ភ្នំពេញៈ រដ្ឋមន្ដ្រី​ក្រសួង​មហាផ្ទៃ​លោក ស ខេង បាន​ណែនាំ​ដល់​គណៈបញ្ជាការ​ឯកភាព​រាជធានី​-​ខេត្ដ ឱ្យ​យកចិត្ដ​ទុកដាក់​គ្រប់គ្រង​សភាពការណ៍​ និង​ដោះស្រាយ​បញ្ហា​ជាប្រចាំ​ជាមួយ​ពលរដ្ឋ​នៅតាម​មូលដ្ឋាន ខណៈ​នៅសល់​ពេលវេលា​តែ​ ១ ​ឆ្នាំ​ទៀត​នឹង​ឈានដល់​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ-សង្កាត់ ដែល​ឱកាស​នេះ​ក្រុម​អ្នក​នយោបាយ​នឹង​ប្រើប្រាស់​បញ្ហា និង​ទំនាស់​ផ្សេងៗ ទាញ​យក​ប្រជាប្រិយភាព​ ដើម្បី​ទទួលបាន​ការគាំទ្រ ឬ​សំឡេងឆ្នោត​។

លោក ស ខេង ថ្លែង​បែបនេះ​ក្នុងពេល​ធ្វើជា​អធិបតី​ក្នុង​ពិធីប្រកាស​ចូលកាន់​តំណែង​របស់​លោក ស៊ុន សុវណ្ណារិទ្ធិ ជា​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ឆ្នាំង​ជំនួស​លោក ឈួរ ច័ន្ទឌឿន កាលពី​ថ្ងៃទី​ ១ ខែកក្កដា នៅ​ខេត្ដ​កំពង់ឆ្នាំង​។ លោក​បាន​ណែនាំ​ដល់​គណៈបញ្ជាការ​ឯកភាព​រាជធានី-ខេត្ដ​បន្ត​ថែរក្សា និង​ពង្រឹង​សន្តិភាព ស្ថិរភាព​នយោបាយ សន្តិសុខ និង​សណ្ដាប់ធ្នាប់​សាធារណៈ ដើម្បី​បង្ក​បរិយាកាស​អំណោយផល​ដល់​ការអភិវឌ្ឍ​ប្រទេសជាតិ​លើ​គ្រប់​វិស័យ​។

លោក​ ស ខេង ដែល​ក៏​ជា​ឧបនាយករដ្ឋមន្ត្រី​ផង​នោះ​បញ្ជាក់ថា អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់​ត្រូវ​ពង្រឹង​ការគ្រប់គ្រង​សភាពការណ៍​តាម​មូលដ្ឋាន ដើម្បី​ដាក់ចេញ​វិធានការ​ទប់ស្កាត់​ឱ្យបាន​ទាន់ពេលវេលា​នូវ​សកម្មភាព​នៃ​ការផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​ និង​ភាពចលាចល​។ ជាពិសេស​សកម្មភាព​ប៉ុនប៉ង​ផ្ដួលរំលំ​រាជរដ្ឋាភិបាល​។

លោក​បាន​ថ្លែងថា​៖ «​ត្រូវយក​ចិត្ដ​ទុកដាក់​គ្រប់គ្រង​ដោះស្រាយ​ជម្លោះ និង​ការទាមទារ​តវ៉ា​នានា​ប្រកប​ដោយ​សន្តិវិធី​ផ្អែកលើ​គោលការណ៍​ច្បាប់ និង​ត្រូវ​ចៀសវាង​ដាច់ខាត​នូវ​អំពើ​ហិង្សា​តាម​គ្រប់​រូបភាព​»​។

លោក​ឧបនាយករដ្ឋមន្ត្រី​បញ្ជាក់ថា​៖ «​នៅសល់​ ១ ​ឆ្នាំ​ទៀត​នឹងមាន​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​សង្កាត់​។ អ៊ីចឹង​ហើយ​អ្នកនយោបាយ​ទាំងឡាយ​គេ​តែងតែ​ប្រើប្រាស់​នូវ​បញ្ហា​នានា​ដែលជា​បញ្ហា​ប្រឈម បញ្ហា​អសកម្ម ឬ​អាច​និយាយថា ទំនាស់​នានា​នៅក្នុង​មូលដ្ឋាន ដើម្បី​ឆ្កឹះ​ក្នុង​បំណង​ទាញយក​ប្រជាប្រិយភាព​បម្រើឱ្យ​គណបក្ស​របស់ខ្លួន​ឈានទៅ​ទទួល​បាន​ការគាំទ្រ ឬក៏​សំឡេងឆ្នោត​ពី​ការបោះឆ្នោត​»​។

