បន្ទាយមានជ័យៈ អគ្គស្នងការរង​នគរបាល​ជាតិ​លោក​ ខេង សាម៉េត ​ឧបត្ថម្ភ​ក្តាមឈូស​ចំនួន ​១០០ ​ដល់​ខេត្ត​បន្ទាយ​មាន​ជ័យ ខណៈ​ខេត្ត​នេះ​មាន​អ្នក​ជំងឺ​កូវីដ ១៩ កម្រិត​ធ្ងន់​ប្រមាណ ​៣០ នាក់។

លោក​ឱម ចន្ថា ​អភិបាលរង​ខេត្ត​បន្ទាយ​មានជ័យ​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ៤ ខែកក្កដា​ថា​៖«ក្តាមឈូស​ហ្នឹង​គឺ​ឯកឧត្តម​ ខេង សាម៉េត ​អគ្គស្នងការរង​នគរបាលជាតិ ​លោក​ជួយ​មក​ខេត្ត​បន្ទាយ​មានជ័យ ​១០០ ​ ហើយ​ជួយ​ដល់​ខេត្ត​បាត់ដំបង ​១០០ ​ទាំងអស់ ​២០០។ នៅ​ក្នុង​អនុគណៈកម្មការ​ជាតិ​[ចាត់ចែង​និង​គ្រប់គ្រង​សាកសព​ជំងឺ​កូវីដ១៩​] ហ្នឹង​គឺ​ត្រៀម​នឹង​ជួយ​ដែរ។ ប៉ុន្តែ​ដល់ពេល​យើង​បាន ​១០០ ​យើង​គិត​ត្រឹម ១០០​ ហ្នឹង​ប្រើប្រាស់​សិន។ ប្រសិនមាន​ការខ្វះខាត​ទៀត​ប្រហែជា​ថ្នាក់​ជាតិ​ហ្នឹង​បន្ថែម​ទៅ​ទៀត»។

លោក​ថ្លែងថា ​ប្រសិន​បើ​រដ្ឋាភិបាល​អាចបញ្ចប់​ការចាក់វ៉ាក់​សាំង​ជូន​ដល់​ប្រជាពលរដ្ឋ​ក្នុង​រយៈ​ពេល​១​ខែ​ទៀត ស្ថាន​ភាព​ជំងឺ​កូវីដ១៩​ប្រចាំ​ខេត្ត​នេះ​អាច​មាន​ការ​ធូរស្បើយ​ឡើង​វិញ។ អ្នក​ជំងឺ​កូវីដ ១៩​ ដែល​កំពុង​ធ្ងន់ធ្ងរ​មួយចំនួន ​ដោយសារ​ពួកគេ​មិន​ទាន់​ទទួលបាន​ការ​ចាក់​វ៉ាក់សាំង។

លោក​ចន្ថាថ្លែង​ថា​៖«រដ្ឋាភិបាល​គ្រោង​នឹង​បញ្ជូន​ថែម​ទៀត។ ប៉ន្តែ​គ្រាន់ថា ​ខ្ញុំ​មើល​សន្ទុះ​អ្នកជំងឺ​អាច​នឹង​ថមថយ ​នៅ​ពេល​ខាង​មុខ​រយៈពេល​ប្រហែលជា​កន្លះ​ខែ​ទៅ​ ១ ខែ​ទៀត​អាច​ថម​ថយ​វិញ»។

លោក​បន្តថា​៖«ខ្ញុំ​គិតថា ​ប្រហែលជា ​[ប្រើ] ​មិន​អស់​ទេ ​មឈូល​១០០​ហ្នឹង។ អ្នក​ដែល​ធ្ងន់ៗ​នៅ​ក្នុង​មន្ទីរពេទ្យ​ សរុប​ខ្ទង់​ប្រហែល ​២០ ​[ទៅ] ​៣០ ​នាក់​អី​ប៉ុណ្ណឹង​ឯង»។

លោក​ថ្លែងថា ​នៅ​ខេត្ត​របស់​លោក​មន្ទីរពេទ្យ​២កន្លែង​ដែល​ទទួល​អ្នក​ជំងឺ​កូវីដ១៩ ​ដែល​ធ្ងន់ធ្ងរ ​គឺ​មន្ទីរពេទ្យ​បង្អែក​ក្រុង​ប៉ោយ​ប៉ែត​និង​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា-​ជប៉ុន​នៅ​ស្រុក​មង្គលបុរី ខណៈ​មន្ទីរ​ពេទ្យ​មួយ​កន្លែង​ទៀត​នៅ​ក្នុង​ក្រុង​សិរីសោភ័ណ ​និង​មណ្ឌល​ចត្តាឡីស័ក​មួយចំនួន​ទៀត​ទទួល​អ្នកជំងឺ​កូវីដ ១៩​ កម្រិត​ស្រាល។

