ភ្នំពេញៈ ឧបករណ៍​តេស្តរហ័ស​អង់ទីហ្សែន​កូវីដ​ ១៩ (Covid-19 Rapid Antigen Test) ត្រូវបាន​ផ្តល់ជូន​ជា​អាទិភាព​ដំបូង​សម្រាប់​ក្រុមហ៊ុន​ ឬ​ស្ថាប័ន​ណា​ដែលមាន​បុគ្គលិក​ច្រើន និង​កំពុង​ប្រឈម​នឹង​ហានិភ័យ​ខ្ពស់​ ហើយក៏​សម្រាប់តែ​គ្រួសារ​មួយចំនួន​តូច​ដែលមាន​តម្រូវការ​បន្ទាន់​ខ្លាំង​តែប៉ុណ្ណោះ​។ នេះ បើតាម​មន្ត្រី​នៃ​ក្រសួង​ប្រៃសណីយ៍​ពី​ម្សិលមិញ​។

បន្ទាប់ពី​ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍ ប្រកាស​ពី​ការលក់​ឧបករណ៍​តេស្ត​រហ័ស​អង់ទីហ្ស៊ែន​កូវីដ​ ១៩ កាល​ទី​ ១ កក្កដា ដែលមាន​ការអនុញ្ញាត​ពី​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន រួចមក​ឧបករណ៍​តេស្តរហ័ស​ជិត​ ២៧ ​ម៉ឺន​ត្រូវបាន​ក្រុមហ៊ុន​ធំៗ​ជាង​ ៧០០ ​ធ្វើសំណើ​ទិញ​ឧបករណ៍​នេះ​ពី​ក្រសួង​។

លោក​ ម៉ុក រ៉ាឌី អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​បាន​ឱ្យដឹងថា គិត​ត្រឹម​ល្ងាច​ថ្ងៃទី​ ៤ ខែកក្កដា ក្រសួង​បាន​លក់​ឧបករណ៍​តេស្តរហ័ស​អង់ទីហ្ស៊ែន​កូវីដ​ ១៩ បាន​ចំនួន​ ៤៦ ៦៧៥ ​តេស្ត ទៅដល់​ក្រុមហ៊ុន​ចំនួន​ ២១០ ​ក្រុមហ៊ុន​ស្ថាប័ន​។ ការលក់​នេះ គឺ​ក្នុងចំណោម​សំណើ​ទិញ​ចំនួន​ ៧៤៥ ​សំណើ​ ដែល​គិត​ជា​បរិមាណ បញ្ជា​ទិញ​ឧបករណ៍​សរុប​មាន​ចំនួន​រហូតដល់ ២៦២ ៧៧៥​។

លោក​ ម៉ុក រ៉ាឌី ថ្លែងថា​៖ «​ក្រសួង​បានផ្ដល់​អាទិភាព​ដល់​ទីតាំង​ដែលមាន​បុគ្គលិក​ច្រើន និង​កំពុង​ប្រឈម​ហានិភ័យ ឬ​មានការ​ពាក់ព័ន្ធ​នឹង​ករណី​ជំងឺ​កូវីដ​ ១៩​។ ក្រសួង​នឹង​ធ្វើការ​ដោះស្រាយ​សំណើ​ទិញ​ផ្សេងទៀត​ស្របតាម​អាទិភាព​ខាងលើ​ជា​បន្តបន្ទាប់ ទៅតាម​បរិមាណ​ស្តុក​របស់​ឧបករណ៍​ដែល​នៅ​សល់ និង​នាំចូល​បន្ថែម​»​។

មន្ត្រី​រូបនេះ​បញ្ជាក់ថា​៖ «​មានគ្រួសារ​មួយចំនួន​មាន​ការបន្ទាន់​ខ្លាំង​ ដោយសារ​ការប៉ះពាល់​ផ្ទាល់​នឹង​អ្នក​កូវីដ ក៏​យើង​លក់​ជូន​ពួកគាត់​ដែរ ប៉ុន្តែ​មាន​ភាគតិច​តែប៉ុណ្ណោះ ដែល​យើង​បាន​ដោះស្រាយ​ជូន​គាត់​»​។

