ភ្នំពេញៈ ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បាន​ឱ្យ​ដឹងថា ល្បឿន​នៃ​ការងារ​បង្កបង្កើន​ផលស្រូវ និង​ការដាំដំណាំ​ផ្សេងៗ​ដើម​រដូវវស្សា​ឆ្នាំ​ ២០២១ គិត​ត្រឹម​ថ្ងៃទី​ ៣០ ខែមិថុនា ឆ្នាំ​ ២០២១ មាន​ការកើនឡើង​បន្តិច បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន ខណៈ​រដ្ឋមន្ត្រី​លោក វេង សាខុន ណែនាំ​ឱ្យ​មន្ត្រី​ថ្នាក់ក្រោម យកចិត្ត​ទុកដាក់​បន្ថែម​ទៀត​ក្នុង​ការជំរុញ​ការដាំដុះ​។

របាយការណ៍​របស់​ក្រសួង​កសិកម្ម ស្តីពី​ល្បឿន​ការងារ​បង្ក​បង្កើន​ផល​ស្រូវ​រដូវវស្សា​ឆ្នាំ​ ២០២១ ចេញផ្សាយ​កាលពី​ថ្ងៃទី​ ២ ​ខែ​កក្កដា​បាន​ឱ្យ​ដឹងថា ការងារ​ដាំដុះ គឺ​ទទួលបាន​លទ្ធផល​ភ្ជួររាស់​រៀបចំ​ដី​សម្រេចបាន​ចំនួន ២ ១៤៥ ០០៦ ហិកតា​ ក្នុង​នោះ ភ្ជួររាស់​ដោយ​គោក្របី​ចំនួន ៨ ៨៩៨ ​ហិកតា ស្មើនឹង ០,៤១% និង​ដោយ​គ្រឿងយន្ត​ចំនួន ២ ១៣៦ ១០៨ ​ហិកតា ស្មើនឹង ៩៩,៥៩% តិចជាង​ឆ្នាំមុន ២២ ១៨៥ ​ហិកតា​ (​ហ.ត)​។

ចំណែក​ការសាប គឺ​សរុប​បាន​ចំនួន ៩ ៩៣៩ ​ហ.ត លើស​ឆ្នាំមុន​ចំនួន ៣ ៩៨០ ​ហ.ត ខណៈ​លទ្ធផល​ស្ទូង និង​ព្រោះ សម្រេច​បាន​ចំនួន ១ ៩៨៣ ០៤៥ ​ហ.ត ស្មើនឹង ៧៦,០១% នៃ​ផែនការ ២ ៦០៩ ០៦៥ ហ.ត លើស​ឆ្នាំមុន ១៩១ ០៨១ ​ហ.ត​។ នេះ​បើ​យោងតាម​ក្រសួង​កសិកម្ម​។

របាយការណ៍​ដដែល​បាន​សង្កត់ធ្ងន់​ថា​៖ «​លទ្ធផល​ស្ទូង និង​ព្រោះ​សម្រេច​បាន​តាម​ប្រភេទ​រួមមាន ស្រូវស្រាល​ចំនួន ៧២៦ ១៧៣ ​ហ.ត លើស​ឆ្នាំមុន ១៣០ ៨៦៤ ​ហ.ត​។ ស្រូវកណ្ដាល​ចំនួន ៨៨១ ៧៦៥ ហ.ត លើស​ឆ្នាំមុន ៥០ ៥៩៧ ​ហ.ត​។ ស្រូវធ្ងន់​ចំនួន ៣៣៥ ៧៣៨ ​ហ.ត លើស​ឆ្នាំមុន ២០ ៩៣៩ ​ហ.ត។ ស្រូវចម្ការ​ចំនួន ១៧ ៨៧១ ​ហ.ត លើស​ឆ្នាំមុន ១៨៩ ​ហ.ត​។ ស្រូវ​ទ្បើង​ទឹក​ចំនួន ២១ ៤៩៨ ​ហ.ត តិចជាង​ឆ្នាំមុន ១១ ៥០៨ ​ហ.ត​»​។

