ភ្នំពេញៈ មន្ត្រីមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (ស៊ីម៉ាក់ ឬ CMAC) រកឃើញចំនួនតួលេខនៃកូនគ្រាប់បែកចង្កោមមានចន្លោះពី ២៦ លានទៅ ៣០ លានគ្រាប់ត្រូវបានប្រើប្រាស់លើទឹកដីកម្ពុជានៅសម័យសង្គ្រាម។
ដោយឡែកនៅក្នុងរយៈពេល ៦ ខែ ឆ្នាំ ២០២១ នេះ CMAC បានស្រាវជ្រាវរកឃើញគ្រាប់បែកចង្កោមជិត ២ ពាន់គ្រាប់លើផ្ទៃដីចម្ការគ្រាប់ប្រមាណជាង ១៤ គីឡូម៉ែត្រការ៉េ។
លោក ហេង រតនា អគ្គនាយក CMAC បានឱ្យដឹងថា ក្នុងរយៈពេល ៦ ខែ ឆ្នាំ ២០២១ នេះ CMAC បានស្រាវជ្រាវលើផ្ទៃដីចម្ការគ្រាប់ប្រមាណជាង ១៤ គីឡូម៉ែត្រការ៉េ ហើយបានរកឃើញគ្រាប់បែកចង្កោមជិត ២ ពាន់គ្រាប់យកទៅបន្សាប និងកម្ទេចចោល។
លោកថ្លែងថា៖ «គ្រាប់ណាដែលវាមានស្ថានភាពមិនសុវត្ថិភាពយើងកម្ទេចហើយគ្រាប់ណាដែលយើងបន្សាបបានគឺយើងបន្សាប។ ការបន្សាបទី ១ អាចជួយក្នុងការកាត់បន្ថយបញ្ហាបរិស្ថាន និងមួយទៀតយើងចង់បានគ្រាប់ទាំងអស់នោះយកមកទុកហ្វឹកហ្វឺន និងដាក់នៅសារមន្ទីរ»។
បើតាមលោក ហេង រតនា ការស្រាវជ្រាវ និងសម្អាតគ្រាប់បែកចង្កោម CMAC ទទួលបានការឧបត្ថម្ភជំនួយថវិកាមកពីប្រភពសំខាន់ៗចំនួន ២ គឺទី១ អង្គការ NPA ដែលទទួលជំនួយពីសហរដ្ឋអាមេរិកមានថវិកាចំនួន ១ លាន ៦ សែនដុល្លារ និងទី២ គឺគម្រោងជំនួយរបស់រដ្ឋាភិបាលចិនមាន ២ លាន ៥ សែនដុល្លារ សម្រាប់រយៈពេល ១ ឆ្នាំ ដោយគម្រោងទាំងនេះទទួលបានរយៈពេល ៣ ឆ្នាំ ចាប់តាំងពីខែមករា ឆ្នាំ ២០២០ មក។
លោកអគ្គនាយកស៊ីម៉ាក់ បញ្ជាក់ថា គ្រាប់បែកចង្កោមជាសំណល់យុទ្ធភណ្ឌពីសង្គ្រាមមួយប្រភេទនៅកម្ពុជា។ បរិមាណកូនគ្រាប់បែកចង្កោមតិច ឬច្រើនដែលទម្លាក់នៅទីតាំងនីមួយៗគឺទៅតាមប្រភេទមេគ្រាប់បែកដែលដឹកតាមប្រភេទយន្តហោះទម្លាក់គ្រាប់បែកនានាដែលអាចមានចំនួនពីជាង ៤០០ កូនគ្រាប់បែកចង្កោមទៅជិត ៧០០ គ្រាប់ក្នុងគ្រាប់បែកធំមួយ។
លោកថ្លែងថា៖ «ប្រសិទ្ធភាពផ្ទុះនៃកូនគ្រាប់បែកចង្កោមមួយគ្រាប់អាចកម្ទេចសត្រូវនៅលើផ្ទៃដីទំហំ ២០ មx២០ម ឬ ១២០ មx២៤០ ម ដោយអាស្រ័យលើកកម្ពស់ទម្លាក់ និងកម្រិតស្ថានភាពផ្ទុះរបស់កូនគ្រាប់បែកចង្កោមនីមួយៗ។ នៅចំពោះមុខនេះ បើយោងតាមឯកសារនានាយើងដឹងថា ចំនួនតួលេខនៃកូនគ្រាប់បែកចង្កោមនេះពី ២៦ លានទៅ ៣០ លានត្រូវបានប្រើប្រាស់លើទឹកដីនៃព្រះរាជាណាចក្រដ៏តូចមួយនេះ» ។
លោក រតនា បញ្ជាក់បន្ថែមថា បើតាមបទពិសោធរបស់ CMAC អាចវាយតម្លៃបានថា ប្រហែល ១ ភាគ ៤ នៃកូនគ្រាប់ បែកចង្កោមទាំងនេះទម្លាក់មកមិនទាន់ផ្ទុះនោះទេ។ បើផ្អែកតាមការកំណត់ពីរោងចក្រផលិតគ្រាប់បែកនេះគឺកម្រិតកំហុសមិនផ្ទុះ មានចំនួនប្រមាណ ៥ ភាគរយ។
លោកថ្លែងថា៖ «ការកំណត់កម្រិតកំហុសមិនផ្ទុះនៃកូនគ្រាប់បែកចង្កោមរបស់អ្នកផលិត និងអ្នកប្រើមិនដូចគ្នាទេ ហើយអ្នកវេទនា គឺអ្នកទទួលរងការទម្លាក់លើបើវាផ្ទុះគ្រោះថ្នាក់ស្លាប់ និងរបួសពេលទម្លាក់ តែប្រសិនបើកូនគ្រាប់បែកចង្កោមមិនទាន់ផ្ទុះទេនោះ វាស្ថិតនៅរាយប៉ាយអាចបន្តបង្កផ្ទុះគ្រោះថ្នាក់មនុស្សជំនាន់នេះ និងជំនាន់ក្រោយៗទៀតនៅពេលណាមួយដែលមានការប៉ះទង្គិចវា»។
បើតាមលោក ហេង រតនា គម្រោងកាលពីឆ្នាំ ២០២០-២០២១ បានសម្រេចលទ្ធផលមានជាអាទិ៍ដូចជា បានរំដោះ តំបន់គ្រាប់បែកចង្កោមចំនួន ១១៣ តំបន់ មានផ្ទៃដីសរុបទំហំ ៣ ១ ៧៥៤ ២៤៣ ម៉ែត្រការ៉េ រកឃើញ និងកម្ទេចចោលគ្រាប់បែកចង្កោម និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះគ្រប់ប្រភេទបានចំនួន ១១ ១០៨ គ្រាប់ ផ្តល់ការអប់រំយល់ដឹងពីមីនដល់ប្រជាពលរដ្ឋបានចំនួន ១៣៤ ៩១៩ នាក់ ស្រាវជ្រាវព័ត៌មានបឋមបានចំនួន ២៩៩ ភូមិ រកឃើញ ចម្ការគ្រាប់បែកចង្កោមចំនួន ៤១៨ ដែលមានផ្ទៃដីស្មើនឹង ៤៧ ៤៦៧ ៩០១ ម៉ែត្រការ៉េ៕
វីដេអូ៖