ភ្នំពេញៈ រដ្ឋបាល​ខេត្ដ​កោះកុង​បាន​សម្រេច​ផ្ដល់​ដី​ជាង​ ១ ​ពាន់​ហិកតា តាម​ការស្នើសុំ​ពី​ក្រសួង​ការពារ​ជាតិ​សម្រាប់​គម្រោង​រៀបចំ​ជា​តំបន់​អភិវឌ្ឍន៍​ដែល​នឹងមាន​ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់​ស្របតាម​បណ្ដោយ​មាត់សមុទ្រ​ចាប់ពី តំបន់​តារាសាគរ​រហូត​ដល់​ទីរួមខេត្ដ​កោះកុង ដើម្បី​ធ្វើឱ្យ​ប្រសើរឡើង​នូវ​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​នៅក្នុង​មូលដ្ឋាន ដែលមាន​ឈ្មោះថា​ «​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ និង​តំបន់​វិស្សមកាល​ក្រសួង​ការពារជាតិ​»​។

លោក ទៀ បាញ់ រដ្ឋមន្ដ្រី​ក្រសួង​ការពារជាតិ​បាន​ថ្លែងប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​កាលពី​ម្សិលមិញ​ថា តាមរយៈ​គម្រោង​ការអភិវឌ្ឍ​នេះ​នឹង​ធ្វើ​ឡើង​នៅ​តំបន់​ឃុំ​ជ្រោយប្រស់ និង​តំបន់​មួយចំនួន​ទៀត​នៃ​ស្រុក​កោះកុង ដោយ​រៀបចំ​ឱ្យ​មាន​ការអភិវឌ្ឍ​ឱ្យមាន​ភាពជឿនលឿន និង​ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់​ស្រប​តាម​បណ្ដោយ​មាត់សមុទ្រ​ចាប់ពី​តំបន់​តារាសាគរ រហូត​ដល់​ទីរួមខេត្ដ​កោះកុង​។

លោក​ថ្លែងថា​៖ «​ការអភិវឌ្ឍ​គម្រោង​នេះ​ដោយសារ​មាន​ការគិតគូរ​ដល់​បងប្អូន​ប្រជាជន ដែល​កាលពីមុន​រស់នៅក្នុង​ទឹក​ក្នុង​អី ដែលមាន​ការពិបាក​វេទនា​អីហ្នឹង​ឱ្យមាន​ផ្លូវ​មានអី​គ្រប់គ្រាន់​ហើយ កសាង​ជា​ភូមិ និង​ការអភិវឌ្ឍ​ផ្សេងៗ​ទៀត គឺ​មាន​ការអភិវឌ្ឍ​ច្រើនណាស់ ក្រុមការងារ​បាន​គិតគូរ​រួចហើយ​»​។

លោក​បាន​បន្តថា​៖ «​ខ្ញុំ​ធ្លាប់​ឮ​គេ​សុំ​គោលការណ៍​មក​ដាក់ថា​គម្រោង​តំបន់​អភិវឌ្ឍន៍​សម្តេចពិជ័យសេនា ទៀ បាញ់ និង​តំបន់​វិស្សមកាល​ក្រសួង​ការពារជាតិ អាហ្នឹង​វា​មិនចាំបាច់ ធំដុំ​អី​ពេក​ទេ តែ​ធ្វើ​ម៉េច​ត្រូវ​ឱ្យមាន​ការអភិវឌ្ឍ​កន្លែង​នោះ​ឱ្យមាន​ភាពជឿនលឿន រឿង​ដាក់ឈ្មោះ​ដាក់​អី វា​មិន​អី​ទេ សំខាន់​បំផុត​ឱ្យ​វា​ចេញ​សាច់ការ​ទៅ​»​។

លោក ទៀ បាញ់ មិនទាន់​អាច​បង្ហាញ​ពី​ពេលវេលា​ក្នុង​ការចាប់ផ្ដើម​អភិវឌ្ឍ​តំបន់​នេះ​ជាក់លាក់​បានទេ ត្រឹម​ថ្ងៃ​ម្សិលមិញ​ដោយ​លោក​បាន​បញ្ជាក់ថា បច្ចុប្បន្ន​ក្រុម​ការងារ​កំពុង​លើកឡើង​នូវ​គោលការណ៍ ពិភាក្សាគ្នា​លម្អិត​លើ​គម្រោង​អភិវឌ្ឍន៍​តំបន់​នេះ​។

លោក សុខ សុទ្ធី អភិបាលរង និង​ជា​អ្នកនាំពាក្យ​រដ្ឋបាលខេត្ត​កោះកុង​បានឱ្យ​ដឹង​កាលពី​ម្សិលមិញ​ដែរ​ថា ក្រោយ​មាន​ការស្នើសុំ​ដី​ជាង​ ១ ​ពាន់​ហិកតា ពី​ក្រសួង​ការពារជាតិ​ ដើម្បី​អភិវឌ្ឍ​ជា​តំបន់​អភិវឌ្ឍន៍​ «​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ និង​តំបន់​វិស្សមកាល​ក្រសួង​ការពារជាតិ​» រដ្ឋបាលខេត្ត​កោះកុង​បាន​យល់ព្រម​ផ្តល់​ដី​ហើយ ខណៈដី​នេះ​គឺជា​ដី​បម្រុង​របស់​រដ្ឋបាលខេត្ត​។

លោក​បានឱ្យដឹងថា ដី​បម្រុង​របស់​រដ្ឋបាលខេត្ត​ទំហំ​ ១ ១០២ ហិកតា ដែល​រដ្ឋបាលខេត្ត​ប្រគល់ជូន​ក្រុមការងារ​របស់​ក្រសួងការពារជាតិ​នេះ​សម្រាប់​រៀបចំ​ជា​តំបន់​អភិវឌ្ឍន៍​នេះ​គឺមាន​ទីតាំង​ស្ថិត នៅ​ឃុំ​ជ្រោយប្រស់​នៃ​ស្រុក​កោះកុង​។

លោក​ថ្លែងថា​៖ «​រដ្ឋបាល​ខេត្ដ​ផ្ដល់​ដី​ជាង​ ១ ​ពាន់​ហិកតា​នេះ គឺ​តាមរយៈ​ការស្នើសុំ​របស់​ក្រសួង​ការពារជាតិ ដែល​បានស្នើ​មក​រដ្ឋបាល​ខេត្ដ​កាលពី​ ២ ​ខែ​មុន​»៕