ក្រៅពីនេះ ចំពោះ​ល្បឿន​ការងារ​បង្កបង្កើន​ផលដំណាំ​សាកវប្បកម្ម និង​ដំណាំ​ឧស្សាហកម្ម​រដូវវស្សា​ឆ្នាំ​ ២០២១ វិញ ក្រសួងកសិកម្ម​បាន​ឱ្យ​ដឹងថា ផ្ទៃដី​ដំណាំ​សាកវប្បកម្ម មាន​ពោតស ដំឡូងជ្វា បន្លែ​គ្រប់មុខ ម្ទេស ឪឡឹក បាន​អនុវត្ដ​បាន​ចំនួន ៤៣ ២០២ ​ហ.ត ស្មើនឹង ៨០,៤៧ ភាគរយ​នៃ​ផែនការ ៥៣ ៦៨៦ ​ហ.ត តិចជាង​ឆ្នាំមុន ៦៩០ ​ហ.ត​។

ចំណែក​ផ្ទៃដី​ដំណាំ​ឧស្សាហកម្ម មាន​ពោតក្រហម ដំឡូងមី សណ្តែកបាយ សណ្តែកដី សណ្តែកសៀង ល្ង អំពៅ ក្រចៅ ឈូក​ជាដើម​នោះ អនុវត្ដ​បាន​ចំនួន ៦៤៩ ៦៩៦ ​ហ.ត ស្មើនឹង ៧៩,២៣ ​ភាគរយ​នៃ​ផែនការ ៨១៩ ៩៨៩ ​ហ.ត លើស​ឆ្នាំមុន ៤ ១៨៥ ​ហ.ត​។

លោក វេង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បាន​និយាយថា ល្បឿន​ការងារ​បង្កបង្កើនផល​ដំណាំ​ស្រូវ​រដូវវស្សា​ឆ្នាំ​ ២០២១ ​នេះ សម្រេចបាន ៧៦,០១ ​ភាគរយ​នៃ​ផែនការ ខណៈ​ឆ្នាំមុន​សម្រេចបាន ៦៩,២៤ ​ភាគរយ បើ​ប្រៀបធៀប​រយៈពេល​ដូចគ្នា​។ លោក​បន្តថា រីឯ​ដំណាំ​សាកវប្បកម្ម និង​ដំណាំ​ឧស្សាហកម្ម​សម្រេច​បាន​ ៧៩ ​ភាគរយ ខណៈ​ឆ្នាំមុន​សម្រេចបាន ៧៥ ​ភាគរយ បើ​ប្រៀបធៀប​រយៈពេល​ដូចគ្នា​។

ទន្ទឹមនឹង​លទ្ធផល​នេះ​លោក វេង សាខុន បាន​ណែនាំ​ដល់​អង្គភាព​ជំនាញ​ក្រោម​ឱវាទ​រួមទាំង​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ រាជធានី ខេត្ត​ទាំងអស់​ឱ្យ​ខិតខំ​ជំរុញ​ប្រជាកសិករ​ក្នុង​ការរៀបចំ​ដី ភ្ជួររាស់ សាប ព្រោះ តាម​បច្ចេកទេស​កសិកម្ម​សម​ស្រប​ ដើម្បី​ឱ្យទាន់​រដូវកាល​ដាំដុះ​។

លោក​បាន​បញ្ជាក់ថា​៖ «​លើសពីនេះ​ទៀត ក្រសួង​ក៏បាន​ជំ​រុញឱ្យ​អង្គភាព​ជំនាញ បន្ត​ចុះ​ពិនិត្យ​តាមដាន​សុខភាព​សត្វ ការអន្តរាគមន៍​ចុះ​ចាក់​ថ្នាំ​ការពារ​ជំងឺឆ្លង​សត្វ ដោយ​បង្កើន​ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺឆ្លង​សត្វ​ផ្សេងៗ ជាពិសេស​ទប់ស្កាត់​ចលនា​សត្វ​ដោយ​ខុសច្បាប់​នៅតាម​បណ្តា​រាជធានី ខេត្ត​ជាប់​ជាប្រចាំ រួមទាំង​បទល្មើស​ជលផល និង​ព្រៃឈើ​ផងដែរ​»​។