កាលពី​ថ្ងៃទី​ ១ កក្កដា ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​បាន​ចេញ​សេចក្តីប្រកាស​ដល់​ថ្នាក់ដឹកនាំ ឬ​ម្ចាស់​ក្រុមហ៊ុន សហគ្រាស រោងចក្រ ស្ថាប័ន​ពាក់ព័ន្ធ ដូចជា គ្រឹះស្ថាន​ហិរញ្ញវត្ថុ និង​ទីតាំង​ប្រមូលផ្តុំ​ដែលមាន​ការគ្រប់គ្រង​ទាំងអស់​ប្រាប់​ពី​ការនាំចូល​ឧបករណ៍​តេស្តរហ័ស​អង់ទីហ្ស៊ែន​កូវីដ​ ១៩ (Covid-19 Rapid Antigen Test) ពី​ប្រទេស​កូរ៉េ ដើម្បី​ចែកចាយ​បន្ត​ក្នុងតម្លៃ​ដើម​ ៣,៧ ​ដុល្លារ អាមេរិក ក្នុង​ ១ ​ឧបករណ៍​។

ក្រសួង​បញ្ជាក់ថា ឧបករណ៍​តេស្ត​រហ័ស​នេះ​នឹង​ត្រូវ​លក់​ជូន​ក្នុង​គោលដៅ​យកទៅ​ប្រើប្រាស់​តែប៉ុណ្ណោះ ដោយ​មិនត្រូវ​យកទៅលក់​បន្តទៀត​ឡើយ​។

ទាក់ទង​នឹង​ការប្រើប្រាស់​តេស្តរហ័ស​នេះ​ផងដែរ លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ក្នុងការ​ថ្លែង​សារ ពិសេស​កាលពី​ថ្ងៃទី​ ១ កក្កដា ក៏បាន​អំពាវនាវ​ដល់​ក្រុមហ៊ុន​ឯកជន​ទាំងអស់​ត្រូវ​គ្រប់គ្រង​បុគ្គលិក​របស់​ខ្លួន ហើយ​ត្រូវធ្វើ​តេស្ត​រហ័ស ភ្លាមៗ​នៅពេល​មានការ​សង្ស័យ​ពាក់ព័ន្ធ​នឹង​វីរុស​កូវីដ​ ១៩​។

លោក​ថ្លែងថា​៖ «​ក្រុមហ៊ុន ឬ​ស្ថាប័ន​ណា​ដែលមាន​បុគ្គលិក​អាចធ្វើ​ការបញ្ជាទិញ​ទុក ហើយ​ប្រសិនបើ​មានការ​អី មិនចាំបាច់​ហៅ​គ្រូពេទ្យ​ទៅ​ទេ ដោយសារ​វា​នឹង​ត្រូវការ​ពេលវេលា​យូរ​ដែល​អាចធ្វើឱ្យ​ការរីក​រាលដាល​ធំ​នៅក្នុង​ទីតាំង​នោះ​»​។

លោកស្រី ឱ វណ្ណឌីន អ្នក​នាំពាក្យ​ក្រសួងសុខាភិបាល ក៏បាន​លើកឡើង​ពី​ម្សិលមិញ​ដែរ​ថា ​ការប្រើប្រាស់​តេស្ត​រហ័ស​នេះ​ជា​មធ្យោបាយ​មួយ​ដើម្បី​វែក​រក​អ្នកមាន​វីរុស​កូវីដ​ ១៩ ​ឱ្យ​បាន​រហ័ស ដើម្បី​យក​គាត់​ដាក់​ព្យាបាល​ទាន់ពេលវេលា និង​ការពារ​កុំឱ្យ​អ្នកនោះ ចម្លង​ទៅដល់​អ្នក​ដទៃទៀត​៕