កំពត/កណ្តាលៈ អភិបាល​ខេត្តកំពត​កាលពី​ម្សិលមិញ​បាន​សម្រេច​ឱ្យ​តាម​​ស្រុក-ក្រុង ក្នុង​ខេត្ត​នេះ​ផ្អាក​អាជីវកម្ម​​ផលិត​ស្រា​គ្មាន​ច្បាប់ បន្ទាប់ពី​មាន​ពលរដ្ឋ​ក្នុងភូមិ​កោះ​ឈ្វាំង ឃុំ​ស្វាយទង​ខាងត្បូង ស្រុក​កំពង់ត្រាច បាន​សា្លប់​ចំនួន​ ១២ ​នាក់​ ដោយ​សង្ស័យ​មកពី​ពុល​ស្រា ស្រប​ពេលដែល​ពលរដ្ឋ​ចំនួន​ ៣ ​នាក់​នៅ​ភូមិ​កោះ​ចូលរាម ឃុំ​កោះ​ចូលរាម ស្រុក​ខ្សាច់កណ្ដាល ខេត្តកណ្ដាល ក៏​​បាន​ស្លាប់​ ដោយសារ​ពុល​ស្រា​ផងដែរ​។

យោងតាម​លិខិត​របស់​អភិបាល​ខេត្ត​កំពត​លោក ជាវ តាយ ដែល​ជម្រាប​ទៅ​អភិបាលក្រុង-ស្រុក​បាន​ឱ្យដឹងថា កន្លងមក​មាន​ករណី​ទីតាំង​​ផលិត​ស្រា​លក់ និង​ចែកចាយ​ស្រា ក្លែងក្លាយ​ ឬ​មិន​ធ្វើតាម​បច្ចេកទេស​ត្រឹមត្រូវ​​មួយចំនួន​ដែល​បង្កឱ្យ​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​ពលរដ្ឋ​។

លោក​បានបញ្ជាក់​ក្នុង​លិខិត​នោះ​ថា​៖ «​ក្នុងន័យនេះ​រដ្ឋបាលខេត្ត​កំពត​ស្នើ​​ឱ្យ​លោក លោកស្រី អភិបាល​នៃ​គណៈ​អភិបាលក្រុង-ស្រុក ពិនិត្យ​ និង​ធ្វើការ​ផ្អាក​អាជីវកម្ម​ផលិត​ស្រា​ទាំងឡាយ​ណា​ដែល​ពុំមាន​ច្បាប់​អនុញ្ញាត​​អាជីវកម្ម​ពី​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​»​។

ទាក់ទង​នឹង​ករណី​ពុល​ស្រា​នេះ​លោក លន សុខា មេឃុំ​ស្វាយទង​ខាងត្បូង ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ ពី​ម្សិលមិញ​ថា នៅ​ថ្ងៃទី​ ៥ ខែកក្កដា លោក​ទទួលបាន​ដំណឹង​ថា​មាន​ពលរដ្ឋ​ចំនួន​ ៣ ​នាក់​បន្ថែមទៀត​បាន​ស្លាប់​ដោយសារ​ពុល​ស្រា​ដែល​ធ្វើឱ្យ​ចំនួន​អ្នកស្លាប់​កើន​ដល់​ ១២ ​នាក់ ខណៈ​ ៩ ​នាក់​ផ្សេងទៀត កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​។

លោក​បាន​បន្តថា អ្នកស្លាប់​ទាំងនេះ​មាន​ទាំងប្រុស និង​ស្រី ដែល​មាន​អាយុ​ចម្លោះ​ពី​ ៤០ ទៅ ៦០ ​ឆ្នាំ និងក្មេង​ជាង​​គេ​គឺ​អាយុ​ ៣៣ ​ឆ្នាំ តែ​លោក​មិនបាន​បញ្ជាក់ថា មាន​ប្រុស ឬ​ស្ត្រី​ប៉ុន្មាន​នោះ​​ទេ ដោយ​គ្រាន់តែ​ថា ពលរដ្ឋ​ទាំងនេះ​ជា​អ្នក​រស់នៅក្នុង​តំបន់​ចុងកាត់មាត់ញក ហើយ​បាន​ពិសា​ស្រា​លក្ខណៈ​គ្រួសារ បន្ទាប់ពី​ពួកគេ​មកពី​ធ្វើ​នេសាទ​វិញ​។

