តាកែវៈ លោក នុត សវនា អ្នកនាំពាក្យ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​ថ្លែងថា ទណ្ឌិត​នៅក្នុង​ពន្ធនាគារ​ខេត្តតាកែវ​ចំនួន ៥ ​នាក់​មាន​វិជ្ជមាន​កូវីដ​ ១៩ ដោយ​បច្ចុប្បន្ននេះ​ក្រុមមន្ត្រី​កំពុងតែបន្ត​ស្រាវជ្រាវ​ស្វែងរក​ប្រភព​ចម្លង និង​ស្រាវជ្រាវ​រក​អ្នកពាក់ព័ន្ធ​ផ្ទាល់ និង​ប្រយោល​ផងដែរ តែ​មន្ត្រីខេត្ត​រំពឹងថា នឹង​អាច​គ្រប់គ្រង​បាន​។

លោក នុត សវនា បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ម្សិលមិញ​​ថា​៖ «​ចំពោះ​អ្នក​វិជ្ជមាន​ត្រូវបាន​ដាក់ឱ្យ​ព្យាបាល​នៅនឹងកន្លែង ព្រោះ​យើង​មាន​បន្ទប់​សម្រាប់​ទុកដាក់​អ្នក​ដែលមាន​មេរោគ​ ប៉ុន្តែ​ប្រសិនបើ​គាត់​មាន​អាការ​ធ្ងន់ធ្ងរ យើង​នឹង​យក​គាត់​ទៅ​​ព្យាបាល​នៅ​ខាងក្រៅ​»​។

ជាមួយ​គ្នា​នេះដែរ លោក នុត ស៊ីណាត ប្រធាន​មន្ទីរពេទ្យ​ខេត្តតាកែវ​ក៏​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ម្សិលមិញ​ដែរ​ថា ទណ្ឌិត​ដែលមាន​វិជ្ជមាន​កូវីដ​ ១៩ ​ក្នុង​ពន្ធនាគារ​ខេត្តតាកែវ​ត្រូវបាន​ក្រុមគ្រូពេទ្យ​រកឃើញ​ក្នុង​ចំណោម​ទណ្ឌិត​ចំនួន ១៣៥ ​នាក់ និង​បុគ្គលិក​ (​ឆ្មាំ​គុក​) ​ចំនួន ១៥ ​នាក់​ត្រូវ​បាន​យក​សំណាក​ធ្វើតេស្ត​រក​ជំងឺ​កូវីដ​ ១៩​។

លោក​បាន​ប្រាប់ថា​៖ «​ស្ថានភាព​​នៃ​ជំងឺ​កូវីដ​ ១៩ ក្នុង​ខេត្តតាកែវ នៅតែ​បន្ត​កើនឡើង​ជា​រៀងរាល់​ថ្ងៃ និង​នៅ​គ្រប់​ទីកន្លែង​»​។

លោក នុត ស៊ីណា បន្តថា អ្នក​ទាំងនេះ​ត្រូវបាន​សង្ស័យថា​អាច​ឆ្លង​មកពី​សាច់ញាតិ​ដែល​ចូល​​សួរសុខទុក្ខ ខណៈ​ខេត្ត​កំពុង​រីករាលដាល​នូវ​ជំងឺ​កូវីដ​ ១៩ ​នេះ​។

លោក​បញ្ជាក់ថា​៖ «​អារឿង​កូវីដ​ឥឡូវ​វា​នៅ​គ្រប់​ទីកន្លែង ប៉ុន្តែ​យើង​នៅតែមាន​វិធានការ​ការពារ និង​ធ្វើ​ទាន់​សភាពការណ៍​»​។

បើតាម​លោក នុត ស៊ីណា គិត​មកទល់​ពេល​នេះ​ខេត្តតាកែវ​មាន​អ្នក​វិជ្ជមាន​ចំនួន ២ ៧០០ ​នាក់ និង​មាន​អ្នកស្លាប់ ៤៦ ​នាក់​ព្រមទាំង​មាន​អ្នកជា​សះស្បើយ​ជាច្រើន​រយ​នាក់​ផងដែរ​។

ចំណែក​លោក មាស អ៊ុយ អ្នកនាំពាក្យ​រដ្ឋបាលខេត្ត​តាកែវ​បាន​ថ្លែងថា ស្ថានភាព​នៃ​ការរីករាលដាល​នៃ​ជំងឺ​កូវីដ​ក្នុង​ខេត្ត​នៅតែ​បន្ត​កើនឡើង ហើយ​កាលពី​ពេល​កន្លងមកនេះ មាន​ភូមិ​មួយចំនួន​ត្រូវបាន​បិទ​ជា​បណ្តោះអាសន្ន បន្ទាប់ពី​រកឃើញ​អ្នកមាន​វិជ្ជមាន​ជា​បន្តបន្ទាប់​។ ជាមួយ​គ្នា​នេះ​ក៏មាន​ករណី​ឆ្លង​ចូលដល់​ពន្ធនាគារ​ខេត្ត​ទៀត​ដោយ​ក្នុងនោះ ក៏មាន​ទណ្ឌិត​មួយចំនួន​មាន​វិជ្ជមាន​ផងដែរ​។

លោក​បាន​បន្តថា ទាំង​ក្រុមគ្រូពេទ្យ​ក៏ដូចជា​ខាង​អាជ្ញាធរ​បាន និង​កំពុង​ខិតខំ​ទាំងអស់គ្នា​ក្នុង​ការទប់ស្កាត់​ការរីករាលដាល​បន្តទៀត​។ ​សម្រាប់​ខេត្តតាកែវ​មកទល់​ពេល​នេះ​មាន​អ្នក​ឆ្លង​រាប់ពាន់នាក់ និង​អាច​ឈរ​នៅ​លេខ​រៀង​ទី​២ បើ​ធៀប​ទៅ​នឹង​ខេត្ត​មួយចំនួន​របស់​កម្ពុជា​។

លោក មាស អ៊ុយ ថ្លែងថា​៖ «​សម្រាប់​ទណ្ឌិត​នៅក្នុង​ពន្ធនាគារ​ក៏​ខាង​ខេត្ត​មាន​ការយក​ចិត្ត​ទុកដាក់ និង​ប្រុងប្រយ័ត្ន​ខ្ពស់​ផងដែរ​។ ​ទោះជា​យ៉ាងណា​សម្រាប់​ខេត្តតាកែវ​បាន​ឆ្លងកាត់​ករណី​ឆ្លង​ធំៗ​នៅក្នុង​រោងចក្រ​យើង​គ្រប់គ្រង​បាន​។ ចំពោះ​នៅក្នុង​ពន្ធនាគារ​នេះ​ក៏​យើង​នឹង​អាច​គ្រប់គ្រង​បានដែរ​»​។

បើតាម លោក នុត សវនា​ទណ្ឌិត​នៅក្នុង​ប្រទេស​កម្ពុជា​បាន​មាន​វិជ្ជមាន​កូវីដ​ ១៩ ជាច្រើន​រូប ប៉ុន្តែ​ក៏បាន​ព្យាបាល​ជាច្រើន​ផងដែរ​។ ​ដោយឡែក​ទណ្ឌិត​ដែល​កំពុងស្នាក់នៅ​ក្នុង​ពន្ធនាគារ​ខេត្តតាកែវ​បច្ចុប្បន្ននេះ​មាន​ ១ ០៧០ ​នាក់​៕