើម្បីស្វែងយល់អំពីសក្តានុពលទេសចរណ៍នៅទីនោះ និងពិនិត្យលទ្ធភាពក្នុងការជួយអភិវឌ្ឍសហគមន៍នេះ។

លោកថ្លែងថា៖ «លោកជំទាវទូតទី១ លោកកោតសរសើរទីនោះដោយឃើញសក្តានុពលសត្វស្លាបដ៏សម្បូរបែប ដែលបង្ហាញពីកិច្ចអភិរក្សដ៏ហ្មត់ចត់ពីសំណាក់ស្ថាប័នពាក់ព័ន្ធ និងប្រជាសហគមន៍។ ហើយលោកជំទាវក៏បានបង្ហាញនូវការគាំទ្រ ដែលអាចជាការគាំទ្រផ្នែកហិរញ្ញវត្ថុមួយចំនួនសម្រាប់គាំទ្រដល់គម្រោងមួយដែលគេហៅថា គម្រោងមានឥទ្ធិពលលឿន (Quick Impact Project) តាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ធចាំបាច់ ដូចជាការកសាងចំណតទូកសម្រាប់ដឹកភ្ញៀវទេសចរ មជ្ឈមណ្ឌលព័ត៌មានទេសចរណ៍សហគមន៍ និងការដំឡើងប៉ាណូបង្ហាញទីតាំងសហគមន៍ជាដើម»។
លោក ជំនោ បញ្ជាក់ថា សម្រាប់ក្រសួងទេសចរណ៍អាចជាការចាប់ផ្តើមគម្រោង Quick Impact Project របស់ស្ថានទូតឥណ្ឌាប្រចាំកម្ពុជា ជាលើកដំបូង ប៉ុន្តែខាងស្ថានទូតអាចនឹងកំពុងអនុវត្តគម្រោងនេះជាមួយក្រសួងស្ថាប័នផ្សេងៗ។
លោកថ្លែងថា៖ «លោកជំទាវទូតលោកចាប់អារម្មណ៍ និងបង្ហាញការគាំទ្រ ក្នុងការចាប់ផ្តើមអនុវត្តនូវគម្រោង QIP នេះ ដំបូងនៅបឹងស្នេហ៍ ហើយបន្ទាប់មកទៀត លោកអាចនឹងអញ្ជើញទៅសហគមន៍ ឬតំបន់គោលដៅទេសចរណ៍ផ្សេងៗទៀត និងអាចគាំទ្រដល់គម្រោងនេះផងដែរនៅពេលខាងមុខ»៕