កសិករ​ម្នាក់​នៅ​ខេត្តកណ្តាល អ្នកស្រី នូន សាន និយាយថា ការធ្វើ​ស្រែវស្សា​នៅ​ឆ្នាំនេះ ក៏​មិន​សូវ​ខុសពី​ឆ្នាំមុនៗ​ប៉ុន្មាន​នោះទេ គឺ​ការធ្វើ​ស្រែ​របស់​គ្រួសារ​អ្នកស្រី គឺ​នៅតែ​ពឹង​អាស្រ័យ នឹង​ទឹកភ្លៀង​ដដែល បើទោះជា​មាន​ប្រឡាយ​បង្ហូរទឹក​ក៏ដោយ​។

អ្នកស្រី​ថា ទឹក​ក្នុង​ប្រឡាយ គឺ​មិនអាច​ប្រើប្រាស់​គ្រប់គ្រាន់​សម្រាប់ធ្វើ​ស្រែ​របស់​អ្នកភូមិ​នោះទេ ព្រោះ​ប្រឡាយ​ទាំងនេះ ក៏​រំពឹង​ចាំតែ​ទឹកភ្លៀង​ដូចគ្នា ព្រោះ​បើ​គ្មាន​ភ្លៀង​ប្រឡាយ ក៏​គ្មាន​ទឹក ស្រែ​ក៏​ធ្វើ​មិនបាន​ផល​។​

អ្នកស្រី​បាន​បញ្ជាក់ថា​៖ «​នៅ​តំបន់​ខ្ញុំ មាន​ភ្លៀង​ដែរ តែ​ភ្លៀង​មិន​ខ្លាំង ដែលជា​ហេតុ​ធ្វើឱ្យ​ដីស្រែ មាន​ទឹក​មិន​ឆ្អែត ហើយ​សើម​តែ​ដី​តិចៗ ដុះ​តែ​ស្មៅ ផល​ស្រូវ មិនសូវ​បានទេ​។ ឆ្នាំនេះ គឺ​ខ្សត់​ទឹកភ្លៀង​ណាស់ ប្រឡាយ​យើង​ក៏​ពឹង​មេឃ ស្រែ​យើង​ក៏​ពឹង​មេឃ ដល់​មិនមាន​ភ្លៀង​ច្រើន​គឺ​ពិបាក​ណាស់​»​។

អ្នកស្រី​រំពឹងថា អាជ្ញាធរ​នឹង​គិតគូរ​ពី​បញ្ហា​ដែល​ប្រជាកសិករ​កំពុង​ជួបប្រទះ ជា​រៀងរាល់ឆ្នាំ​ទាក់ទង​នឹង​បញ្ហា​ខ្វះ​ទឹក​ធ្វើស្រែ ហើយ​បញ្ហា​ធ្វើ​ប្រឡាយ​ដែល​មិនអាច​ស្តុក​ទឹក​ឱ្យ​ប្រជាកសិករ​ធ្វើស្រែ​ឱ្យបាន​ឆាប់ ដើម្បី​ជំរុញ​ការដាំដុះ​។

អ្នកស្រីថ្លែង​ថា បើ​ជួប​បញ្ហា​បែបនេះ​យូរៗ​ទៅ នោះ​ប្រជាកសិករ​រួមទាំង​អ្នកស្រី​ផង គ្មាន​ជម្រើស​អ្វី ក្រៅពី​ទុក​ដី​ទំនេរ​ចោល​នោះទេ ព្រោះ​ការធ្វើ​ស្រែ​មិនបាន​ចំណេញ គឺមាន​តែ​ខាត ដោយ​មិនបាន​ទិន្នផល​៕