គណៈបញ្ជាការ​ឯកភាព​រាជធានី-ខេត្ដ​ត្រូវ​យក​ចិត្ដ​ទុកដាក់ អប់រំ ណែនាំ និង​បកស្រាយ​បំភ្លឺ​ជូន​ប្រជាពលរដ្ឋ​ឱ្យ​បាន​ទាន់ពេលវេលា​នូវ​ការបំផុសបំផុល ផ្សព្វផ្សាយ ព័ត៌មាន​មិន​ពិត និង​សកម្មភាព​ផ្សេងៗ ដែលមាន​ចរិត​អុជអាល​បង្កឱ្យមាន​ហិង្សា​ក្នុង​សង្គម​។ បំផុស​អប់រំ​ប្រជាពលរដ្ឋ​ឱ្យ​ចូលរួម​គោរព​ច្បាប់ ចូលរួម​ការពារ​ផលប្រយោជន៍​សាធារណៈ ផលប្រយោជន៍​សហគមន៍ និង​ត្រូវ​ចៀសវាង​ការចូលរួម​ក្នុង​សកម្មភាព​ទាំងឡាយ​ណា​ដែល​ផ្ទុយ​ពី​ច្បាប់ ក៏ដូចជា​សកម្មភាព​ដែល​ប៉ះពាល់​ដល់​សន្តិភាព ស្ថិរភាព​នយោបាយ​។ នេះ​ជា​ការណែនាំ​របស់​លោក​ ស ខេង​។

លោក​បាន​បញ្ជាក់ទៀត​ថា​៖ «​អាជ្ញធរ​យើង សមត្ថកិច្ច​ទាំងអស់​របស់​យើង គឺ​ត្រូវតែ​យកចិត្ដ​ទុកដាក់​ពី​ឥឡូវ​ទៅ ដើម្បី​នឹង​គ្រប់គ្រង​សភាពការណ៍ ហើយ​ដោះស្រាយ​បញ្ហា​ជាប់​ជា​ប្រចាំ​មិនត្រូវ​មើលស្រាល​នោះទេ​»​។

ជាងនេះទៀត លោក​ក៏បាន​ណែនាំ​ដល់​គណៈបញ្ជាការ​ឯកភាព​រាជធានី-ខេត្ដ មិន​ត្រូវមាន​ទស្សនៈ​ខុសឆ្គង​ថា បញ្ហា​ដែល​កើតឡើង​នោះ​ដោយសារ​ពួក​ប្រឆាំង ឬ​ដោយសារ​ហេតុផល​ណាមួយ​នោះទេ​។ ប៉ុន្ដែ​ត្រូវ​មើល​បញ្ហា​ឱ្យ​ច្បាស់ និង​ស្គាល់​ខ្លួនឯង​ឱ្យ​ច្បាស់​តើ​មាន​បញ្ហា​មែន ឬ​អត់​?​។ ជា​មួយ​គ្នា​នេះ លោក​ក៏បាន​លើក​ជា​ឧទាហរណ៍ ដូចជា ករណី​ទំនាស់​ដីធ្លី ដែលមាន​ការរំលោភបំពាន​ទៅលើ​ផលប្រយោជន៍ និង​សិទ្ធិ​ប្រជាពលរដ្ឋ បើ​មាន​នោះ​ត្រូវ​ទទួលស្គាល់ និង​ដោះស្រាយ​។

ប្រធាន​វិទ្យាស្ថាន​ប្រជាធិបតេយ្យ​កម្ពុជា និង​ជា​អ្នកវិភាគ​នយោបាយ លោក ប៉ា ចន្ទរឿន សាទរ​ចំពោះ​ការដាស់តឿន​ក្រើនរំឭក​របស់​រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ លោក ស ខេង ទៅកាន់​គណៈបញ្ជាការ​ឯកភាព​រាជធានី-ខេត្ដ ដើម្បី​ឱ្យមាន​ការបំពេញ​តួនាទី​ប្រកប​ដោយ​វិជ្ជាជីវៈ​របស់ខ្លួន​ទៅដល់​ប្រជាពលរដ្ឋ​។

លោក​ ចន្ទរឿន បាន​ថ្លែងថា​៖ «​ប្រសាសន៍​នេះ​គឺជា​រឿង​ល្អ ដែល​តម្រូវឱ្យ​គណៈបញ្ជាការ​ឯកភាព​រាជធានី​-​ខេត្ដ មន្ដ្រីរាជការ​តាម​បណ្ដា​ខេត្ដ​ឱ្យ​គោរព​តាម​លក្ខន្តិកៈ​មន្ដ្រី​រាជការ​ស៊ីវិល ដែល​បែងចែក​រវាង​តួនាទី​ជា​មន្ដ្រី​គណបក្ស និង​មន្ដ្រី​បម្រើ​ប្រជាពលរដ្ឋ​»​។

លោក​បាន​លើកឡើងថា ការងារ​មន្ដ្រីរាជការ​ក្នុង​តួនាទី​អភិបាល​រាជធានី ខេត្ដ គឺ​បាន​អនុវត្ដ​ការងារ​ក្នុងនាម​ជា​អ្នកបម្រើ​ប្រជាពលរដ្ឋ​ទូទៅ មិនមែន​បម្រើ​តែ​សមាជិក​គណបក្ស​ណាមួយ​នោះទេ​៕