ភ្នំពេញៈ រដ្ឋបាល​ខណ្ឌដូនពេញ​ព្រមាន​ចាត់វិធានការ តាមច្បាប់​ដោយ​ឃាត់ខ្លួន​បញ្ជូន​ទៅកាន់​តុលាការ​ទៅលើ​ទីតាំង​សង្ស័យ​លួច​បើក​លេង​ល្បែងស៊ីសង​ខុសច្បាប់​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ចំនួន​ ៧ ​ទីតាំង ស្ថិតនៅ​សង្កាត់​វត្ដភ្នំ សង្កាត់​ផ្សារថ្មី​១ សង្កាត់​ផ្សារកណ្ដាល​ទី​ ១ និង​សង្កាត់​ស្រះចក ក្រោយពី​ចុះ​អប់រំ និង​បិទ​ទីតាំង​ទាំងនេះ​កាលពី​ថ្ងៃទី​ ៣ កក្កដា​។

កាលពី​ល្ងាច​ថ្ងៃទី​ ៣ កក្កដា​ លោក​ សុខ ពេញវុធ អភិបាលខណ្ឌ​ដូនពេញ​ចាត់​ឱ្យ​លោក ម៉ុក ច័ន្ទករុណា អភិបាលរងខណ្ឌ​ដូនពេញ​ដឹកនាំ​កម្លាំង​ចុះបង្ក្រាប​ទីតាំង​សង្ស័យ​បង្កើត​គណនី​បង់ប្រាក់ ដើម្បី​លេងល្បែង​ស៊ីសង​ខុសច្បាប់​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​លើ​ទូរស័ព្ទដៃ ចំនួន​ ៧ ​ទីតាំង​ដែល​លួច​បើក​ល្មើស​នឹង​ការណែនាំ​របស់​រដ្ឋបាល​ខណ្ឌ ក៏ដូចជា​រដ្ឋបាល​រាជធានី​ភ្នំពេញ​។

រដ្ឋបាល​ខណ្ឌ​បញ្ជាក់ថា​៖ «​ក្រុម​ការងារ​បានសម្រេច​បិទទ្វារ​ចាក់សោ​ផ្ទះ​ទីតាំង​ខាងលើ​ជា​ស្ថាពរ​។ ក្នុងករណី​ម្ចាស់​ទីតាំង​មិន​អនុវត្ត​តាម​ការណែនាំ​របស់​ក្រុមការងារ​ខាងលើ​នេះ​ទេ រដ្ឋបាល​ខណ្ឌ​ដូនពេញ​នឹង​អនុវត្ត​វិធានការ​រដ្ឋបាល​យ៉ាង​ម៉ឺងម៉ាត់ ដោយ​ធ្វើការ​ឃាត់ខ្លួន​មនុស្ស​បញ្ជូន​ទៅ​អធិការ​នគរបាល​ខណ្ឌដូនពេញ ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​»​។

រដ្ឋបាល​ខណ្ឌ​បញ្ជាក់ថា​៖ «​ទីតាំង​ខាងលើនេះ​បើក​ដំណើរការ​ដោយ​បិទ​ទ្វារផ្ទះ និង​ប្រើប្រាស់​កុំព្យូទ័រ​ដោយ​បាន​អនុញ្ញាត​ឱ្យ​អ្នកលេង​ចូល​ចាក់​បញ្ចូល​លុយ​ក្នុង​អាខោន​ [​គណនី​] ​រួច​ចាកចេញ​ពី​ផ្ទះ​ហើយ​ចាក់សោ​ផ្ទះ​វិញ​។ អ្នកលេង​បញ្ចូល​លុយ​រួច​លេង​ស៊ីសងលុយ​តាម​ទូរស័ព្ទ​»​។

លោក ​សាន សុខសីហា អ្នក​នាំពាក្យ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ប្រាប់ ​ភ្នំពេញ ​ប៉ុស្ដិ៍​ ពី​ម្សិលមិញ​ថា ការអនុវត្ដ​ចុះបង្ក្រាប​ទីតាំង​សង្ស័យ​លេងល្បែង​ស៊ីសង​ខុសច្បាប់​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ទាំង​ ៧ ​ទីតាំង​នេះ គឺ​កម្លាំង​គណៈបញ្ជាការ​ឯកភាព​ខណ្ឌ​ដូនពេញ​បាន​ធ្វើការ​ណែនាំ អប់រំ​ដល់​ម្ចាស់​ទីតាំង​ទាំងនេះ​កុំ​ឱ្យ​មាន​ការបើក​លេង​ល្បែង​ស៊ីសង​ខុសច្បាប់​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ដែល​ល្មើស​នឹង​ការណែនាំ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​។

លោក​ថ្លែងថា​៖ «​កម្លាំង​សមត្ថកិច្ច​មិន​បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ ម្នាក់​ឡើយ គឺ​គ្រាន់តែ​ចុះទៅ​អប់រំ ណែនាំ​កុំ​ឱ្យមាន​ការធ្វើសកម្មភាព បើក​លេងល្បែង​ស៊ីសង​អនឡាញ​ខុសច្បាប់ ដែល​ផ្ទុយ​ពី​ការណែនាំ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​»​។

រដ្ឋបាល​ខណ្ឌ​ឱ្យដឹងថា ទីតាំង​ល្មើស​ទាំង​ ៧ ​ទីតាំង រួមមាន ១- ​ផ្ទះ​លេខ​ ១៣៥E០ ផ្លូវ​លេខ​ ១១០ ក្រុម ៣៨ ភូមិ​ ៤ សង្កាត់​វត្តភ្នំ ខណ្ឌ​ដូនពេញ​។ ២- ​ផ្ទះ​លេខ​ ៤១CE១ ផ្លូវ​លេខ​ ១៥៤ ភូមិ​ ៧ សង្កាត់​ផ្សារកណ្តាល​ទី​ ១ ខណ្ឌដូនពេញ​។ ៣ តូប​លេខ​ ៧ ផ្លូវ​លេខ​ ១៥៤ កែង​ផ្លូវ​លេខ​ ៥ ភូមិ​ ៦ សង្កាត់​ផ្សារកណ្តាល​ទី​១ ខណ្ឌដូនពេញ​។ ៤- ​ផ្លូវ​លេខ​ ៥ ភូមិ​ ៦ សង្កាត់​ផ្សារកណ្តាល​ទី​ ១ ខណ្ឌ​ដូនពេញ​។ ៥- ​ផ្ទះ​លេខ​ ៤៩ ផ្លូវ​លេខ​ ៥១ ភូមិ​ ៣ សង្កាត់​សង្កាត់​ផ្សារ​ថ្មី​ ៣ ខណ្ឌដូនពេញ​។ ៦- ​ផ្ទះ​លេខ​ ១៥៦ ផ្លូវ​លេខ​ ៨០ ភូមិ​ ២២ សង្កាត់​ស្រះចក ខណ្ឌ​ដូនពេញ​។ ៧- ​ផ្ទះ​លេខ​ ៤៣ ផ្លូវ​លេខ​ ៨៦ ភូមិ​ ៧ សង្កាត់​ស្រះចក ខណ្ឌ​ដូនពេញ​៕

វីដេអូ៖