កំពតៈ ប្រជាពលរដ្ឋចំនួន ៤ នាក់ រស់នៅ​ក្នុង​ភូមិ​កោះឈ្វាំង ឃុំស្វាយ​ទង​ខាងត្បូង ស្រុក​កំពង់ត្រាច ខេត្ត​កំពត បាន​ស្លាប់​ជា​បន្ត​បន្ទាប់នៅ​ថ្ងៃទី​៣ ខែ​កក្កដា​នេះ ដោយ​សង្ស័យ​ពុល​ស្រាស ដោយ​ផឹក​ជួបជុំ​លក្ខណៈ​គ្រួសារ ខណៈ ៥ នាក់​ផ្សេង​ទៀត កំពុង​សម្រាក​ព្យាបាល​នៅឯមន្ទីរ​ពេទ្យ។

លោក អូន ខន អភិបាលស្រុកំពង់ត្រាច ប្រាប់ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី ៣ ខែកក្កដា ឆ្នាំ ២០២១ នេះថា ក្រុម​ការងារ​របស់​លោក​កំពុង​នៅកន្លែង​កើត​ហេតុ ដើម្បី​ធ្វើ​ការ​ស្រាវជ្រាវ​ឱ្យ​បាន​ពិត​ប្រាកដ ប៉ុន្តែ​ក្រុម​គ្រូពេទ្យ​បាន​ដាក់​ការ​សង្ស័យ​បឋម​ថា ពួកគេ​ស្លាប់​ដោយ​សារ​ពុលស្រា។

លោក អូន ខនថ្លែង​ថា៖ «ឥឡូវ​ខាង​ពេទ្យ​គេ​សង្ស័យ​ថា ពុលស្រា ប៉ុន្តែ មិន​ទាន់​ច្បាស់ ១០០% ទេ ចាំ​យក​ទៅ​ពិនិត្យ​នៅ​ឡាបូសិន នៅមន្ទីរ​ពិសោធនន៍​ទើប​ដឹង»។

បើតាម លោក អូន ខន អាជ្ញាធរបាន​ផ្សព្វផ្សាយ​ពី​បញ្ហា​គ្រោះថ្នាក់​ដែល​កើត​ឡើង ដោយសារ​ស្រាស និង​បិទ​តូប​លក់ស្រា​ដែរ ប៉ុន្តែ​ពួក​គាត់នៅតែ​ទិញ​យក​មក​ផឹក​លក្ខណៈ​គ្រួសារ នៅ​ពេល​ល្ងាច​ឡើង៕