ភ្នំពេញៈ ក្រសួង​ធនធានទឹក និង​ឧតុនិយម នៅ​ថ្ងៃទី ៥ ខែ កក្កដា ឆ្នាំ​ ២០២១ បានចេញ​សេចក្ដីជូនដំណឹង​ ប្រាប់​ប្រជា​ពល​រដ្ឋ​ឱ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន​ ចំពោះ​ភ្លៀង​ និង​ខ្យល់​កន្ត្រាក់​បក់បោក​ខ្លាំង ដែល​​នឹង​កើតមាន​ជា​បន្តបន្ទាប់​ ក្នុង​រយៈពេល ៤ ថ្ងៃ​ជាប់​គ្នា នៅក្នុង​តំបន់​វាលទំនាប​ ជាប់​បឹង​ទន្លេសាប និងក្នុង​តំបន់ឆ្នេរ។

តាមរយៈ​សេចក្ដីជូនដំណឹង​នោះ អ្នកនេសាទ និង​អ្នក​និយម​ធ្វើដំណើរ​កម្សាន្ត​តាម​សមុទ្រ គប្បី​បង្កើន​ការប្រុងប្រយ័ត្ន ហើយ​បើ​មិនចាំបាច់​ក្នុង ៤ ថ្ងៃនេះ គឺ​ចាប់ពី​ថ្ងៃទី ៥ ដល់​ថ្ងៃទី ៨ ខែកក្កដា​គួរ​កុំ​ចរាចរណ៍​ទូក​ ឬ​នាវា​ចេញពី​ផែ​ ឬ​ច្រាំង ព្រោះ​វា​អាច​នឹង​ប្រឈម​គ្រោះថ្នាក់​កើតឡើង​ជាយថាហេតុ។

នៅពេលនេះ ប្រទេស​កម្ពុជា ​កំពុង​ទទួលរង​នូវ​ឥទ្ធិពល​កូន​ព្យុះ​មួយ ឈ្មោះ ​IN-FA ដែល​កូន​ព្យុះ​នេះ​ បាន​វិវត្តន៍​ពី​សម្ពាធ​ទាប​មួយ ដែល​បាន​កើតឡើង​នៅក្នុង​សមុទ្រ​ចិន​ភាគ​ខាងលិច​ នៃ​ប្រទេស​ហ្វីលីពីន ​កាលពី​ថ្ងៃ​ចន្ទ​សប្ដាហ៍​មុន។

តាមរយៈ​ការតាមដាន​អំពី​ដំណើ​វិវត្តន៍​របស់​កូន​ព្យុះ​នេះ​ ក្រសួង​ធនធានទឹក​និង​ឧតុនិយម​បាន​ព្យ​ការណ៍​ថា៖ «បណ្តា​ខេត្ត​នៅ​តំបន់​​វាលទំនាប​ជាប់​ជុំវិញ​បឹង​ទន្លេសាប និងតំបន់​មាត់សមុទ្រ មាន​ភ្លៀង​ធ្លាក់​ច្រើន និង​មាន​ខ្យល់​កន្ត្រាក់​ក្នុង​កម្រិត​បង្គួរ។ ចំណែក​ស្ថានភាព​ទឹកទន្លេ​មេគង្គ ក៏​នឹង​ចាប់ផ្តើម​ឡើងវិញ​ជា​បន្តបន្ទាប់​ផងដែរ ដោយសារ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​នៅក្នុង​តំបន់​ផ្នែក​ខាងលើ​នៃ​ផ្ទៃ​រងទឹក​ភ្លៀង​អាង​ទន្លេមេគង្គ»។

លោក ហេង រ័ត្ន​ម៉ូ​នី​ដា ប្រធាន​មន្ទីរ​ធនធានទឹក​និង ឧតុនិយម​ខេត្តក្រចេះ បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ថា នៅពេលនេះ​កម្ពស់​ទឹកទន្លេ​មេគង្គ​ក្នុង​ខេត្តក្រចេះ​បាន​ឡើង​បន្តិច​វិញ គឺ​ក្នុង​កម្រិត​កម្ពស់ ៩,៩២ ម៉ែត្រ ខ្ពស់ជាង​ថ្ងៃទី ៤ ខែ កក្កដា ០,៤៥ ម៉េ​ត្រ ដែល​ការ​ស្ទុះ​ងើបឡើង​វិញ​នេះ បណ្ដាលមកពី​មាន​ធ្លាក់​​ភ្លៀង​នៅ​ផ្នែក​ខាងលើ​ផ្ទៃ​អាង​ទន្លេមេគង្គ។

លោ កា រ័ត្ន​ម៉ូ​នី​ដា បាន​បញ្ជាក់ថា៖«ទោះយ៉ាងណា​ការ​ហក់​ឡើង​នៃ​កម្ពស់​ទឹកទន្លេ​មេគង្គ​នៅពេលនេះ មិនទាន់​បង្ក​ឲ្យ​មាន​ក្ដី​ព្រួយបារម្ភ​ឡើយ។ ប៉ុន្តែ​វា​ជា​សញ្ញា​ល្អ​សម្រាប់​ប្រជាកសិករ ក្នុង​ការដាំដុះ​ផលដំណាំ​នានា ពិសេស​ដំណាំ​ស្រូវ និងបន្លែ​រួមផ្សំ សម្រាប់​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ ក្នុង​គ្រា​កំពុង​ជួប​ប្រឈម​ទៅនឹង​វិបត្តិ​នៃ​ជំងឺ​រាតត្បាត​កូ​វីដ ១៩ ជាស​កល»។

