ភ្នំពេញៈ សត្វតោ​ឈ្មោល​ ១ ក្បាល ​អាយុ​ជាង ១ ឆ្នាំ ​ដែល​ទើប​ត្រូវបាន​ដក​ហូត​ពី​ជនជាតិ​ចិន​ រយៈពេល​ប៉ុន្មាន​ថ្ងៃមុន​នេះ ​ត្រូវបាន​ប្រគល់​ឲ្យ​ម្ចាស់​ចិញ្ចឹម​វិញ​នៅ​ថ្ងៃនេះ ​បន្ទាប់ពី​មាន​ការសម្រេច​អនុញ្ញាត​ពី​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន ​ដោយឱ្យ​ម្ចាស់​យក​ទៅ​ចិញ្ចឹម​ក្នុង​លក្ខខណ្ឌ​ពិសេស​ ដើម្បី​ធានា​សុវត្ថិភាព​ដល់​មនុស្ស។

លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ​បានសរសេរ​នៅលើ​ហ្វេសប៊ុក ​របស់​លោក​កាលពី​យប់​ថ្ងៃទី ៤ ​កក្តដាថា​៖ «ក្រោយ​ក្តាប់​បាន​រឿង​សត្វតោ​ ល្ងាចនេះ​[ថ្ងៃទី៤] ​ខ្ញុំ​បាន​ពិភាក្សា​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម ​និង​បានឯកភាព​គ្នា​ថា ​អនុញ្ញាតឱ្យ​ម្ចាស់​យក​ទៅ​ចិញ្ចឹម​វិញ​ក្នុង​លក្ខខណ្ឌ​ម្ចាស់​ត្រូវ​ធ្វើ​ទ្រុង​ឱ្យបាន​ត្រឹមត្រូវ​ ដើម្បី​ធានា​សុវត្ថិភាព​ទាំង​មនុស្ស​ក្នុង​ផ្ទះ ​និង​អ្នក​រស់នៅ​ជិត​ខាង»។

ជាមួយ​នឹង​ការសម្រេច ​និង​អនុញ្ញាត​បែបនេះ ​លោក​នាយក​រដ្ឋមន្ត្រី ​ក៏បាន​សម្តែង​ការអរគុណ​ដល់​បងប្អូន​ជនរួមជាតិ​ទាំង​ក្នុង​និង​ក្រៅ​ប្រទេស​ដែល​បាន​ផ្តល់​យោបល់ ​និង​អាណិត​ដល់​សត្វ​តោ​ ១ ក្បាល​នេះ។

លោក ​ញឹក រតនពេជ្រ ​ប្រធាន​មជ្ឈមណ្ឌល​សួន​សត្វ​ភ្នំ​តាម៉ៅ ​បាន​ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍​ នៅ​ព្រឹក​នេះ​ថា ​បន្ទាប់ពី​មាន​បញ្ជា​ពី​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ​សត្វ​តោ​ឈ្មោល​នេះ ​ត្រូវ​ប្រគល់​ជូន​ម្ចាស់​វិញ​ នៅ​ថ្ងៃទី ៥ ​កក្កដានេះ ​ដោយ​ម្ចាស់​តោ ​ត្រូវ​មក​ទទួល​វាដល់​មជ្ឈមណ្ឌល​សួន​សត្វ​ភ្នំ​តាម៉ៅ។

លោក​បានបញ្ជាក់ថា​៖ «គេ​ត្រូវ​មក​ទទួល​វា​ថ្ងៃ​នេះ​ហើយ​ វា​មាន​សុខភាព​ល្អ​ទេ។ ម្ចាស់​ដើម​នឹង​មក​ទទួល​យក​ទៅ​ថែរក្សា​វិញ ​ដោយ​មាន​លក្ខខណ្ឌ​ផ្សេងៗ​ ដើម្បី​អាចបន្ត​[ចិញ្ចឹម]​វា​នៅ​ផ្ទះ​បាន»។

កាល​ពី​ថ្ងៃទី ២៧ ​ខែ មិថុនា​ ឆ្នាំ ២០២១ ​អាជ្ញាធរ​ចម្រុះ​រាជធានី​ភ្នំពេញ​សហការ​ជាមួយ​អង្គការ ​Wildlife Alliance ​បាន​រឹបអូស​សត្វតោ​ចិញ្ចឹម​ ១ ក្បាល ​នៅ​ក្នុង​ផ្ទះវីឡា​ ១ កន្លែង ​ស្ថិតនៅ​ផ្ទះ​លេខ​២២ ​ផ្លូវ ៣០៦ ​ភូមិ ​៧ ​សង្កាត់​បឹង​កេងកង ១​ រាជធានី​ភ្នំពេញ។

សត្វ​តោ​នោះ​មាន​អាយុ​ ១៨ ខែ ​និង​ទម្ងន់​ ៧០ គីឡូក្រាម ​ហើយ​ក្រោយ​ការដក​ហូត ​ក្រុម​ជួយ​សង្គ្រោះ​បានបញ្ជូន​សត្វតោ​នេះ​ទៅកាន់​មជ្ឈ​មណ្ឌល​សង្គ្រោះ​សត្វ​ព្រៃ​ភ្នំ​តាម៉ៅ៕

វីដេអូ៖