ភ្នំពេញៈ សត្វតោ​ឈ្មោល​ ១ ​ក្បាល​អាយុ​ជាង​ ១ ​ឆ្នាំ ដែល​ទើប​ត្រូវបាន​ដកហូត​ពី​ជនជាតិ​ចិន​មួយរយៈ​ត្រូវ​បាន​ប្រគល់​ត្រឡប់​ឱ្យទៅ​ម្ចាស់​ចិញ្ចឹម​វិញ បន្ទាប់ពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេច​អនុញ្ញាត ដោយ​ភ្ជាប់​នឹង​លក្ខខណ្ឌ​មួយចំនួន ដើម្បី​ធានា​សុវត្ថិភាព​ដល់​មនុស្ស​។

សត្វតោ​ឈ្មោល​នេះ​ត្រូវ​បាន​ម្ចាស់​ជា​ជនជាតិចិន​ទៅ​ទទួល​យក​វិញ​ដោយផ្ទាល់​នៅ​មជ្ឈមណ្ឌល​សង្គ្រោះ​សត្វព្រៃ​ភ្នំ​តាម៉ៅ ដឹក​តាម​ឡាន​ផ្ទាល់ខ្លួន ត្រឡប់​មកផ្ទះ​វិញ នៅក្នុង​សង្កាត់​បឹងកេងកង​ ១ រាជធានី​ភ្នំពេញ​ពី​ម្សិលមិញ ដោយ​ម្ចាស់​ក៏​ត្រូវ​បាន​រួច​ពី​ការពិន័យ​ផ្សេងៗ​ក្នុង​អំពើ​ល្មើស​នៃ​ការលួច​ចិញ្ចឹម​សត្វតោ ដោយ​គ្មាន​ការអនុញ្ញាត​ផងដែរ​។

លោកនាយក​រដ្ឋមន្ត្រី​បាន​​សរសេរ​នៅលើ​ហ្វេសប៊ុក​របស់លោក​កាលពី​យប់​ថ្ងៃទី​ ៤ ​កក្កដា​ថា​៖ «​ក្រោយ​ក្តាប់បាន​រឿង​សត្វតោ​ល្ងាច​នេះ (​ថ្ងៃទី ៤) ខ្ញុំ​បាន​ពិភាក្សា​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម និង​បាន​ឯកភាព​គ្នា​ថា អនុញ្ញាត​ឱ្យ​ម្ចាស់​យកទៅ​ចិញ្ចឹម​វិញ​ក្នុង​លក្ខខណ្ឌ​ម្ចាស់​ត្រូវធ្វើ​ទ្រុង​ឱ្យបាន​ត្រឹមត្រូវ ដើម្បី​ធានា​សុវត្ថិភាព​ទាំង​មនុស្ស​ក្នុងផ្ទះ និង​អ្នករស់នៅ​ជិតខាង​»​។

ក្រៅពី​ផ្តល់​ការអនុញ្ញាត​យ៉ាងដូច្នេះ​លោកនាយក​រដ្ឋមន្ត្រី​ក៏​បាន​សម្តែង​ការអរគុណ​ទៅ​ដល់​បងប្អូន​ជនរួមជាតិ​ទាំង​ក្នុង និង​ក្រៅ​ប្រទេស ដែល​បាន​ផ្តល់យោបល់ និង​អាណិត​ដល់​សត្វតោ​ ១ ​ក្បាល​នេះ ដោយបាន​ធ្វើការ​បកស្រាយ​ទៅនឹង​សំណួរ​ជាច្រើន នៅតាម​បណ្តាញ​សង្គម​ជុំវិញ​ការសម្រេចចិត្ត​ផ្តល់​សិទ្ធិ​ចិញ្ចឹម​ឱ្យ​ម្ចាស់​តោ​វិញ​។

ក្នុង​ឃ្លា​មួយ​ដែល​លោក​បាន​ឆ្លើយ​ទៅនឹង​គណនី​ដែល​ទំនង​កាន់​ដោយ​ម្ចាស់​សត្វតោ​ផ្ទាល់​បាន​សរសេរថា​៖ «​នេះ​ជា​ករណី​ពិសេស ដោយ​លោក​បាន​ចិញ្ចឹម​តោ​នេះ​តាំងពី​តូច​រហូត​ធំ ដែល​តោ​នេះ​ប្រៀប​ដូចជា​សមាជិក​គ្រួសារ​ទៅហើយ ទើប​អនុញ្ញាត​ជា​ករណី​ពិសេស​ឱ្យ​លោក​យកទៅ​ចិញ្ចឹម​វិញ​។ ដូច​ការបញ្ជាក់​របស់​ខ្ញុំ​សូម​លោក​ធ្វើ​ទ្រុង​ឱ្យ​បាន​ល្អ​ ដើម្បី​សុវត្តិភាព​មនុស្ស​ក្នុងផ្ទះ​ និង​អ្នករស់នៅ​ជិតខាង និង​ក៏ត្រូវ​គិតដល់​សុខភាព​តោ​ផងដែរ​»​។

កាលពី​ថ្ងៃទី ២៦ ខែ មិថុនា ឆ្នាំ​ ២០២១ រដ្ឋបាល​ព្រៃឈើ​រាជធានី​ភ្នំពេញ​តាម​បញ្ជា​របស់​ព្រះរាជអាជ្ញា​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ចុះ​រឹបអូស​យក​សត្វតោ​ ១ ​ក្បាល​នេះ​នៅផ្ទះ​លេខ​ ២២ ផ្លូវ ​៣០៦ សង្កាត់​បឹងកេងកង ខណ្ឌ​បឹងកេងកង​តាម​បណ្តឹង​របស់​អ្នកជិតខាង និង​អ្នក​ទេសចរ​បរទេស​។ សត្វតោ​នោះ​មាន​អាយុ​ ១៨ ​ខែ និង​មាន​ទម្ងន់ ៧០ គីឡូក្រាម ហើយ​ក្រោយ​ការដក​ហូត ក្រុម​ជួយ​សង្គ្រោះ​បាន​បញ្ជូន​សត្វតោ​នេះ​ទៅកាន់​មជ្ឈមណ្ឌល​សង្គ្រោះ​សត្វព្រៃ​​ភ្នំ​តាម៉ៅ​។