ស្រដៀង​គ្នា​នេះ លោក ឈឹម វ​ជិ​រា ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ​ខេត្តបាត់ដំបង បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ថា ដោយសារ​របាយ​ទឹកភ្លៀង​ធ្លាក់​មិន​គ្រាប់​គ្រាន់​កាលពីដើម​រដូវវស្សា បានធ្វើ​ឲ្យ​ដំណាំ​ស្រូវ​របស់​ប្រជាកសិករ​មួយចំនួន​នៅក្នុង​ស្រុក​បរវេល និងស្រុក​សង្កែ មានការ​លូតលាស់​មិនសូវ​ល្អ ព្រោះតែ​ខ្វះ​ទឹក​ស្រោចស្រព។

ទោះយ៉ាងណា ក្រោយ​ទទួលបាន​សេចក្ដីជូនដំណឹង​បន្ថែម​អំពី​ស្ថានភាព​អាកាសធាតុ​របស់​ក្រសួង​ធនធានទឹក និង ឧតុនិយម ដែល​បាន​អះអាងថា នឹងមាន​ភ្លៀង​ធ្លាក់​ច្រើន​ជា​បន្តបន្ទាប់​ក្នុង​រយៈពេល ៤ ថ្ងៃ​ជាប់​គ្នា ដោយ​ចាប់ផ្ដើម​ពីថ្ងៃ​ទី ៥ ដល់​ថ្ងៃទី ៨ ខែកក្កដា​នោះ លោ ក​វ​ជិ​រា លោក​បាន​ថ្លែង​ប្រកបដោយ​សុទិដ្ឋិនិយម​ថា៖ «ដំណាំ​ស្រូវ​ដែល​កំពុង​រង​ផលប៉ះពាល់​ដោយសារ​បញ្ហា​ខ្វះ​ទឹក​នោះ​នឹង​លូតលាស់​ល្អ​ឡើងវិញ ហើយ​កសិករ​និង​សប្បាយចិត្ត»។

បើតាម​លោក វ​ជិ​រា មកទល់ពេលនេះ ការ​បង្កបង្កើនផល​ស្រូវ​រដូវវស្សា​របស់​ប្រជាកសិករ​នៅ​ទូទាំង​ខេត្តបាត់ដំបង​នៅក្នុង​ឆ្នាំនេះ សម្រេចបាន ១៩៨,៥៤៣​ ហិកតា ស្មើនឹង​ជាង ៦១ ភាគរយ​នៃ​ផែន​ការដាំដុះ​សរុប ៣២៣,២០០ ហិកតា។

ប៉ុ​ន្តេ​នៅពេល​លើកឡើង​ពី​បញ្ហា​ខ្យល់​កន្ត្រាក់ លោក វ​ជិ​រា បាន​ទទួលស្គាល់ថា «វា​នៅតែ​ជា​ហានិភ័យ» សម្រាប់​ប្រជាកសិករ​នៅតាម​តំបន់​ទី​ដាច់​ស្រ​យ៉ា​ល ដែលមាន​លំនៅឋានតូចៗមិន​រឹងមាំ។

លោក​បាន​បន្តថា ​កាលពី​ថ្ងៃទី ៤ ខែកក្កដា កន្លងទៅថ្មីៗនេះ ផ្ទះ​ប្រជាពលរដ្ឋ​ជិត ៦០ ខ្នង ​ក្នុងស្រុក​រុក្ខ​គិរី បាន​រង​ការខូចខាត​ប៉ើង​របើក​ដំបូល​ដោយសារ​ខ្យល់​កន្ត្រាក់ ប៉ុន្តែ​មិន​បង្ក​គ្រោះថ្នាក់​ដល់​មនុស្ស សត្វ​នៅទេ។

ជុំវិញ​ករណី​ខ្យល់​កន្ត្រាក់​នេះ លោក ហេង សុ​ភណ្ឌ​រិ​ទ្ធ ប្រធាន​មន្ទីរ​ធនធានទឹក​និង​ឧតុនិយម ខេត្ត​ព្រះសីហនុបាន​ថ្លែងថា នៅពេលនេះ ស្ថានភាព​អាកាសធាតុ​ក្នុង​ខេត្ត​ព្រះសីហនុ មិនមាន​ភាពប្រែប្រួល​គួរ​ឲ្យ​កត់សំគាល់​នៅឡើយ​ទេ ប៉ុន្តែ​ក្រុមមន្ត្រី​ជំនាញ​កំពុង​ពិនិត្យ​អង្កេត​អំពី​ស្ថាន​វិវត្តន៍​នៃ​អាកាសធាតុ។

លោក​បាន​ថ្លែងថា៖ «យោងតាម​ការ​ព្យា​ការណ៍​របស់​ក្រសួង ខ្យល់​កន្ត្រាក់ ​និង​រលក​សមុទ្រ​អាច​ប្រែប្រួល និងកើតមាន​ក្នុងអំឡុងពេល​ណាមួយ​ក្នុង​រយៈពេល​ ៤ ថ្ងៃជា​បន្តបន្ទាប់​នេះ។ ដូច្នេះ​ក្នុងករណី​ពិនិត្យឃើញថា​ មានកូន​ព្យុះ​មកដល់​ពេលណា យើង​នឹង​ផ្ដល់ព័ត៌មាន​បន្ទាន់​ទៅ​រដ្ឋបាលខេត្ត ដើម្បី​ចេញ​វិធានការ ផ្អាក​ចរាចរណ៍​ទូក​ឬ​នាវា​តាម​សមុទ្រ​ជា​បណ្ដោះអាសន្ន ដើម្បី​បង្កា​គ្រោះថ្នាក់​កើតឡើង​ជាយថាហេតុ »៕

វីដេអូ៖