កំពតៈ អាជ្ញាធរ​ខេត្តកំពត​បាន​ចុះជួយ​អន្តរាគមន៍ បូមទឹក​សង្គ្រោះ​ស្រូវ​របស់​ប្រជាពលរដ្ឋ ចំនួន​ ២០៤ ​គ្រួសារ ក្នុង​ភូមិ​ចំនួន​ ៥ ​លើ​ផ្ទៃដី​សរុប​ចំនួន​ ១៩៥ ​ហិកតា ដែល​ប្រឈម​រង​ផលប៉ះពាល់ ខ្វះខាត​ទឹក ដោយសារ​គ្រោះរាំងស្ងួត នៅក្នុង​ឃុំ​ព្រែក​ក្រឹស ស្រុក​កំពង់ត្រាច​។

លោក អូន ខន អភិបាលស្រុក​កំពង់ត្រាច​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ នៅ​ថ្ងៃទី​ ៥ ខែ កក្កដា ឆ្នាំ​ ២០២១ នេះ​ថា ការរាំងស្ងួត​នេះ​មាន​រយៈពេល ១០ ​ថ្ងៃ​ បាន​ធ្វើឱ្យ​ប៉ះពាល់​ស្រូវ​របស់​ពលរដ្ឋ​ចំនួន ១៩៥ ហិកតា​ ក្នុងភូមិ​ចំនួន​ ៥ រួមមាន ភូមិ​ព្រៃព្រូស ភូមិ​ដើមស្វាយ ភូមិ​លក្ខជា ភូមិ​កោះ​តាកូវ និង​ភូមិ​ព្រែកក្រឹស ប៉ុន្តែ​មកដល់​ពេល​នេះ អាជ្ញាធរខេត្ត​បាន​ចាត់ចែង​បូមទឹក ជួយសង្គ្រោះ​ស្រូវ​របស់​ប្រជាពលរដ្ឋ​ទាំងនេះ​រួចហើយ​។

លោក អូន ខន បន្តថា ស្ថានភាព​ការរាំងស្ងួត​មានការ​អូសបន្លាយ​បាន​បង្ក​ផលប៉ះពាល់​ស្ទើរ​ទូទាំង​ស្រុក​កំពង់ត្រាច​។ ដោយឡែក​នៅ​ឃុំ​ព្រែកក្រឹស ស្រូវ​ដំណាំ​ផ្សេងៗ​របស់​ប្រជាពលរដ្ឋ ប្រឈម​ផលប៉ះពាល់ ដោយសារ​ការខ្វះខាត​ទឹក​ច្រើនជាងគេ​។

លោក​ថ្លែងថា​៖ «​ប្រជាពលរដ្ឋ​បាន​រាយការណ៍​តាមរយៈ​ភូមិ ឃុំ មក​រដ្ឋបាល​ស្រុក ពី​បញ្ហា​រាំងស្ងួត​នេះ រដ្ឋបាល​ស្រុក ក៏បាន​រាយការណ៍​ទៅ ឯកឧត្តម អភិបាលខេត្ត មន្ទីរជំនាញ​ធនធានទឹក​ខេត្ត មន្ទីរ​កសិកម្ម​ខេត្ត ប៉ុន្តែ នៅពេល​ដែល​មន្ត្រី​ជំនាញ​ចុះមក​ពិនិត្យ ឃើញ​ស្រូវ​អត់​ខូច​ទេ ពីព្រោះ​គល់​របស់​វា​នៅ​សើម​ហើយ​ឯកឧត្តម អភិបាលខេត្ត គាត់​ចុះមក​មើល ហើយ​បាន​យក​ប្រេង និង​ម៉ាស៊ីនបូមទឹក​បូម​ដាក់​ពេញ​ហើយ​»​។

លោក ជាវ តាយ អភិបាល​ខេត្តកំពត​ក្នុង​ពិធី​ប្រគល់​ប្រេង និង​ម៉ាស៊ីនបូមទឹក កាលពី​ថ្ងៃទី​ ៤ ខែកក្កដា ឆ្នាំ​ ២០២១ នេះ​ឱ្យ​ដឹងថា បញ្ហា​សំណូមពរ​របស់​ប្រជាពលរដ្ឋ​ដែល​ជួប​ការលំបាក​នៅ​មូលដ្ឋាន លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន តែងតែ​មាន​ការគិតគូរ​យកចិត្ត​ទុកដាក់​ខ្ពស់ គ្រប់​កាលៈទេសៈ និង​ដោះស្រាយ​ឱ្យបាន​ទាន់ពេលវេលា​។

