
និស្សិត នូ ច័ន្ទយុទ្ធា និងនិស្សិត តាន់ ច័ន្ទបូពេជ្រ។ រូបថត ហ្វេសប៊ុក
ភ្នំពេញៈ រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាបានប្រកាសទទួលខុសត្រូវក្នុងការបន្តបង់ថ្លៃសិក្សា ដល់និស្សិតយោធាកម្ពុជាចំនួន ៦ រូប ដែលកំពុងសិក្សានៅសាលាបណ្ឌិត្យសភាយោធាអាមេរិក ដែលត្រូវបានសហរដ្ឋអាមេរិកសម្រេចជាឯកតោភាគីក្នុងការផ្អាកការសិក្សារបស់ពួកគេនៅមុនឆ្នាំត្រូវបញ្ចប់ការសិក្សា។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា។
អ្នកវិភាគយល់ថា នេះបង្ហាញឱ្យឃើញពីការទទួលខុសត្រូវខ្ពស់របស់រាជរដ្ឋាភិបាលដែលមិនបោះបង់ចោលជនជាតិរបស់ខ្លួននៅកណ្តាលទីនោះទេ។
សេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យក្រសួងការពារជាតិ ដែលចេញនៅយប់ថ្ងៃទី ២ ខែ កក្កដា ឆ្នាំ ២០២១ បានជម្រាបជូនដល់មតិជាតិ និងអន្តរជាតិថា យោងតាមការសម្រេចជាឯកតោភាគីរបស់សហរដ្ឋអាមេរិក បញ្ឈប់បង់ថ្លៃសិក្សាសម្រាប់សិស្សបណ្ឌិត្យសភាយោធាកម្ពុជាដែលកំពុងសិក្សានៅសហរដ្ឋអាមេរិក ក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជាសូមបញ្ជាក់នូវចំណាត់ការជាបន្ទាន់ និងចាំបាច់ពាក់ព័ន្ធនឹងការសិក្សារបស់សិស្សយោធាបណ្ឌិត្យសភាកម្ពុជា ចំនួន ៦ រូបដែលកំពុងសិក្សានៅតាមបណ្តាសាលាបណ្ឌិត្យសភាយោធារបស់សហរដ្ឋអាមេរិក។
សេចក្តីប្រកាសព័ត៌មានបញ្ជាក់ថា៖ «ដោយមើលឃើញអំពីការលំបាករបស់សិស្សរាជបណ្ឌិត្យសភាយោធាកម្ពុជាទាំងអស់ដែលបណ្តាលមកពីការបញ្ឈប់នូវកាតព្វកិច្ចនៃការបង់ថ្លៃសិក្សាពីសំណាក់ភាគីអាមេរិក និងនៅក្នុងស្មារតីទទួលខុសត្រូវចំពោះអនាគត និងផលប្រយោជន៍របស់សិស្សបណ្ឌិត្យសភាយោធាកម្ពុជារាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជានឹងទទួលបន្តបង់ថ្លៃសិក្សាសម្រាប់សិស្ស បណ្ឌិត្យសភាយោធាកម្ពុជាទាំង ៦ រូបរហូតដល់បញ្ចប់ការសិក្សារបស់ខ្លួនជាស្ថាពរ»។
ក្រសួងការពារជាតិនឹងទំនាក់ទំនងជាមួយស្ថាប័នពាក់ព័ន្ធរបស់សហរដ្ឋអាមេរិកនៅក្នុងចំណាត់ការនេះ។
យោងតាមឯកសារដែល ភ្នំពេញ ប៉ុស្តិ៍ ទទួលបាន និស្សិតបណ្ឌិត្យសភាយោធាកម្ពុជាទាំង ៦ រូប ដែលត្រូវបង់ថ្លៃសិក្សាសរុបចំនួន ១ ១០០ ០០០ ដុល្លារនោះ រួមមាន ទី១ ឈ្មោះ ទ្រី លៀង ឋានន្តរស័ក្តិ Cadet រៀននៅសាលា West Point ត្រូវបញ្ចប់ការសិក្សានៅឆ្នាំ ២០២២។
