រដ្ឋបាលខេត្តឧត្តរមានជ័យសម្រេចបិទខ្ទប់ជាបណ្តោះអាសន្នទីតាំងប្រជុំជននៃភូមិពពេល ស្ថិតនៅឃុំផ្អាវ ស្រុកត្រពាំងប្រាសាទ បន្ទាប់ពីផ្ទុះមានជំងឺកូវីដ១៩ ក្នុងភូមិនោះ ខណៈខេត្តបន្ទាយមានជ័យរកឃើញអ្នកជំងឺកូវីដ ៧៨នាក់ទៀត។
ក្នុងសេចក្តីសម្រេចដែលចុះហត្ថលេខាដោយអភិបាលខេត្តឧត្តរមានជ័យ ប៉ែន កុសល្យ នៅថ្ងៃទី២ ខែកក្កដា បានសម្រេចបិទខ្ទប់ជាបណ្តោះអាសន្នទីតាំងទីប្រជុំជននៃភូមិពពេល ចាប់ពីចំណុចមុខអនុវិទ្យាល័យតេជោថ្នល់បំបែក រហូតដល់ចំណុចផ្លូវចូលភូមិតាម៉ូមានជ័យសងខាងផ្លូវលេខ ២៦២៥ ដែលមានប្រជាពលរដ្ឋចំនួន ៣៤គ្រួសារ ស្ថិតនៅភូមិផ្អាវ ស្រុកត្រពាំងប្រាសាទ ខេត្តបន្ទាយមានជ័យ ចាប់ពីថ្ងៃទី ២ ខែកក្កដា ឆ្នាំ២០២១ រហូតដល់មានការសម្រេចជាថ្មី ដោយមូលហេតុ ទីតាំងនេះមានការពាក់ព័ន្ធនឹងករណីជំងឺកូវីដ១៩។
តាមរយៈសចក្តីសម្រេច លោក ប៉ែន កុសល្យ បានបញ្ជាឲ្យហ៊ុមព័ទ្ធទីតាំងកើតជំងឺកូវីដ១៩ និងផ្អាកការចេញចូល ព្រមទាំងស្រាវជ្រាវរកអ្នកពាក់ព័ន្ធផ្ទាល់ ឬប្រយោលដើម្បីធ្វើចត្តាឡីស័ក និងយកវត្ថុសំណាកផងដែរ។ ជាមួយគ្នានោះ មន្ត្រីអាជ្ញាធរពាក់ព័ន្ធត្រូវណែនាំឲ្យម្ចាស់ទីតាំងត្រូវគោរពអនុវត្តឲ្យបានម៉ឺងម៉ាត់តាមវិធានការរដ្ឋបាល វិធានការសុខាភិបាល របស់រាជរដ្ឋាភិបាល និងវិធានការនានារបស់រដ្ឋបាលខេត្តដែលមានជាធរមាន។
ក្នុងសេចក្តីប្រកាសសរសេរថា «ពលរដ្ឋដែលមានការពាក់ព័ន្ធផ្ទាល់ ឬប្រយោលក្នុងទីតាំងបិទខ្ទប់នេះ ត្រូវដាក់ខ្លួននៅដាច់ដោយឡែករយៈពេល ១៤ថ្ងៃ តាមវិធានសុខាភិបាល។ បើមានរោគសញ្ញាក្អក ផ្តាសាយ ហៀរសំបោរ ឈឺបំពង់ក ថប់ដង្ហើម ក្តៅខ្លួនខ្លាំងឬរោគសញ្ញាសង្ស័យផ្សេងៗទៀត ត្រូវទាក់ទងក្រុមការងារប្រចាំការ និងយកសំណាកដែលមានទីតាំងស្ថិតនៅមន្ទីរពេទ្យបង្អែក ស្រុក អន្លង់វែង មន្ទីរពេទ្យបង្អែកខេត្ត ឬទំនាក់ទំនងទូរស័ព្ទលេខ ០១២ ៤៩៩ ១៩២»។
ដោយឡែក នៅខេត្តបន្ទាយមានជ័យនៅថ្ងៃនេះ បានប្រកាសពីការរកឃើញវិជ្ជមានជំងឺកូវីដ១៩ ចំនួន ៧៨ នាក់បន្ថែមទៀត ដោយមិនមានករណីជាសះស្បើយថ្មីឡើយ។ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានប្រកាសប្រាប់ប្រជាពលរដ្ឋ និងសាធារណជន ដែលបានប៉ះពាល់ដោយផ្ទាល់ត្រូវរួសរាន់មកជួបក្រុមគ្រូពេទ្យ និងធ្វើចត្តាឡីស័ក ដើម្បីយកសំណាកទៅពិនិត្យ។ ចំណែកអ្នកប៉ះពាល់ដោយប្រយោល ជាមួយអ្នកជំងឺកូវីដ១៩ ចំនួន ៧៨នាក់នោះ ត្រូវរួសរាន់ធ្វើចត្តាឡីស័កតាមផ្ទះក្នុងក្រុមគ្រួសាររៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត។
ក្នុងសេចក្តីប្រកាសព័ត៌មានសរសេរថា « ក្នុងករណីមានការប្រែប្រួលសុខភាពខុសប្រក្រតី ដូចជាឡើងកម្តៅលើស ៣៧អង្សាសេ ក្អក កណ្តាស់ ហៀរសំបោរ ឈឺបំពង់ក មានកំហាក ថប់ដង្ហើម ជាដើម ត្រូវប្រញាប់ទំនាក់ទំនងទៅក្រុមឆ្លើយតបបន្ទាន់ ឬទំនាក់ទំនងទូរស័ព្ទលេខ ០១២ ៧២៤០៤២ /០១២ ៩៤៨៧៧៩»៕