ព្រះវិហារ៖ អាជ្ញាធរ​ខេត្ត​ព្រះវិហារ សម្រេច​បិទ​ខ្ទប់​ភូមិ​ចំនួន ៣ រួម​មាន​ភូមិ​ស្រអែម​ខាង​ត្បូង ភូមិ​ធម្មជាតិ សម្តេជោ ហ៊ុន សែន និង​ភូមិចំបក់​សែន​ជ័យ​ក្នុង​ភូមិសាស្ដ្រ​ស្រុក ជាំក្សាន្ត ខេត្តព្រះវិហារ រយៈពេល ២ សប្តាហ៍ ចាប់​ពីថ្ងៃ​ទី ៣ ខែ​កក្កដា នេះ រហូត​ដល់​ថ្ងៃ​ទី​១៧ ខែកក្កដា ឆ្នាំ​២០២១​ ក្រោយ​រក​ឃើញ​វិជ្ជមាន​កូវីដ១៩។

យោងតាម​សេចក្តី​សម្រេច​របស់​រដ្ឋបាល​ខេត្ត​ព្រះវិហារ ដែល​ចុះ​ហត្ថលេខា ដោយ​លោក ប្រាក់ សុវណ្ណ អភិបាល​ខេត្ត​ព្រះវិហារ នៅ​ថ្ងៃ​ទី ៣ ខែ​កក្កដា ឱ្យ​ដឹង​ថា ការ​បិទ​ខ្ទប់​នេះ ក្នុង​គោល​បំណង​ធានា​ដល់​ការ​ទប់​ស្កាត់ ការ​ឆ្លងរាល​ដាល​ជំងឺ​កូវីដ​១៩ នៅ​ក្នុង​ភូមិសាស្ត្រ​ដែល​ត្រូវបាន​បិទ​ខ្ទប់ និង​ទប់​ស្កាត់​មិន​ឲ្យ​ឆ្លង​រាលដាល ទៅ​តំបន់​ផ្សេង​ទៀត​រហូត​ដល់​មាន​ការ​ចេញ​សេចក្តី​សម្រេច​សាជាថ្មី។

ប្រការ​២ នៃ​សេចក្តី​សម្រេច​នេះ បញ្ជាក់​ថា ក្នុង​អំឡុង​ពេល​នៃ​ការ​អនុវត្ត​វិធានការ​បិទ​ខ្ទប់ បុគ្គល​គ្រប់​រូប​ត្រូវ​បាន​ហាម​ឃាត់​ការ​ធ្វើ​ដំណើរចេញ​ចូល លើក​លែង​តែ​ក្នុង​ករណី​ចាំបាច់​ដូចជា​ការ​ធ្វើ​ដំណើរ​ដើម្បី​ទៅ​បង្ហាញ​ខ្លួន​ឲ្យ​មន្ត្រី​សុខាភិបាល​ធ្វើ​ការ​យក​សំណាក​ទៅ​វិភាគ​រក​មេរោគកូវីដ​១៩ តាម​ការ​កំណត់ និង​នៅ​ក្នុង​ភូមិសាស្ត្រ​ដែល​ត្រូវ​បាន​បិទ​ខ្ទប់។

ការ​ធ្វើ​ដំណើរ​របស់​បុគ្គលិក​ក្រុម​គ្រូពេទ្យ​ទាំងរដ្ឋ និង​ឯកជន មន្ត្រីរាជការ ក្រុម​ពន្លត់​អគ្គិភ័យ កង​កម្លាំង​ប្រដាប់​អាវុធ​គ្រប់​ប្រភេទ ដើម្បី​បំពេញបេសកកម្ម​ជូន​ស្ថាប័ន-អង្គភាព។

ការធ្វើដំណើរ​ដើម្បី​ចូល​រួម​ក្នុង​សកម្មភាព​ដែល​បម្រើ​ប្រយោជន៍​សាធារណៈ ឬ​គោល​បំណង​ចាំ​បាច់​ផ្សេង​ទៀត​តាម​ការ​ស្នើ​សុំ ឬ​តាម​ការកំណត់​របស់​អាជ្ញាធរ​មាន​សមត្ថកិច្ច និង ការ​ធ្វើ​ដំណើរ​ដោយ​មូលហេតុ​ចាំបាច់ និង​បន្ទាន់​ផ្សេងៗ​ទៀត ដែល​មាន​ការ​អនុញ្ញាត​ជា​មុន​ពី​អាជ្ញាធរ មាន​សមត្ថកិច្ច​ទទួល​បន្ទុក​អនុវត្ត​វិធានការ​បិទ​ខ្ទប់។

រាល់ការ​លើក​លែង​ខាងលើ បុគ្គល​គ្រប់​រូប​មាន​កាតព្វកិច្ច​ត្រូវ​អនុវត្ត​វិធានការ​សុខាភិបាល​រួម​មាន ការ​ពាក់​ម៉ាស់ និង​ការ​រក្សា​គម្លាត​សុវត្ថិភាព ព្រម​ទាំង​ប្រកាន់​ខ្ជាប់​នូវការ​ធ្វើ​អនាម័យ​និង​ការ​វាស់​កម្ដៅ​ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​ជំងឺ​កូវីដ​១៩។ ក្នុង​អំឡុង​ពេល​នៃ​ការ​អនុវត្ត​វិធានការបិទ​ខ្ទប់ ត្រូវ​បាន​ហាម​ឃាត់​រាល់​ការ​ជួបជុំ​លើក​លែង​តែ​ក្នុង​ករណី​ចាំបាច់​មួយ​ចំនួន៕