ភ្នំពេញៈ មនុស្ស​ ៩ ​នាក់​ស្លាប់​ និង​ ១២ ​នាក់​ទៀត​កំពុង​សម្រាក​ព្យាបាល​នៅឯ​មន្ទីរពេទ្យ ក្រោយ​ពី​បាន​ផឹក​ស្រាស​ និង​ស្រាថ្នាំ នៅ​ភូមិ​កោះ​ឈ្វាំង ឃុំ​ស្វាយ​ទង​ខាងត្បូង ស្រុក​កំពង់ត្រាច ខេត្តកំពត​។ យោងតាម​ការឱ្យ​ដឹង​របស់​អគ្គនាយកដ្ឋាន​ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ «​ក.ប.ប.»​។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់ ក.ប.ប. នៅ​ថ្ងៃទី​ ៤ ខែកក្កដា បាន​បញ្ជាក់ថា បន្ទាប់ពី​ចុះ​ដល់​ទីតាំង​កើតហេតុ មន្ត្រី​ជំនាញ​បាន​សាកសួរ និង​ទទួលបាន​ព័ត៌មាន​ថា កាលពី​ថ្ងៃទី​ ៣ ខែកក្កដា មាន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ភូមិ​កោះឈ្វាំង​នេះ​មាន​អាការ​ក្អួតចង្អោរ ទន់​ដៃជើង​រហូត​ស្លាប់​បាត់បង់​ជីវិត​ចំនួន ៩ ​នាក់ និង​ ១២ ​នាក់​ផ្សេងទៀត ត្រូវ​បាន​នាំយកទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ដំណាក់​ចង្អើរ និង​មន្ទីរពេទ្យបង្អែក​ស្រុក​កំពង់ត្រាច​។

ប្រភព​ដដែល​បាន​បន្តថា មន្ត្រី​ជំនាញ​បាន​ប្រមូល​សំណាក​គំរូ​ស្រាស និង​ស្រាថ្នាំ​ដែល​នៅ​សេសសល់​នៅ​ផ្ទះ​ជនរងគ្រោះ​ និង​ទីតាំង​លក់​ស្រា​នេះ និង​បន្ត​ចុះ​ស្រាវជ្រាវ​ដល់​កន្លែង​ផលិត​ស្រា ដែល​ស្ថិត​នៅ​ខាងជើង​វត្ត​អង្គ​ដំបង​ដែក ស្ថិត​ក្នុង​ភូមិ​តាក្ងាប ឃុំ​ស្វាយ​ទង​ខាងជើង ស្រុក​កំពង់ត្រាច​។ ​សំណាក​គំរូ​ទាំងអស់​ដែល​ប្រមូលបាន​ត្រូវ​បាន​បញ្ជូន​មក​វិភាគ​នៅ​មន្ទីរពិសោធន៍​របស់​អគ្គ​នាយកដ្ឋាន ក.ប.ប. ដើម្បី​រក​វត្តមាន​សារធាតុ​មេតាណុល ដែល​ជា​សារធាតុ​បង្ក​គ្រោះថ្នាក់​។

ទោះយ៉ាងណា​ក៏ដោយ លោក អូន ខន អភិបាលស្រុក​កំពង់ត្រាច​បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ នៅ​ថ្ងៃទី​ ៤ ខែកក្កដា នេះ​ថា​កាលពី​ថ្ងៃទី​ ៣ មាន​មនុស្ស​ស្លាប់ ៤ ​នាក់ ហើយ​ឈានដល់​ថ្ងៃទី​ ៤ ខែកក្កដា នេះ​មាន​មនុស្ស ២ ​នាក់​ទៀត​បាន​ស្លាប់​បន្ថែម​ដែល​ធ្វើឱ្យ​អ្នកស្លាប់​បាន​កើន​ដល់ ៦ ​នាក់​ប៉ុន្តែ​មនុស្ស​ ៣ នាក់​ផ្សេងទៀត​ដែល​បាន​ស្លាប់​ដែរនោះ គឺ​ដោយសារ​ពួកគាត់​មាន​វ័យចាស់​ជរា​។