លោក​បន្តថា បើទោះបី​ស្ថិតក្នុង​ស្ថានភាព​ណាក៏ដោយ ពិសេស​ក្នុង​បរិបទ​នៃ​ការរង​សម្ពាធ​ដោយ​ជំងឺ​កូវីដ ​១៩ ក៏ពិតមែន លោកនាយក​រដ្ឋមន្ត្រី​តែងតែ​បាន​ណែនាំ និង​ជំរុញ​ដល់​រដ្ឋបាល និង​អាជ្ញាធរ ជំនាញ​ពាក់ព័ន្ធ​គ្រប់​លំដាប់ថ្នាក់ ក្នុង​មូលដ្ឋាន​ឱ្យមាន​ការយកចិត្ត​ទុកដាក់​ឱ្យបាន​ជាប្រចាំ​ក្នុង​ការចុះ​ជួយ​អន្តរាគមន៍​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​ឱ្យបាន​ទាន់ពេលវេលា​។

លោក ជាវ តាយ ​ថ្លែងថា​៖ «​រដ្ឋបាល​ខេត្តកំពត​ស្ថិតក្នុង​ដំណាក់កាល​នេះ គឺ​មិនអាច​ទុកចោល​ឱ្យមាន​ការខូចខាត​ផល​ស្រូវ​ដំណាំ ហើយ​មិនមាន​ការជួយ​អន្តរាគមន៍​ដោះស្រាយ​ ដើម្បី​សង្គ្រោះ​ស្រូវ​របស់​ប្រជាពលរដ្ឋ​ដែល​ជួប​បញ្ហា​ការខ្វះខាត​ទឹក​ដូច​នៅក្នុង​ពេលនេះ​បានឡើយ​»​។

លោក​ស្នើ​ដល់ អាជ្ញាធរ​មូលដ្ឋាន​គ្រប់លំដាប់​ថ្នាក់ និង​ជំនាញ​ពាក់ព័ន្ធ ពិសេស មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្ត និង​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​ និង​នេសាទ​ខេត្ត ត្រូវតែ​បន្ត​យកចិត្តទុកដាក់​សហការ​គ្នា ឱ្យ​បាន​ជាប្រចាំ ដើម្បី​ពិនិត្យមើល​ក្នុង​មូលដ្ឋាន ដែល​ស្រូវ​ប្រជាពលរដ្ឋ​កំពុង​ប្រឈម​រង​ផលប៉ះពាល់​ខ្វះខាត​ទឹក​ដែល​បណ្ដាល​មកពី​ការអូសបន្លាយ​ដោយសារ​ទឹកភ្លៀង​ ហើយ​ត្រូវតែ​ជំរុញ​ការចុះ​ជួយ​អន្តរាគមន៍​បូមទឹក​សង្គ្រោះ​ស្រូវ​ប្រជាពលរដ្ឋ​ឱ្យបាន​ទាន់ពេលវេលា ទៅតាម​លទ្ធភាព​ដែល​ប្រភពទឹក​មាននៅ​ក្នុង​តំបន់​នោះ គឺ​មិនត្រូវ​ទុកចោល​ឱ្យ​ស្រូវ​របស់​ប្រជាពលរដ្ឋ​រង​ការខូចខាត​ដោយ​មិនមាន​ការជួយ​អន្តរាគមន៍​ពី​អាជ្ញាធរ​ និង​មន្ត្រី​ជំនាញ​បានឡើយ​។

បើ​ទោះយ៉ាងណា​លោក អភិបាលខេត្ត ក៏បាន​បញ្ជាក់ថា ផ្អែក​តាម​ការព្យាករ​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ខាងមុខនេះ នឹង​អាចមាន​ភ្លៀង​ធ្លាក់​មក និង​ធ្វើឱ្យ​ស្រូវ​របស់​ប្រជាពលរដ្ឋ​ក្នុង​តំបន់​នេះ មិនមាន​ទទួលរង​ផលប៉ះពាល់​ខូចខាត​ធ្ងន់ធ្ងរ​អ្វី​ឡើយ​៕