រដ្ឋបាលខេត្ត​កំពង់ចាម​ប្រកាស​ពី​ការ​រក​ឃើញ​ករណី​ជា​សះស្បើយ​អ្នក​ជំងឺ​កូវីដ១៩ ចំនួន ១១៣នាក់ និង​បាន​រក​ឃើញ​ករណី​វិជ្ជមាន​កូវីដ១៩ ចំនួន ៤៩នាក់ ខណៈ​ខេត្ត​រតនគិរី​រក​ឃើញ​អ្នក​មាន​វិជ្ជមាន​កូវីដ ៤០​នាក់ ព្យាបាល​ជា​សះស្បើយ ៣៤​នាក់ រីឯ​ខេត្ត ត្បូង​ឃ្មុំ​មាន​អ្នក​ឆ្លង​ថ្មី៥៥​នាក់ ជា​សះ​ស្បើយ ៤នាក់។

សេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃនេះ បានប្រកាសពីការរកឃើញករណីជាសះស្បើយចំនួន១១៣នាក់ និងរកឃើញវិជ្ជមានកូវីដ១៩ ចំនួន៤៩។ ក្នុងនោះក្រុងកំពង់ចាម ២នាក់ ស្រុកកំពង់សៀម ៥នាក់ ស្រុកបាធាយ៨នាក់ ស្រុកស្រីសន្ធរ៤នាក់ ស្រុកចំការលើ៥នាក់ ស្រុកជើងព្រៃ១៦នាក់ ស្រុកកងមាស១នាក់ ស្រុកព្រៃឈរ៥នាក់ មកពីខេត្តពោធិ៍សាត់១នាក់ ខេត្តត្បូងឃ្មុំ១នាក់ និងខេត្តក្រចេះ១នាក់ ក្នុងថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២១។

ក្នុងសេចក្តីជូនដំណឹងសរសេរថា «នៅថ្ងៃទី២ ខែកក្កដា រដ្ឋបាលខេត្តកំពង់ចាម បានចាត់មន្ត្រីសុខាភិបាលយកសំណាកលើកម្មករ កម្មការិនី ពលករចំណូលស្រុក និងអ្នកសង្ស័យចំនួន ៤២៩ នាក់ ទទួលបានលទ្ធផលតេស្តរហ័សកូវីដ១៩ វិជ្ជមានកូវីដ១៩ ចំនួន ៤៩នាក់»។

បើតាមរដ្ឋបាលខេត្តកំពង់ចាម មន្ទីរសុខាភិបាលខេត្តបញ្ជូនអ្នកជំងឺទាំងនោះ ទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យមេគង្គកំពង់ចាម និងកន្លែងព្យាបាលកម្រិតស្រាល នៅវិទ្យាល័យព្រះសីហនុ (អ្នកំពុងព្យាបាលចំនួន ៧០៩ នាក់) និងបន្តស្រាវជ្រាវរកអ្នកដែលប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោល នឹងអ្នកជំងឺកូវីដ១៩ ដែលពាក់ព័ន្ធបន្ថែមទៀត។

ចំពោះអ្នកជំងឺទាំង១១៣នាក់ ដែលត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្តអវិជ្ជមានវីរុសកូវីដ១៩ ចំនួន២លើក រដ្ឋបាលខេត្តបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យមេគង្គកំពង់ចាម និងកន្លែងព្យាបាលកម្រិតស្រាល នៅវិទ្យាល័យព្រះសីហនុ។

ចំណែកខេត្តរតនគិរីក៏បានប្រកាសពីការរកឃើញអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ចំនួន៤០នាក់ និងជាសះស្បើយចំនួន៣៤នាក់ នៅថ្ងៃទី១ ខែកក្កដាផងដែរ។ អ្នកវិជ្ជមានខាងលើ ធ្លាប់បានប៉ះពាល់ផ្ទាល់ជាមួយអ្នកវិជ្ជមានដែលបានរកឃើញកន្លងមក ដោយតម្រូវឲ្យបុគ្គលទាំងនោះធ្វើតេស្តសំណាក និងមួយចំនួនទៀតមានអាការៈ មិនស្រួលខ្លួនបានស្ម័គ្រចិត្តធ្វើតេស្តសំណាករហ័ស ជាលទ្ធផលក្នុងចំណោមសំណាក ៥៣៥ នាក់ រកឃើញវិជ្ជមានកូវីដ១៩ ចំនួន៤០ នាក់។

ចំពោះអ្នកជាសះស្បើយចំនួន៣៤នាក់ ត្រូវបានអនុញ្ញាតឲ្យចេញពីមណ្ឌលព្យាបាល និងត្រូវធ្វើចត្តាឡីស័កដោយខ្លួនឯង រយៈពេល១៤ថ្ងៃ បន្ថែមទៀត។ គិតត្រឹមថ្ងៃទី២ ខែកក្កដា រតនគិរី រកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ សរុបចំនួន ៥០៥នាក់ ព្យាបាលជាសះស្បើយចំនួន ៦១នាក់ និងស្លាប់៤នាក់។

រីឯខេត្តត្បូងឃ្មុំ ក្រោយពីបានរកឃើញវិជ្ជមានកូវីដ១៩ថ្មី ចំនួន ៥៥នាក់ និងជាសះស្បើយចំនួន ៤នាក់ ក្នុងថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២១ ក៏បានចេញសេចក្តីប្រកាសព័ត៌មាន ជម្រាបជូនសាធារណជន និងបងប្អូនប្រជាពលរដ្ឋ ដែលបានប៉ះពាល់ផ្ទាល់ សូមរួសរាន់មកជួបក្រុមគ្រូពេទ្យ និងធ្វើចត្តាឡីស័ក ដើម្បីយកសំណាកទៅពិនិត្យ និងអ្នកប៉ះពាល់ដោយប្រយោលជាមួយអ្នកវិជ្ជមានជំងឺកូវីដ១៩ទាំង ៥៥នាក់សូមរួសរាន់ធ្វើចត្តាឡីស័ក តាមផ្ទះក្នុងក្រុមគ្រួសាររៀងៗខ្លួន។ ដោយមិនពាក់ព័ន្ធ ឬប៉ះពាល់អ្នកដទៃដាច់ខាត។

ក្នុងសេចក្តីប្រកាសព័ត៌មានសរសេរថា « ប្រសិនបើបងប្អូនប្រជាពលរដ្ឋ មានរោគសញ្ញា ផ្តាសាយ ក្អក ហៀរសំបោរ ឈឺបំពង់ក ថប់ដង្ហើម ឬរាក មានសញ្ញាសង្ស័យផ្សេងៗ សូមទៅពិនិត្យសុខភាពនៅតាមមន្ទីរពេទ្យ ឬមណ្ឌលសុខភាព ដែលស្ថិតនៅជិតកន្លែងដែលបងប្អូនស្នាក់នៅ និងរាយការណ៍ជូន អាជ្ញាធរមូលដ្ឋានជាបន្ទាន់»៕