ភ្នំពេញៈ នគរបាល​ស្រុក​បសេដ្ឋ​បញ្ជូន​ជនសង្ស័យ​ ២ ​នាក់​ ទៅ​សាលាដំបូង​ខេត្តកំពង់ស្ពឺ​នៅ​ថ្ងៃទី​ ៥ ​កក្កដា ក្រោយពី​ចាប់ខ្លួនបាន​ ៣ ​ថ្ងៃ​ នៅ​ភូមិ​ព្រៃពាយ ឃុំ​អំពិល ស្រុក​បសេដ្ឋ ខេត្ត​កំពង់ស្ពឺ ពាក់ព័ន្ធ​ជួញដូរ​គ្រឿងញៀន​មេតំហ្វេតាមីន​ជាង​ ១០០ ​ក្រាម​។

លោក អ៊ុំ ចំរើន អធិការ​នគរបាល​ស្រុក​បសេដ្ឋ​បាន​ឱ្យ​ ភ្នំពេញ​ ប៉ុស្តិ៍​ ដឹង​នៅ​ថ្ងៃទី​ ៤ ខែកក្កដា​ថា បុរស​សង្ស័យ​ឈ្មោះ សាយ ហួត អាយុ​ ៣៧ ​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំងខ្យង ឃុំ​ទួលអំពិល ស្រុក​បសេដ្ឋ និង​ឈ្មោះ ហោ គា អាយុ​ ៣៤ ​ឆ្នាំ​ នៅ​ភូមិ​ត្រពាំងប្រិយ៍ ឃុំ​សឹង្គ ស្រុក​សំរោង ខេត្ត​តាកែវ ដែល​សមត្ថកិច្ច​កំពុង​បន្ត​នីតិវិធី​ដើម្បី​ធ្វើ​កំណត់​ហេតុ​បញ្ជូន​សំណុំរឿង​ទៅ​សាលាដំបូង​ខេត្តកំពង់ស្ពឺ​នៅ​ថ្ងៃទី​ ៥ ​កក្កដា​។

លោក​ថ្លែងថា​៖ «​ករណី​ជនសង្ស័យ​ ២ ​នាក់​នេះ ខាង​គ្រូពេទ្យ​បានធ្វើ​តេស្ត​រក​មេរោគ​កូវីដ​ ១៩ ​អត់​ឃើញ​ទេ​។ ពាក់ព័ន្ធ​នឹង​ចំណាត់ការ​ខាង​តុលាការ​វិញ​ក៏​យើង​បានរៀបចំ​ឯកសារ​រួចរាល់​តាម​នីតិវិធី​ច្បាប់​ហើយ​ដែរ​»​។

លោក ចំរើន បញ្ជាក់ថា កាលពី​វេលា​ម៉ោងជាង​ ៩ ​យប់​ថ្ងៃទី​ ២ ​កក្កដា កម្លាំង​នគរបាល​ប៉ុស្តិ៍​ឃុំ អំពិល​បាន​ជិះ​ម៉ូតូ​ដើរល្បាត​នៅក្នុង​មូលដ្ឋាន​ឃុំ​​អំពិល​។ នៅពេល​កម្លាំង​សមត្ថកិច្ច​កំពុង​ដើរល្បាត​នោះ​ក៏​បានឃើញ​ជនសង្ស័យ​ ២ ​នាក់​កំពុង​ធ្វើ​សកម្មភាព​ចែកចាយ​គ្រឿងញៀន​ជាក់ស្តែង​ស្ថិតនៅ​ចំណុច​ក្នុងភូមិ​ព្រៃពាយ ឃុំ​ទួលអំពិល ស្រុក​បសេដ្ឋ​។

ខណៈនោះ​ដោយសារ​ក្រុម​ជនសង្ស័យ​ដឹងខ្លួន​ហើយ​ព្យាយាម​រត់គេចខ្លួន​តែ​ក៏ត្រូវ​សមត្ថកិច្ច​ព័ទ្ធ​ចាប់បាន​តែម្តង​។ ចំពោះ​វត្ថុតាង​ដែល​សមត្ថកិច្ច​ដកហូត​បានរួម​មាន​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​ដែល​ជា​គ្រឿងញៀន​មាន​ចំនួន​ ៣ ​កញ្ចប់ តូចធំ ម៉ូតូ​ ១ ​គ្រឿង និង​កាំភ្លើងខ្លី K-54 ១ ​ដើម និង​បង់​ ១ ​មាន​គ្រាប់​ចំនួន​ ១១ ​គ្រាប់​។

ជាមួយ​គ្នា​នេះដែរ​នគរបាល​ជំនាញ​ផ្នែក​គ្រឿងញៀន​ខេត្ត​កំពង់ស្ពឺ​បានធ្វើ​តេស្ត​លើ​ម្សៅ​ក្រាម​ពណ៌​សថ្លា​នោះ​បង្ហាញថា​ជា​ប្រភេទ​គ្រឿងញៀន​មេតំហ្វេតាមីន​មាន​ទម្ងន់​ជាង​ ២ ​ខាំ​ស្មើនឹង​ជាង​ ១០០ ​ក្រាម​។

ករណី​ដោយឡែក​ទៀត នគរបាល​បាន​ចាប់ខ្លួន​បុរស​ ២ ​នាក់​ត្រួតពិនិត្យ​ចរាចរណ៍​តាម​គោលដៅ​ក្នុង​ក្រុង​ប៉ោយប៉ែត​កាលពី​ថ្ងៃទី​ ២ ខែកក្កដា នៅ​ចំណុច​អូរព្រំដែន​ស្ថិតនៅ​ភូមិ​ក្បាលស្ពាន​ ១ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ពាក់ព័ន្ធ​ជួញដូរ​គ្រឿងញៀន​។

សមត្ថកិច្ច​បាន​ឆែក​ក្នុង​កែបម៉ូតូ រកឃើញ​ម្សៅ​ក្រាម​សថ្លា​ចំនួន​ ៧ ​ថង់​តូច ថ្នាំ​គ្រាប់​ពណ៌​ក្រហម​ WY ​ចំនួន​ ១២ ​គ្រាប់ កាំបិតប៉័ងតោ ១ ទូរស័ព្ទដៃ ២ ​គ្រឿង​។ ជនសង្ស័យ​ឈ្មោះ ផល សុផាត ភេទ​ប្រុស អាយុ​ ១៨ ​ឆ្នាំ​ជា​ជនជាតិខ្មែរ និង​ឈ្មោះ អាធីត សំថង់ ភេទ​ប្រុស អាយុ​ ៣១ ​ឆ្នាំ ជនជាតិ​ថៃ​៕