ទី២ ឈ្មោះ អ៊ុន វុឌ្ឍិ ឋានន្តរស័ក្តិ SGT រៀននៅសាលា West Point ត្រូវបញ្ចប់ការសិក្សានៅឆ្នាំ ២០២៤។ ទី៣ ឈ្មោះ ពេជ្រ ចន្ទ្រា ឋានន្តរស័ក្តិ Cadet រៀននៅសាលា US Naval Academy ត្រូវបញ្ចប់ការសិក្សានៅឆ្នាំ ២០២២។ ទី៤ ឈ្មោះ តាន់ ច័ន្ទបូពេជ្រ ឋានន្តរស័ក្តិ Cadet រៀននៅសាលា Coast Guard Academy ត្រូវបញ្ចប់ការសិក្សានៅឆ្នាំ ២០២២។ ទី៥ នូ ច័ន្ទយុទ្ធា ឋានន្តរស័ក្តិ Cadet រៀននៅសាលា Air Force Academy ត្រូវបញ្ចប់ការសិក្សានៅឆ្នាំ ២០២៣។
ទី៦ ឈ្មោះ ឡុង តុលា ឋានន្តរស័ក្តិ CWO រៀននៅសាលា Air Force Academy ត្រូវបញ្ចប់ការសិក្សានៅឆ្នាំ ២០២៤។
លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជាបានប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ៤ ខែកក្កដាថា លោកសូមកោតសរសើរដល់រាជរដ្ឋាភិបាលកម្ពុជា ដែលមានការទទួលខុសត្រូវខ្ពស់ចំពោះយុវជនទាំង ៦ រូប ដែលត្រូវសហរដ្ឋអាមេរិកផ្តាច់អាហារូបករណ៍នៅពាក់កណ្តាលទីក្រោមហេតុផលដែលមិនអាចទទួលយកបាន។
លោកបញ្ជាក់ថា៖ «កាយវិការរបស់សហរដ្ឋអាមេរិកបែបនេះ វាច្បាស់ណាស់ថា អ្វីដែលអាមេរិកធ្វើចំពោះកម្ពុជាគឺដើម្បីផលប្រយោជន៍អាមេរិក គឺមិនមែនគិតរឿងមនុស្សធម៌ ឬដោយសារតែសហរដ្ឋអាមេរិកស្រឡាញ់ខ្មែរ ចង់បណ្តុះធនធានមនុស្សឱ្យខ្មែរដោយសុទ្ធចិត្តទេ»។
លោកលើកឡើងថា វាជានយោបាយការទូតសាធារណៈមួយ ដែលអាមេរិកចង់ឱ្យអ្នកទាំងនោះស្រឡាញ់អាមេរិក មានបេះដូងអាមេរិក ដើរតាមខ្សែបន្ទាត់របស់អាមេរិក។ ចំពោះកាយវិការរបស់រាជរដ្ឋាភិបាលកម្ពុជាចំពោះករណីនេះ ជាការប្រាប់ទៅកាន់សហរដ្ឋអាមេរិកផងថា រាជរដ្ឋាភិបាលកម្ពុជាមិនបោះបង់ជនជាតិរបស់ខ្លួនកណ្តាលទីនោះទេ ទោះមានអ្វីកើតឡើងចំពោះពួកគេក៏ដោយ ក៏រដ្ឋាភិបាលនៅពីក្រោយពួកគេជានិច្ច។
លោក គិន ភា លើកឡើងទៀតថា ទន្ទឹមនឹងនោះវាក៏ជាសារមួយទៅកាន់ជនរួមជាតិខ្មែរទាំងអស់ឱ្យបានដឹងថា គ្មាននរណាស្រឡាញ់ខ្មែរ ជាងខ្មែរស្រឡាញ់ខ្មែរនោះទេ ហើយអ្វីដែលប្រទេសដទៃគេធ្វើល្អដាក់យើងលើទិដ្ឋភាពខ្លះ ក៏ដើម្បីតែប្រយោជន៍គេប៉ុណ្ណោះ។ ដូច្នេះរាជរដ្ឋាភិបាលមានកាតព្វកិច្ចជួយជនជាតិរបស់ខ្លួនក្នុងការបង់ថ្លៃសិក្សានេះ។