លោក វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​បាន​សរសេរ​នៅលើ​ហ្វេសប៊ុក​របស់លោក​នៅ​ថ្ងៃទី ៤ កក្កដា ដោយបាន​បកស្រាយ​បន្ថែម ពីអ្វី​ដែល​លោកនាយក​រដ្ឋមន្ត្រី​បាន​សម្រេច​យ៉ាង​ដូច្នេះ​ថា​៖ «​តម្រូវឱ្យ​ម្ចាស់​នោះ​មាន​កិច្ចសន្យា​ដែលមាន​បំពេញ​លក្ខខណ្ឌ​គ្រប់គ្រាន់​ទាក់ទង​ទៅនឹង​បច្ចេកទេស​នៃ​ការចិញ្ចឹម​ដែល​មាន​លក្ខណៈ​សមស្រប​តាម​បទដ្ឋាន​បច្ចេកទេស បរិស្ថាន​រស់នៅ​នៃ​សត្វតោ និង​ប្រកបដោយ​សុវត្ថិភាព​មិន​ឱ្យមាន​ហានិភ័យ​ដល់​អ្នកថែរក្សា និង​អ្នកជិតខាង​»​។

បើទោះជា​មាន​ការគាំទ្រ​ចំពោះ​ការអនុញ្ញាត​នេះ​ជាច្រើន ក៏មាន​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេសប៊ុក​មួយចំនួន​បាន​បង្ហាញ​ការសោកស្តាយ និង​បាន​លើកឡើង​ថា សត្វព្រៃ គួរតែ​ត្រូវបាន​ឱ្យទៅ​រស់នៅ​ក្នុងព្រៃ​។

គណនី​ហ្វេសប៊ុក​មួយ​មាន​ឈ្មោះថា Yaya Chheng បាន​សរសេរ​ដោយ​សុំឱ្យ​លោកនាយករដ្ឋមន្ត្រី​ពិចារណា​ម្តងទៀត​ក្នុង​ការសម្រេច​យ៉ាង​ដូច្នេះ​។ គណនី​នេះ​បាន​បញ្ចេញមតិ​ថា​៖ «​ជម្រាបសួរ​លោក​ពុក ការពិត​ទៅ​ពពួកសត្វ​សាហាវ​បែប​ហ្នឹង មិន​គួរ​ចិញ្ចឹម​ក្នុងផ្ទះ​ឡើយ​។ មាន​ករណី​ជនជាតិ​គេ​ស្លាប់ ដោយសារ​សត្វ​ចិញ្ចឹម​បែប​ហ្នឹង​ច្រើន​ហើយ​លោក​ពុក ព្រោះ​ទោះបីជា​យ៉ាងណា​ក៏​វា​ជា​សត្វ​គួរ​ឱ្យ​ខ្លាច​ដែរ​»​។

យោងតាម​ច្បាប់​ស្តីពី​ព្រៃឈើ​មាត្រា ៤៩ ចែងថា ការយក​ធ្វើ​ជា​កម្មសិទ្ធិ សន្និធិ ឬ​ថែរក្សា​ជា​លក្ខណៈ​សួនសត្វ ឬ​គ្រួសារ​នូវ​ប្រភេទ​សត្វ​ក្នុង​ក្រុម​ជិត​ផុត​ពូជ ត្រូវ​បាន​ហាមឃាត់ ហើយ​ច្បាប់​ស្តីពី​តំបន់​ការពារ​ធម្មជាតិ​មាត្រា ៥៨ ការនាំ​ចូល-នាំចេញ​ប្រភេទ​សត្វ រុក្ខជាតិ និង​គ្រាប់​រុក្ខជាតិ​ត្រូវ​ស្នើសុំ​ច្បាប់​អនុញ្ញាត​។

លោក Nick Marx នាយកប្រតិបត្ដិ​អង្គការ​សម្ព័ន្ធ​មិត្ដសត្វព្រៃ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ នៅ​ថ្ងៃទី​ ៥ កក្កដា​ថា សត្វព្រៃ​គួរណាស់​តែ​ត្រូវមាន​សេរីភាព និង​រស់នៅ​ក្នុងព្រៃ​។ លោក​គ្រាន់តែ​សង្ឃឹមថា ប្រទេស​កម្ពុជា​នឹង​អនុវត្ត​ទៅតាម​ច្បាប់ និង​ការពារ​ព្រៃសត្វ​ព្រៃឈើ​ឱ្យ​បាន​គង់វង្ស ចៀសវាង​មាន​ការបង្កើត​ជា​បទល្មើស​ជួញដូរ​សត្វព្រៃ ខណៈ​ការដាក់​អន្ទាក់ និង​ការចាប់​សត្វព្រៃ​នៅក្នុង​ប្រទេស នៅតែ​មាន​សម្ទុះ​ខ្លាំងក្លា​។

លោក​បញ្ជាក់ថា​៖ «​សម្រាប់​ខ្ញុំ ការពារ​សត្វព្រៃ ការពារ​ព្រៃ ឱ្យ​សត្វ​វា​រស់នៅ​ក្នុងព្រៃ គឺ​ល្អ​ជាង ការចិញ្ចឹម​នៅក្នុង​ផ្ទះ​»៕