យោងតាម​អគ្គនាយកដ្ឋាន​ការពារ​អ្នកប្រើប្រាស់ និង​កិច្ចការ​ប្រកួតប្រជែង​ និង​បង្ក្រាប​ការក្លែងបន្លំ​នៃ​ក្រសួង​​ពាណិជ្ជកម្ម​ (​ក.ប.ប.) ​បានឱ្យដឹងថា ពលរដ្ឋ​រស់នៅ​ក្នុងភូមិ​កោះ​ឈ្វាំង ឃុំ​ស្វាយទង​ខាងត្បូង ស្រុក​កំពង់ត្រាច មាន​​អាការ​ក្អួតចង្អោរ ទន់​ដៃជើង​រហូត​ស្លាប់​ជា​បន្តបន្ទាប់​គិត​ចាប់ពី​ថ្ងៃទី​ ៣ កក្កដា​​ ឆ្នាំ​ ២០២១ ​មក និង​មួយចំនួន​ទៀត​កំពុង​​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ដំណាក់​ចង្អើរ និង​មន្ទីរពេទ្យ​​បង្អែក​ស្រុក​កំពង់ត្រាច បន្ទាប់ពី​បានទទួល​ទាន​ស្រាស​ និង​ស្រាថ្នាំ ​ដែល​ទិញ​ពី​កន្លែង​លក់​ស្រា​ក្នុងភូមិ​ជាមួយគ្នា​។

ដោយឡែក​លោក ក្រាយ សាវឿន មេប៉ុស្តិ៍​កោះ​ចូលរាម ស្រុក​ខ្សាច់កណ្ដាល ខេត្តកណ្ដាល​បាន​ឱ្យ​ដឹង​ដែរ​ថា មាន​ពលរដ្ឋ​ចំនួន​ ៣ ​នាក់​ដែល​រស់នៅ​ភូមិ​កោះ​ចូលរាម ឃុំ​កោះ​ចូលរាម​បាន​ស្លាប់​កាលពី​ថ្ងៃទី​ ៤ ខែកក្កដា ដោយ​សង្ស័យ​ពុល​ស្រា ខណៈ​មន្ត្រី​​ជំនាញ​បាន​ចុះមក​ដល់​ទីតាំង និង​បាន​យក​សំណាក​ទៅ​ពិនិត្យ​​នៅឯ​មន្ទីរពិសោធន៍​។

លោក ក្រាយ សាវឿន បន្តថា ជនរងគ្រោះ​ទាំង​ ៣ ​នាក់​នេះ​បាន​ហូប​ស្រា​នៅ​យប់​ថ្ងៃទី​ ៣ ខែ​កក្កដា ដោយ​ពួកគាត់​ត្រូវ​បាន​អះអាងថា ជា​អ្នក​ពិសា​ស្រា​ជា​អចិន្រៃ្តយ៍​។ ​ចំពោះ​ករណី​ពុល​ស្រា​នេះ​លោក​បាន​នាំ​មន្ត្រី «​ក.ប.ប.» ​ចុះ​ស្រាវជ្រាវ​រួចហើយ ប៉ុន្តែ​លោក​មិនមាន​លទ្ធផល​ទេ ព្រោះ​ខាង​មន្ត្រី​ជំនាញ​បាន​យក​​ទៅ​ពិសោធ​រួចហើយ​។

លោក​ក៏បាន​ឱ្យដឹង​ដែរ​ថា កន្លងមក​អាជ្ញាធរ​បាន​ប្រកាស​មិន​ឱ្យមាន​ការលក់​ស្រាស​ ឬ​ស្រាថ្នាំ​នេះ​ទេ នៅក្នុង​មូលដ្ឋាន ប៉ុន្តែ​លោក​មិនដឹងថា ពលរដ្ឋ​ទាំងនេះ​បាន​លួច​ទិញ​ពី​ទីណា​ទេ​។

លោក​ សាវឿន បន្តថា​៖ «​នៅក្នុង​មូលដ្ឋាន​ខ្ញុំ ខ្ញុំ​បានប្រកាស​ឱ្យ​បិទតូប​លក់​ស្រា​នេះ ហើយ​បានឱ្យ​ប្រមូល ហើយ​ហាមឃាត់​លក់​បន្តទៀត ព្រោះ​ខ្លាច​គ្រោះថ្នាក់​ដល់​អាយុជីវិត​របស់​ពលរដ្ឋ​»៕