ទោះយ៉ាងណា លោក គិន ភា យល់ថា៖ «បើតាមខ្ញុំគិតមើលទៅរឿងមិនចប់ត្រឹមដែលយើងចេញអាហារូបករណ៍ហ្នឹងទេ គេអាចនឹងប្រើលេសផ្សេងទៀត ដើម្បីបញ្ចប់ការសិក្សារបស់ប្អូនៗទាំង ៦ នាក់នោះទាំងស្រុងក្រោមហេតុផលសន្តិសុខជាតិ ការសម្ងាត់សន្តិសុខ ឬការយុវជនទាំងនោះធ្វើចារកម្ម...»។
លោកថា មើលតែបញ្ហានៅរាមទៅដឹងហើយគេស្នើសុំទៅមើលកម្ពុជាបានអនុញ្ញាតឱ្យទៅមើលហើយគេថា គេមើលមិនគ្រប់ទីកន្លែង ស្នើសុំមើលទៀត ឱ្យគ្រប់កន្លែងតាមចិត្តគេចង់។
«នោះហើយគេហៅថា សេណារីយោ ឬក្តារអុក អុកបណ្ដាក់គ្នា គេដើរ ១ ក្រឡា យើងដើរ ១ ក្រឡា ដើរគ្មានទីបញ្ចប់ តើចុងក្រោយនឹងក្លាយទៅជាអ្វី? គេបានប្រែក្លាយជម្លោះរបស់គេជាមួយមហាអំណាចដែលទើបរះថ្មីមកបាចសាចកំហឹងដាក់យើងដែលជាមិត្តភក្តិជិតដិតរបស់មហាអំណាចថ្មីនោះ។ សេណារីយោសង្គ្រាមត្រជាក់នៅតែត្រូវបានប្រើ "មិត្តរបស់សត្រូវខ្ញុំ ជាសត្រូវរបស់ខ្ញុំ"។ មេរៀននេះ យើងធ្លាប់រងគ្រោះហើយ»។ លោក ស្នើសុំអាមេរិកគិតឡើងវិញពីករណីនេះឱ្យស័ក្តិសមជាប្រទេសមហាអំណាច បើពុំនោះទេមុខមាត់អាមេរិកកាន់តែបានត្រូវលាតត្រដាង។
ចំណែកអ្នកវិភាគនយោបាយលោក ឡៅ ម៉ុងហៃ ថ្លែងថា ចិត្តសប្បុរសធម៌របស់រាជរដ្ឋាភិបាលក្នុងការជួយដល់និស្សិតទាំងនេះឱ្យបានបញ្ចប់ការសិក្សារបស់ខ្លួន គឺជាអ្វីដែលគួរតែទទួលបានការកោតសរសើរ ប្រសិនបើរដ្ឋាភិបាលអាមេរិកបញ្ចប់ការផ្ដល់ជំនួយភ្លាមៗដូច្នេះ។ «ជាទូទៅ រដ្ឋាភិបាលនៃប្រទេសដ៏ធំបែបនេះ មិនគួរណាធ្វើដូច្នេះទេ...។
កាលពីឆ្នាំ ១៩៧៥ ខ្ញុំបានបន្តទទួលបាននូវក្ដីមេត្តាពីរដ្ឋាភិបាលចក្រភពអង់គ្លេស ដើម្បីបញ្ចប់ការសិក្សាថ្នាក់បណ្ឌិតរបស់ខ្ញុំ បើទោះជាកាលនោះអង់គ្លេសមិនទទួលស្គាល់រដ្ឋាភិបាលខ្មែរក្រហមក៏ដោយ»។
យ៉ាងណាក្តីលោក ម៉ុងហៃ ថ្លែងថា បើទោះបីជាទឹកប្រាក់សរុបនេះគ្រាន់តែជាចំនួនតិចតួចក៏ដោយ ការជូនដំណឹងអំពីការបញ្ចប់ការផ្ដល់អាហារូបករណ៍នេះគឺជាការបញ្ជាក់មួយយ៉ាងធំពីសំណាក់រដ្ឋាភិបាលអាមេរិកាំងអំពីការមិនពេញចិត្តរបស់ខ្លួនទៅលើ «គោលនយោបាយរដ្ឋាភិបាលកម្ពុជាដែលលម្អៀងទៅចិន»៕