ភ្នំពេញៈ សមត្ថកិច្ច​បញ្ជូន​បុរស​ម្នាក់​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​រសៀល​ថ្ងៃទី​ ៥ ​កក្កដា ក្រោយ​ឃាត់ខ្លួន​បាន​ ២ ​ថ្ងៃ​ពាក់ព័ន្ធ​វាយ​នគរបាល​រឿង​ជិះ​ម៉ូតូ​មិន​ពាក់មួក​សុវត្ថិភាព​ប្រព្រឹត្ត​នៅក្នុង​ភូមិសាស្ត្រ​សង្កាត់​ទួលទំពូង​ ២ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។

លោក កែវ សារុន អធិការរង​ទទួល​ផែន​ការងារ​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ​ខណ្ឌចំការមន បាន​ឱ្យដឹង​នៅ​ថ្ងៃទី​ ៥ ​កក្កដា​ថា បុរស​សង្ស័យ​ឈ្មោះថា វុទ្ធី អាយុ​ ២៨ ​ឆ្នាំ ជា​កម្មករសំណង់ ស្នាក់នៅ​សង្កាត់​និរោធ ខណ្ឌច្បារអំពៅ រាជធានី​ភ្នំពេញ​។

លោក​ប្រាប់ថា​៖ «​ករណីនេះ​ជនសង្ស័យ​ត្រូវតែ​បញ្ជូន​ទៅ​តុលាការ​ហើយ​ ដោយសារ​តែ​ផុតកំណត់​នីតិវិធី​ ៤៨ ​ម៉ោង​នៃ​ការឃុំខ្លួន​។ ជនសង្ស័យ​ពាក់ព័ន្ធ​ប្រើ​ហិង្សា​បង្ក​របួសស្នាម​វាយ​សមត្ថកិច្ច​។ លោក​អធិការរង​រូបនោះ​មាន​ស្លាក​ស្លាម​តិចតួច​ដែរ​»​។

លោក សារុន ថ្លែងថា កាលពី​យប់​ថ្ងៃទី​ ៣ ​កក្កដា កម្លាំង​សមត្ថកិច្ច​នៃ​អធិការដ្ឋាន​ខណ្ឌចំការមន​បាន​ចុះ​ដាក់​ប៉ុស្តិ៍​ត្រួតពិនិត្យ​អាវុធជាតិផ្ទុះ និង​ធ្វើ​ការងារ​ចរាចរណ៍​នៅតាម​បណ្តាយផ្លូវ​ ២៧១ ​ក្នុង​ភូមិសាស្ត្រ​សង្កាត់​ទួលទំពូង​ ២ ដើម្បី​ពង្រឹង​សន្តិសុខ​ក្នុង​មូលដ្ឋាន​។

លោក​បន្តថា នៅ​យប់នោះ​កម្លាំង​សមត្ថកិច្ច​របស់លោក​កំពុង​អនុវត្ត​ការងារ ស្រាប់តែ​ជនសង្ស័យ​ឈ្មោះ ថា វុទ្ធី ​បាន​ជិះ​ម៉ូតូ ១ ​គ្រឿង​ម៉ាក ហុងដាឌ្រីម មាន​ស្លាក​លេខ​ភ្នំពេញ ១ID-2816 មកដល់​ចំណុច​គោលដៅ​ដែល​សមត្ថកិច្ច​កំពុង​ឆែកឆេរ​អ្នកដំណើរ​ហើយ​សមត្ថកិច្ច​ក៏បាន​ហៅ​ឱ្យ​ជនសង្ស័យ​ឈប់​ម៉ូតូ​។

ជនសង្ស័យ​មិន​ពាក់មួក​សុវត្ថិភាព​ទេ​ហើយ​សមត្ថកិច្ច​បាន​តម្រូវឱ្យ​គាត់​ធ្វើ​កំណត់ហេតុ​ដកហូត​វត្ថុតាង​ម៉ូតូ​ហើយ​គាត់​ក៏បាន​ធ្វើ​កំណត់ហេតុ​ព្រម​ទទួលស្គាល់​កំហុស​ផងដែរ​។ ដោយសារ​ជនសង្ស័យ​យល់ព្រម​ទទួលកំហុស​បែបនេះ​ទើប​សមត្ថកិច្ច​តម្រូវឱ្យ​គាត់​បង់ប្រាក់​ផាកពិន័យ តែ​ជនសង្ស័យ​មិន​ព្រម​បង់ប្រាក់​ផាកពិន័យ​ទេ​។

លោក សារុន បាន​ស្រង់​សម្តី​តាម​នគរបាល​រងគ្រោះ​ប្រាប់​ទៅ​ជនសង្ស័យ​ពេលនោះ​ថា​៖ «​នគរបាល​គេ​ចប់​ម៉ោង​ធ្វើ​ការងារ​ហើយ​មិនអាច​រង់ចាំ​បង​ (​ជនសង្ស័យ​) ​បាន​ទេ​។ ​បើ​បង​មិនទាន់​មាន​ប្រាក់​អាច​ទុក​ម៉ូតូ​នៅ​អង្គភាព​ខ្ញុំ​សិន​ក៏បាន​ហើយ​ពេលណា​បង​មាន​ប្រាក់​បង់ពិន័យ​គឺ​បង​ទៅយក​ម៉ូតូ​វិញ​ពេលណា​ក៏បាន​ដែរ​»​។

លោក​បញ្ជាក់ទៀតថា ដោយសារ​ដល់​ម៉ោង​កំណត់​ចប់​ភារកិច្ច​ហើយ​នោះ​សមត្ថកិច្ច​ត្រូវ​ប្រមូល​វត្ថុតាង​ដែល​នៅ​សេសសល់​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ចំការមន​ ដើម្បី​ដោះស្រាយ​គ្នា​ពេល​ក្រោយ​រួមទាំង​ម៉ូតូ​របស់​ជនសង្ស័យ​ផង​។

តែ​ជនសង្ស័យ​ប្រកែក​មិន​ព្រម​បង់ប្រាក់​ផាកពិន័យ​តាម​គោលការណ៍​ទេ​។ រីឯ​សមត្ថកិច្ច​របស់លោក​ក៏បាន​ធ្វើការ​ណែនាំ​ឱ្យ​គាត់​ទៅយក​ម៉ូតូ នៅ​អង្គភាព​អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន​។

តែ​ពេល​សមត្ថកិច្ច​លើក​ម៉ូតូ​របស់​ជនសង្ស័យ​ឡើងលើ​រថយន្ត​ស្រាប់តែ​គាត់​រារាំង​មិនឱ្យ​សមត្ថកិច្ច​លើក​ម៉ូតូ​របស់គាត់​ឡើងលើ​រថយន្ត​។ រហូត​មាន​ការប្រតាយប្រតប់​គ្នា​ហើយ​ជនសង្ស័យ​បាន​វាយ​ ១ ​ដៃ​បណ្តាល​ឱ្យ​លោក​អធិការរង​ម្នាក់​របួស​បែក​មាត់ និង​ធ្លាក់​បែក​វិទ្យុទាក់ទង​ ១ ​គ្រឿង​៕