លោក អូន ខន ថ្លែងថា​៖ «​ពួកគាត់​ជា​អ្នកនេសាទ​ត្រី ដែល​ស្ថិតនៅ​តំបន់​ដាច់ស្រយាល មុនដំបូង​ស្មានតែ​ពុល​ត្រី​កាម៉ុង ប៉ុន្តែ​នៅពេល​យើង​សួរនាំ​អ្នកផ្សេង​ទៀត ដែល​អត់​ហូប​ត្រី​​កាម៉ុង​ផង ក៏បាន​ស្លាប់​។ ដូច្នេះហើយ​យើង​សន្និដ្ឋានថា វា​ជា​ការពុល​ស្រា​»​។

លោក អូន ខន បាន​ថ្លែងថា អ្នក​ដែល​លក់​ស្រាស​បាន​រត់គេច​ខ្លួន​កាលពី​ថ្ងៃទី​ ៣ ខែកក្កដា ខណៈ​កម្លាំង​សមត្ថកិច្ច​កំពុងតែ​ស្រាវជ្រាវ ហើយ​នគរបាល​ប៉ុស្តិ៍ និង​រដ្ឋបាល​ឃុំ​ស្វាយ​ទង​ខាងត្បូង បាន​ឱ្យ​បញ្ឈប់​ការលក់​ហើយ ប៉ុន្តែ​ជាគោលការណរ៍​របស់​រដ្ឋបាល​ស្រុក​គឺ​ឱ្យ​បិទ​ទាំងអស់ ទាំង​បិត និង​លក់​ស្រាស ព្រមទាំង​មាន​ទាំង​កិច្ចសន្យា​ទៀត​។

លោក លន សុខា មេឃុំ​ស្វាយទង​ខាងត្បូង បាន​លើកឡើង​ដែរ​ថា អ្នកស្លាប់​ទាំង ៦ នាក់​នេះ​មាន​ប្រុស ២ នាក់ និង​ស្រី ៤ នាក់​ ដែលមាន​អាយុ​ចម្លោះ​ពី ៣៣ ​ឆ្នាំ ទៅ ៦០ ឆ្នាំ ខណៈ​ដែល ៣ នាក់​ទៀត ដែល​បាន​ស្លាប់​ដែរនោះ គឺ​ពួកគាត់​មាន​វ័យចាស់​ជរា មិនបាន​ពិសា​ស្រា​ទេ​។

លោក លន សុខា ថ្លែងថា​៖ «​នៅ​កន្លែង​ពលរដ្ឋ​ស្លាប់​ហ្នឹង ជា​តំបន់​សង្កាត់​មាត់ញក គេ​លក់​ស្រា​តាម​តូប​តូចៗ ហើយ​គាត់​ទិញ​ហូប​ជា​លក្ខណៈ​គ្រួសារ នៅពេល​គាត់​មកពី​លូក​ក្តាម និង​ធ្វើ​នេសាទ​។ ម្យ៉ាង​នៅក្នុង​ឃុំ​នេះ​អត់​មាន​កន្លែង​បិតស្រា​ទេ លើក​មុន មាន​ ២ ​នាក់ ប៉ុន្តែ​ឈប់​បិត​ហើយ​។ ប៉ុន្តែ​នៅពេលដែល​អាជ្ញាធរ​ចុះទៅ​ពិនិត្យមើល ឃើញ​ស្រា​នៅក្នុង​ប៊ីដុង​តិចតួច​ប៉ុណ្ណោះ ហើយ​ត្រូវបាន​នាំចូល​មកពី​តំបន់​ផ្សេង​»​។

សេចក្ដី​ប្រកាស​របស់​ក្រសួង​សុខាភិបាល​កាលពី​ថ្ងៃទី​ ៣ ​ខែ មិថុនា ឆ្នាំ​ ២០២១ បាន​បង្ហាញថា ក្នុង​ត្រីមាស​ទី​១ ឆ្នាំ នេះ​មាន​ពលរដ្ឋ​ចំនួន​ ៣១ ​នាក់ ​ក្នុង​ខេត្ត​ចំនួន​ ៣ ​រួមមាន ខេត្តកណ្ដាល កំពត និង ខេត្ត​ពោធិ៍សាត់​បាន​ស្លាប់​ដោយ​សង្ស័យ​បណ្ដាលមកពី​ការទទួល​ទាន​ស្រាស និង​ស្រាថ្នាំ ដែលមាន​សារធាតុ​មេតាណុល​ខ្ពស់​៕

វីដេអូ៖