ឧត្តរមានជ័យៈ នគរបាល​ប្រឆាំង​គ្រឿងញៀន ខេត្ត​ឧត្តរមានជ័យ​នឹង​បញ្ជូន​ជនសង្ស័យ​ប្រុស​ស្រី​ ៣ ​នាក់​ ទៅ​សាលាដំបូង​ខេត្ត​នៅ​ថ្ងៃទី​ ៦ ​កក្កដា​នេះ បន្ទាប់ពី​ចាប់ខ្លួន​ពួកគេ​ពីថ្ងៃ​ទី​ ៤ ​កក្កដា ​នៅ​ភូមិ-ឃុំ-ស្រុក​អន្លង់វែង ករណី​លួច​ដាំ​ដើម​កញ្ឆា​ចំនួន ១២ ៥០០ ​ដើម និង​រឹបអូស​កញ្ជាក្រៀម​បាន​ចំនួន​ ៣៦ ​គីឡូក្រាម​។

លោក ថោង សាមិ ស្នងការរង​ទទួល​ផែន​ការងារ​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ឧត្តរមានជ័យ​ប្រាប់​នៅ​រសៀល​ថ្ងៃទី​ ៥ ​កក្កដា​ថា ករណីនេះ​មាន​ជនសង្ស័យ​ ៣ ​នាក់​ (​ស្រី​ ២ ​នាក់​) ​ត្រូវ​សមត្ថកិច្ច​រៀបចំ​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​នៅ​ថ្ងៃទី​ ៦ ​កក្កដា​។

លោក​ថ្លែងថា​៖ «​ប៉ុន្តែ​ខ្ញុំ​មិនអាច​ប្រាប់​ឈ្មោះ​របស់​ពួកគេ​ទាំង​ ៣ ​នាក់​នេះ​បានទេ​ ព្រោះ​កំពុងស្ថិត​នៅក្នុង​នីតិវិធី​បញ្ជូនទៅ​តុលាការ​នៅឡើយ​។ ពួកគេ​នៅតែ​ជា​ជនសង្ស័យ​នៅឡើយ​ទេ​»​។

លោក ស៊ីម វណ្ណៈ អធិការនគរបាល​ស្រុក​អន្លង់វែង​ឱ្យដឹង​នៅ​រសៀល​ថ្ងៃទី​ ៥ ​កក្កដា​ថា កាលពី​ថ្ងៃ​ទី​ ៤ ​កក្កដា​ ដោយ​ទទួលបាន​សេចក្តី​រាយការណ៍​ពី​ប្រជាពលរដ្ឋ និង​ចុះ​ស្រាវជ្រាវ​ពី​សមត្ថកិច្ច​ជំនាញ​របស់លោក​ឃើញ​មាន​ករណី​លួច​ដាំ​ដំណាំ​កញ្ឆា​នៅ​ចំណុច​ភូមិ-ឃុំ-ស្រុក​អន្លង់វែង​ខុសច្បាប់​។ លោក​បាន​ដឹកនាំ​កម្លាំង​ចុះទៅ​ដល់​ទីតាំង​ខាងលើ​ហើយ​ពិនិត្យឃើញ​ថា ជនសង្ស័យ​បាន​លួច​ដាំ​កញ្ឆា​បន្លំ​ក្នុង​ចម្ការ​ស្វាយ នៅ​ចំណុច​ពាង ២ ស្ថិត​ក្នុង​ភូមិ-ឃុំ​ខាងលើ​។

ក្នុង​ការបង្ក្រាប​នោះ សមត្ថកិច្ច​បាន​ដុតបំផ្លាញ​ដើម​កញ្ឆា​ស្រស់​បាន​ចំនួន​ ១២ ៥០០ ​ដើម ដកហូត​កញ្ឆា​ក្រៀម​បាន​ចំនួន​ ៣៦ ​គីឡូក្រាម រថយន្ត​ ១ ​គ្រឿង គោយន្ត​កន្រៃ្ត ១ ​គ្រឿង និង​ឧបករណ៍​ផ្សេងៗ​មួយចំនួន​ទៀត​នៅក្នុង​ចម្ការ​នោះ​៕