លោក​ថ្លែងថា​៖«អ៊ីចឹង​ក្តាមឈូល​នេះ​ខ្ញុំ​បានបញ្ជូន​ទៅ​ហ្នឹង​គឺ​ទុក​នៅ​ប៉ោយប៉ែត ​៥០ ​ហើយ​បញ្ជូន​សម្រាប់​ក្រុង​សិរី​សោភ័ណ​ហ្នឹង ​២០ ​ហើយ​យកទៅ​ខាង​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា​-ជប៉ុន​ហ្នឹង ​៣០ មឈូល»។

លោក​ចន្ថា​ថ្លែងថា ​បច្ចុប្បន្ន​ប្រជាពលរដ្ឋ​កំពុង​សហការ​ជាមួយ​អាជ្ញាធរ​ខេត្ត​នេះ​ក្នុង​ការចូលរួម​ទប់ស្កាត់​ជំងឺ​នេះ​ ដោយសារ​ពួកគាត់​ស្ម័គ្រចិត្ត​ចាក់​វ៉ាក់សាំង ​គោរព​ទៅ​តាម​វិធានការ​របស់​ក្រសួង​សុខាភិបាល​និង​មាន​ការភ្ញាក់រឭក​ និង​មាន​ការ​ខ្លាច​រអា​ដែល​ធ្វើ​ឱ្យ​ពួកគាត់​មានការ​ប្រុងប្រយ័ត្ន​រៀងៗ​ខ្លួន។

លោក​ថ្លែងថា​៖«ខ្ញុំ​គិតថា​ប្រសិនបើ​គាត់​ចូលរួម​បាន​ប៉ុណ្ណឹង ​វា​ទៅមុខ​នឹង​អាច​ថយ។ វា​មិន​អាច ​[រីករាលដាល]​ទៅមុខ​ទៀត​ទេ»។

លោក​ចន្ថា​ឱ្យដឹងថា ​រដ្ឋបាល​ខេត្ត​របស់​លោក​មិន​ចាំបាច់​ត្រៀម​ថវិកា​សម្រាប់​ទិញ​ក្តាមឈូស​នោះ​ទេ។ ​ប្រសិន​បើ​រដ្ឋបាល​ខេត្ត​នេះ​ប្រើប្រាស់​ជិត​អស់​ចំនួន​ក្តាមឈូស​ដែល​មាន រដ្ឋបាល​ខេត្ត​នឹង​រាយការណ៍​ជូន​រដ្ឋាភិបាល​ដែល​លោក​គិត​ប្រហែល​ជា​អាច​ឧបត្ថម្ភ​បន្ថែម​ទៀត។

ថ្លែង​ក្នុង​កិច្ចប្រជុំ​ពិសេស​មួយ​តាម​ប្រព័ន្ធ​វីដេអូ​ដើម្បី​ពិភាក្សា និង​ដោះស្រាយ​ទៅលើ​បញ្ហា​ជំងឺ​កូវីដ១៩ ​កាល​ពី​ថ្ងៃទី​ ១ ខែ​កក្កដា ​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន ​បញ្ជា​ឱ្យ​លោក​សៅ សុខា​មេបញ្ជាការ​កងរាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​យក​ឈើ​ដែល​រឹបអូស​បាន​ដើម្បី​រៀបចំ​ធ្វើជា​ក្តាមឈូស។ ​ក្រសួង​សេដ្ឋកិច្ច​ផ្តល់​ថវិកា​ទិញ​ក្តាមឈូស ​ដែល​មាន​លក់​យក​មក​ស្តុក​ទុក​​តាម​មន្ទីរ​ពេទ្យ​នៅ​ភ្នំពេញ ​និង​នៅ​តាម​ខេត្ត។

លោក​ថ្លែងថា​៖«ស្លាប់​ជំនាន់​កូវីដ​គឺ​កម្សត់​ណាស់ ​និយាយ​តាម​មួយបែប​ដូចជា​សាកសព​អនាថា ​ហើយ​យើង​ត្រូវតែ​មាន​ក្តាម​ឈូស​ឱ្យ​បាន​ត្រឹមត្រូវ​សម្រាប់​យកទៅ​បូជា​ឬយក​ទៅ​កប់។ អ៊ីចឹង ​អនុគណៈកម្មការ​សាងសង់​ និង​ជួសជុល​ពិភាក្សា​ជា​មួយ​នឹង​គណៈកម្មការ​គ្រង់គ្រង ​និង​ចាត់​ចែង​សាកសព​ ដើម្បី ​នឹង​ពិនិត្យមើល ហើយ​ពិភាក្សា​ជាមួយ​នឹង​ឯកឧត្តម​សៅ សុខា។​ ឈើ​ដែល​យើង​ចាប់​បាន​កន្លង​ទៅ​យក​អាហ្នឹង​ធ្វើ​ក្តាមឈូស​។ យើង​មិន​ដល់​ថ្នាក់​ថាឱ្យ​សាកសព​របស់​យើង​អត់​ក្តាមឈូស​ទេ។ ត្រូវ​មាន​ក្តាមឈូស។ ត្រូវ​គោរព​ទៅ​ដល់​សាកសព​ដល់​វិញ្ញាណក្ខន្ធ​ពលរដ្ឋ​របស់​យើង​ដែល​បាន​ចាក​លោក»៕

វីដេអូ៖